ហេតុអ្វីស្នេហាដំបូង​ ( First Love) ច្រើនតែបរាជ័យ?

1247

មានមនុស្សច្រើនណាស់ដែលធ្លាប់ខកចិត្តយ៉ាងខ្លាំងលើស្នេហាលើកដំបូងរបស់ពួកគេ។ បើមិនជឿទេសាកសួរមិត្តរបស់អ្នក ឬអ្នកស្គាល់គ្នាលមើល តើពិតឬមិនពិត? ស្នេហាដំបូងជាស្នេហាដែលយើងដាក់ការសង្ឃឹមខ្ពស់ថានឹងអាចរស់នៅជាមួយគ្នារហូត។ វាជាស្នេហាដែលយើងដាក់ទាំងអស់នូវក្តីស្រលាញ់ ការយកចិត្តទុកដាក់ និងការតាំងចិត្ត។ ដោយសារតែយើងបានលះបង់ច្រើនគួបផ្សំនឹងសង្ឃឹមច្រើនផងទើបការប្រះឆានៃស្នេហាដំបូងរបស់យើងប៉ះពាល់ដល់អារម្មណ៍យ៉ាងខ្លាំង រហូតដល់វាក្លាយជាការចងចាំមិនអាចបំភ្លេចបាន។ ពេលខ្លះវាក៏អាចជាហេតុផលដែលអ្នកមិនចង់ចាប់ផ្តើមជាមួយអ្នកថ្មីទៀត។ ការពិតការបរាជ័យលើស្នេហាមួយនេះមិនមែនជាកំហុសរបស់អ្នកណាម្នាក់អោយពិតប្រាកដនោះទេ ប៉ុន្តែវាមានហេតុផលមួយចំនួនទៀត។ ហេតុផលដែលនាំអោយឈានដល់ការបាក់បែកនោះមានដូចជា៖ វ័យ ការគិត មិនយល់ពីគ្នា និងកតព្វកិច្ច។

 

ស្នេហាដំបូងភាគច្រើនកើតឡើងនៅអាយុចន្លោះពី 14-18 ឆ្នាំ។ ក្នុងកំឡុងវ័យនេះជាវ័យដែលចង់ដឹងចង់លឺនិងចង់សាក ដូច្នេះការមានស្នេហាដំបូងរបស់អ្នកគ្រាន់តែជាការចង់ទទួលបានអារម្មណ៍ស្នេហារបៀបណាមួយប៉ុណ្ណោះ។ ម្យ៉ាងវិញទៀត នៅក្នុងរយៈពេលនោះជាវ័យដែលអ្នកស្ថិតនៅក្នុងបរិបទមួយដែលអ្នកជុំវិញខ្លួនសុទ្ធតែមានសង្សារ ដូច្នេះអ្នកក៏ចង់មានដែរ។ នៅពេលដែលអាយុនៅតិចពេក អ្នកមិនទាន់មានការតាំងចិត្តនិងពុះពារអោយពិតប្រាកដនោះទេ ព្រោះការស្រលាញ់របស់អ្នកអាចទទួលឥទ្ធិពលច្រើនពីបរិបទជុំវិញខ្លួន។ ដោយសារតែខ្វះភាពច្បាស់លាស់បែបហ្នឹងហើយ ទើបស្នេហាទីមួយរបស់អ្នកបរាជ័យ។

ក្រៅពីខ្វះការតាំងចិត្តជាក់លាក់មួយហើយ នៅមានការគិតមួយទៀតនាំអោយអ្នកបរាជ័យក្នុងស្នេហាលើកដំបូង។ អ្នកចូលចិត្តគិតច្រើនតែម្នាក់ឯង។ តាមពិតអ្នកស្រលាញ់គេយ៉ាងខ្លាំង ហើយចង់ច្បាស់លាស់ជាមួយគេណាស់ ប៉ុន្តែអ្នកចូលចិត្តពិចារណាពីចំណុចមិនអាច”​ ច្រើនជាងអាច ធម្មតាទេ អាយុនៅតិច ការពិចារណាក៏នៅក្មេងខ្ចីដែរ។ អ្នកបានគិតយ៉ាងវែងឆ្ងាយពីភាពមិនអាចទៅរួចរវាងអ្នកនិងគេទាំងដែលអនាគតនៅសែនឆ្ងាយហើយអ្នកយកតែការគិតរបស់ខ្លួនមកសម្រេចចិត្ត។

ចំណុចមួយសំខាន់ក្នុងជីវិតស្នេហាគឺ ការមិនព្រមបើកចិត្តយល់ពីគ្នាទៅវិញទៅមក។ មិនថាក្នុងនាមជាសង្សារ ឬប្តីប្រពន្ធនោះទេ បើពួកគេមិនព្រមយល់ពីគ្នានោះទេ ថ្ងៃណាមួយនឹងបែកបាក់គ្នា។ តាមពិតទៅគ្រាន់តែស្រលាញ់គ្នាស្មោះ មិនទាន់គ្រប់គ្រាន់នោះទេបើគូស្នេហ៍មិនព្រមយល់ពីគ្នាទៅវិញទៅមក។ ការយល់ពីគ្នាសំដៅលើការមិនយល់ពីអារម្មណ៍គ្នា មិនដឹងថាដៃគូចង់បានអ្វី ចូលចិត្តអ្វី ឬយល់តែអារម្មណ៍ខ្លួនឯងជាដើម។ ទោះជាស្នេហានោះចាប់ផ្តើមដោយភាពផ្អែមល្ហែមយ៉ាងណាក៏ដោយ វានិងលែងមានន័យអ្វីទាំងអស់នៅពេលដែលគូស្នេហ៍ចាប់ផ្តើមលែងចេះយល់ពីគ្នា។

បន្ថែមពីនេះទៀត កតព្វកិច្ចក៏ជាមូលហេតុសំខាន់មួយដែរ។ ពេលដែលយើងនៅក្មេង អ្វីដែលឳពុកម្តាយរំពឹងខ្លាំងជាងគេមកលើយើងគឺការសិក្សាដូច្នេះហើយដើម្បីអោយគាត់សប្បាយចិត្តយើងមានតែខិតខំរៀនសូត្រ។ ម្យ៉ាងវិញទៀត យើងក៏នៅមិនទាន់ឯករាជ្យទាំងផ្នែកហិរញ្ញវត្ថុ និងចិត្តគំនិតនៅឡើយ។ យ៉ាងណាមិញ ចាស់ៗតែងតែយល់ថាអោយតែមានស្នេហាគឺរៀនមិនចូលទេ ដូច្នេះហើយទើបពេលពួកគាត់ដឹងថាកូនៗមានសង្សារគឺមិនបានទេ។ ដោយហេតុថាខ្លាចរៀនមិនបានលទ្ធផលល្អផង និងធ្វើអោយប៉ាម៉ាក់មិនពេញចិត្តផង ទោះស្រលាញ់យ៉ាងណាក៏ត្រូវលះបង់ស្នេហានោះចោល។

ប្រសិនបើអ្នកជួបរឿងបរាជ័យក្នុងស្នេហាលើកដំបូង វាមិនមែនជារឿងចម្លែកនោះទេ។ អ្នកអាចឈឺចាប់ ឬស្តាយក្រោយចំពោះការសម្រេចចិត្តរបស់អ្នក ប៉ុន្តែឈប់គិតច្រើនទៀតទៅ។ បើអាច រៀនបើកបេះដូងទទួលយកអ្នកថ្មី។ បើអ្នកនៅតែងប់ងល់នឹងការឈឺចាប់ពីអតីតកាល តើមានពេលឯណាទៅសិក្សាពីអ្នកថ្មីថាតើគេល្អដូចអ្នកមុនឬអត់? ការចាប់ផ្តើមរបស់អ្នកអាចនឹងមិនល្អ ប៉ុន្តែវាជាបទពិសោធន៍ដ៏ល្អមួយសម្រាប់អ្នក៕

ផ្ទាំងឃោសនាពាណិជ្ជកម្ម
Hi readers, my name's Jing Chhing and I'm currently a junior student studying at IFL. Personally, my daily hobby is reading and reading business news provide me a massive understanding so I would love to share it to all of you too.