៧ យ៉ាងដែលមនុស្សធម្មតាចូលចិត្តធ្វើ តែអ្នកមានមិនធ្វើ

1580

បើផ្អែកតាមបទពិសោធន៍របស់លោក Dan Lok គាត់បានបង្ហាញនូវចំនុច៧យ៉ាងដែលមនុស្សធម្មតា (ឬគាត់ហៅថាអ្នកក្រ) ចូលចិត្តធ្វើ ហើយបុគ្គលជោគជ័យឬអ្នកមានមិនចូលចិត្តធ្វើ។ ខាងក្រោមនេះគឺជាចំនុចទាំង៧ដែលក្រុមការងាររបស់ពួកយើងបានប្រែសម្រួលពីវីដេអូរបស់គាត់ ដោយមានបន្ថែមនូវអត្ថន័យខ្លះៗដើម្បីសម្របទៅតាមសង្គមរបស់យើងជាក់ស្ដែង។

១. ការកំសាន្ដ vs អានសៀវភៅ៖មនុស្សធម្មតាចូលចិត្តការកំសាន្ដដូចជាមើលទូរទស្សន៍ លេងហ្គេម លេងល្បែង ឬធ្វើអ្វីដើម្បីសប្បាយ ចំណែកឯអ្នកមានវិញភាគច្រើនគឺពួកគេចូលចិត្តអានសៀវភៅនិងធ្វើអ្វីដែលអាចបង្កើនចំណេះដឹងបាន។ ការសប្បាយសម្រាប់ពួកគេគង់តែមានទេ សំខាន់គឺត្រូវរកចំណេះណាដែលមានប្រយោជន៍មកដាក់ខ្លួនសិន។

២. ពេលវេលា vs លទ្ធផល៖ មនុស្សធម្មតាតែងតែទទួលបានប្រាក់តាមចំនួនម៉ោងដែលខ្លួនធ្វើការមិនថាខ្លួនធ្វើល្អឬមិនល្អទេ ចំណែកឯអ្នកមានវិញទទួលបានលុយនៅពេលដែលគេធ្វើអ្វីបានចេញជាផ្លែផ្កាហើយ។ ឧទាហរណ៍ បើគេមានគំនិតចង់លក់ទំនិញអ្វីមួយតែទំនិញនោះមិនល្អ ប្រាកដណាស់ថានឹងគ្មានអ្នកទិញហើយក៏គ្មានអ្នកណាអាណិតអ្នក ចំពោះពេលវេលា ឬកម្លាំងញើសឈាមដែលគាត់ចំណាយដើម្បីធ្វើអោយទំនិញនោះចេញរូបរាងដែរ អ្វីដែលគេអោយតម្លៃនោះគឺលទ្ធផលល្អឬមិនល្អ។

៣. ទម្លាក់កំហុសអោយគេ vs ទទួលខុសត្រូវខ្លួនឯង៖ មនុស្សធម្មតាចូលចិត្តទម្លាក់កំហុសអោយគេដូចជា រដ្ឋាភិបាល សេដ្ឋកិច្ច ចៅហ្វាយនាយ គ្រួសារ សង្គមដែលខ្លួនរស់នៅជាដើម…ចំពោះបញ្ហាដែលកើតឡើងក្នុងជីវិតរបស់ខ្លួនឬការបរាជ័យ។ រីឯអ្នកមានគិតថាបើជីវិតរបស់ខ្លួនមិនកើតនោះអ្នកទទួលខុសត្រូវធំបំផុតគឺខ្លួនឯង។ ពេលអ្នកទទួលខុសត្រូវចំពោះជីវិត នោះអ្នកនឹងមានឥទ្ធិពលក្នុងការកំណត់ទិសដៅជីវិត។

៤. សន្សំលុយ vs វិនិយោគ៖ មនុស្សធម្មតាសន្សំដើម្បីតែសន្សំ ខណៈដែលអ្នកមានគេមិនត្រឹមតែចេះសន្សំលុយទេថែមទាំងចេះយកលុយនោះទៅវិនិយោគបានត្រឹមត្រូវទៀត។ បើអ្នកមិនទាន់ចេះវិនិយោគទេគួរតែចាប់ផ្ដើមរៀនសូត្រពីវាឥឡូវនេះ ហើយកន្លែងដែលល្អបំផុតសម្រាប់ចាប់ផ្ដើមគឺអានសៀវភៅទាក់ទងនឹងការវិនិយោគ។

៥. ចេះអស់ហើយ vs រៀនជាប់ជានិច្ច៖ មនុស្សធម្មតាគិតថាខ្លួនចេះច្រើនជាងគេ ហើយចូលចិត្តផ្ដល់គំនិតរបស់ខ្លួនមិនថាក្នុងការរកស៊ី នយោបាយ សង្គម សេដ្ឋកិច្ច។ ខុសពីអ្នកមានដែលចូលចិត្តដាក់ខ្លួនហើយតែងតែស្ដាប់យោបល់និងគំនិតថ្មីៗ ចូលចិត្តសួរនូវអ្វីដែលខ្លួនមិនចេះ អានសៀវភៅ និយាយរួមគឺធ្វើយ៉ាងណាអោយតែខ្លួនអាចបង្កើនចំណេះដឹងល្អៗបាន…។

៦. លុយជាឬសគល់នៃអំពើអាក្រក់ vs ការអត់លុយជាឬសគល់នៃអំពើអាក្រក់៖ អ្នកតែងតែលឺថាលុយគឺជាប្រភពនៃអំពើអាក្រក់ដែលមនុស្សទូទៅតែងតែនិយាយ។ ផ្ទុយទៅវិញអ្នកមានគិតថាការខ្វះលុយគឺជាប្រភពនៃអំពើអាក្រក់។ យើងអាចសាកមើលតំបន់អនាធិបតេយ្យ ហើយប្រៀបធៀបទៅនឹងតំបន់ដែលអ្នកមានរស់នៅ តើកន្លែងណាដែលសំបូរបញ្ហាដូចជាការឆក់ប្លន់ ការប្រើប្រាស់គ្រឿងញៀន ឬល្បែងស៊ីសងជាដើម។ លុយគឺជាវត្ថុមួយដែលនៅកណ្ដាល អ្នកដែលធ្វើអោយលុយក្លាយទៅជារបស់ល្អឬអាក្រក់បានគឺអ្នកប្រើប្រាស់ទេទើបជាអ្នកសម្រេច។

៧. រងចាំសំណាង vs ធ្វើដោយខ្លួនឯង៖ មនុស្សមួយចំនួនគិតថាដើម្បីអាចមានបានលុះត្រាតែខ្លួនមានសំណាងដូចជាឈ្នះឆ្នោតឬល្បែងអញ្ចឹង ចំណែកឯអ្នកមានវិញជឿថាខ្លួនអាចជោគជ័យបានឬមិនបានអាស្រ័យទៅនឹងសកម្មភាពធ្វើការរបស់ខ្លួនឯងផ្ទាល់ ដោយមិនបាច់រងចាំសំណាងឡើយ៕

ផ្ទាំងឃោសនាពាណិជ្ជកម្ម
ខ្ញុំគឺជាជំនួយការសរសរអត្ថបទរបស់ apamat.com។ ខ្ញុំចូលចិត្តការងារនេះព្រោះខ្ញុំអាចសរសេរអត្ថបទទាក់ទងនឹង ការធ្វើជំនួញដើម្បីអ្នកអានគ្រប់គ្នា។ ខ្ញុំសង្ឃឹមថាអ្នកទាំងអស់គ្នានឹងក្លាយទៅជាអ្នកជំនួញជោគជ័យ ព្រោះនាពេល អនាគតបញ្ហារបស់ពិភពលោកភាគច្រើននឹងត្រូវបានដោះស្រាយដោយអ្នកជំនួញ។