អតិថិជន៤ប្រភេទនិងរបៀបបញ្ចុះបញ្ចូលពួកគាត់

246

ដើម្បីអោយមុខជំនួញអ្នកដំណើរការទៅបាន ទាល់តែអ្នកពូកែខាងការលក់ផលិតផលឬសេវានោះទៅអោយអតិថិជនគោលដៅ។ គេបែងចែកអតិថិជនជាបួនក្រុមដោយម្នាក់ៗមានលក្ខណៈពិសេសរៀងៗខ្លួន ហើយនិងវិធីលក់អោយផ្សេងៗគ្នា។ អ្នកត្រូវចាំថាទោះបីជាមានការបែងចែកបួនដាច់ដោយឡែកពីគ្នាមែន តែអតិថិជនខ្លះមានចំនុចនីមួយលាយគ្នាខ្លះដែរ ហើយក្នុងនាមជាអ្នកលក់ទំនិញយើងត្រូវចេះបត់បែនតាមកាលៈទេសៈទើបអាចជោគជ័យក្នុងការបញ្ចុះបញ្ចូលពួកគាត់បាន។ ខាងក្រោមនេះគឺជាការបកស្រាយពីអត្តចរិតរបស់ក្រុមអតិថិជនទាំងបួននោះ។ 

១. អ្នកជាមេគេឬមានឋានៈធំ៖ មនុស្សប្រភេទនេះគឺជាអ្នកដែលមិនសូវចូលចិត្តការយកលេស មុឺងម៉ាត់និយាយមួយដឹងមួយ មានទំនុកចិត្តលើខ្លួនឯងខ្ពស់ ហើយបើសន្យាជាមួយគាត់ហើយត្រូវតែធ្វើអោយបាន។ ជាទូទៅគាត់ជាអ្នកមានឋានៈធំនៅក្នុងក្រុមហ៊ុនឬជាម្ចាស់អាជីវកម្មជាដើម ហើយអត្តចរិតរបស់គាត់ប្រភេទនេះហើយទើបអាចអោយគាត់ធ្វើការដែលមានទំនួលខុសត្រូវខ្ពស់បាន។ បើចង់ធ្វើអ្វីមួយគាត់តែងតែព្យាយាមធ្វើអោយបានសម្រេចហើយមិនស្ដាប់ហេតុផលរបស់អ្នកដែលធ្វើមិនបានឡើយ។ គាត់ជាមនុស្សមិនចូលចិត្តនិយាយលេងសើចច្រើន ហើយជាអ្នកដែលមានការទាមទារខ្ពស់ដោយផលិតផលដែលគាត់ចង់ទិញ ត្រូវមានគុណភាពល្អ តម្លៃសមរម្យ ហើយអាចផ្គត់ផ្គង់បានទាន់ពេល។ និយាយរួមគាត់ជាមនុស្សដែលយើងមើលទៅគឺមានអំណាចនិងធ្វើអោយគេគោរព។ វិធីទប់ទល់៖ ពេលជួបនិយាយជាមួយគាត់ត្រូវនិយាយអោយច្បាស់លាស់កុំនិយាយលេងពីនេះពីនោះច្រើនព្រោះគាត់មិនសូវចូលចិត្តឡើយអ្នកដែលរំខានពេលវេលារបស់គាត់។ ត្រូវចេះអោយច្បាស់ពីផលិតផលរបស់ខ្លួន និយាយដោយមានទំនុកចិត្ត និងមិនត្រូវបង្ខំគាត់អោយជ្រើសរើសយកផលិតផលឬសេវារបស់យើងឡើយព្រោះចំពោះគាត់ការធ្វើបែបនេះហាក់ដូចជាគិតថាគាត់មិនចេះសម្រេចចិត្តដោយខ្លួនឯង។ ចំនុចល្អរបស់គាត់គឺគាត់ជាអ្នកសម្រេចចិត្តលឿន បើពេញចិត្តហើយមិនរួញរាច្រើនទេ។

២. អ្នកវិភាគ៖ បើនិយាយពីមនុស្សប្រភេទនេះវិញគឺគាត់វិភាគនិងគិតគូរអោយបានល្អិតល្អន់បំផុតមុននឹងសម្រេចចិត្តធ្វើអ្វីមួយ ចំណែកឯការងារវិញគឺភាគច្រើនគឺជាអ្នកគណនេយ្យ វិស្វករឬការងារដែលដែលត្រូវការវិភាគច្រើន។ អ្វីដែលធ្វើអោយគាត់ទិញផលិតផលមួយគឺការវិភាគមើលពីប្រវត្តិរបស់ក្រុមហ៊ុន សញ្ញាប័ត្របញ្ជាក់ពីគុណភាពផលិតផលនោះ និយាយរួមអ្វីដែលគាត់ចង់បានគឺភស្ដុតាងដែលបង្ហាញថាផលិតផលនោះគឺពិតជាល្អមែន មិនចេះតែស្ដាប់តាមអ្នកលក់ប៉ុន្មានទេ។ គាត់មានលក្ខណៈស្រដៀងនឹងអតិថិជនទី១ដែរ គឺគាត់មុឺងម៉ាត់និងមិនសូវនិយាយច្រើនតែស្រាវជ្រាវពីអ្វីដែលគាត់ចង់បានច្រើន។ វិធីទប់ទល់៖ ពេលជួបលក់ផលិតផលអោយគាត់ត្រូវតែមានភស្ដុតាងបញ្ជាក់ដូចជាវិញ្ញាបនប័ត្រ ការចុះបញ្ជី ស្ថិតិ ពត៌មានលម្អិតទាក់ទងនឹងផលិតផល ឬការវាយតម្លៃរបស់អតិថិជនមុនៗជាដើម។ អតិថិជនប្រភេទនេះមានចំនុចល្អម្យ៉ាងគឺមុននឹងគាត់ចង់ទិញរបស់យើង ភាគច្រើនគាត់បានស្រាវជ្រាវពីផលិតផលនោះច្រើនលើកច្រើនសារហើយ ពេលខ្លះអាចដឹងពត៌មានច្រើនជាងអ្នកលក់ផងដែរ។ មុននឹងជ្រើសរើសយកផលិតផលយើងគាត់បានប្រៀបធៀបជាមួយផលិតផលដទៃ ហើយការមករកយើងគឺភាគច្រើនដើម្បីមកសាកពីចំណេះដឹងយើងទាក់ទងនឹងផលិតផល ហើយការមកនេះគឺសំដៅមកទិញតែម្ដងព្រោះគាត់បានវិភាគថាផលិតផលយើងល្អជាងផលិតផលដទៃទៀត។ តែត្រូវចាំថាមនុស្សប្រភេទគាត់អាចក្លាយទៅជាអតិថិជនល្អរបស់យើងបានលុះត្រាណាតែយើងច្បាស់ថាផលិតផលយើងពិតជាល្អតាមពាក្យនិយាយមែន។

៣. អ្នកមានចរិតចាស់ទុំ៖ គាត់ជាមនុស្សរម្យទម និយាយស្ដីមួយៗ យកគ្រួសារជាធំ និយាយស្ដីមានរបៀបរៀបរយ ហើយមានអ្នករាប់អានច្រើន។ យើងអាចសង្កេតមើលមនុស្សប្រភេទតាមតុធ្វើការរបស់គាត់មានរូបថតគ្រួសារ ឬអ្វីដែលតំណាងអោយក្រុមគ្រួសាររបស់គាត់។ មនុស្សគាត់គឺចូលចិត្តបង្កើតមិត្តជាជាងសត្រូវតែមុននឹងក្លាយទៅជាមិត្តរបស់គាត់គឺគិតពិចារណាល្អិតល្អន់ជាមុន ហើយអ្នកដែលអាចរកស៊ីជាមួយគាត់បានលុះត្រាតែជាមនុស្សប្រហាក់ប្រហែលនឹងគាត់ដែរ។ វិធីទប់ទល់៖ រៀបចំអាកប្បកិរិយានិយាយស្ដីរបស់អ្នកអោយបានសមរម្យ ហើយគោរពគាត់ ស្ដាប់គាត់និយាយដោយយកចិត្តទុកដាក់ បើអាចចូរសួរទាក់ទងឬសរសើរក្រុមគ្រួសារគាត់ព្រោះគាត់ចូលចិត្តអ្នកដែលអោយតម្លៃដល់គ្រួសាររបស់គាត់។ ពេលនិយាយរឿងផលិតផលវិញចូរផ្ដល់ឳកាសអោយគាត់បានបញ្ចេញយោបល់និងការយល់ឃើញរបស់គាត់ បើអ្នកដឹងពីនរណាម្នាក់ដែលគាត់ស្គាល់ហើយប្រើផលិតផលរបស់អ្នក ត្រូវប្រាប់អោយគាត់បានដឹងដើម្បីបង្កើនទំនុកចិត្តដល់គាត់។ ចំពោះមនុស្សប្រភេទនេះគឺពិបាកសម្រេចចិត្តរើសនៅពេលដំបូងបន្ដិចព្រោះគាត់មិនសូវចូលចិត្តសម្រេចចិត្តតែឯកឯងរងចាំយោបល់ខាងគ្រួសារ តែបើគាត់ចាប់ដៃរកស៊ីជាមួយហើយមានន័យថាគាត់មិនត្រឹមតែរកស៊ីទេតែគាត់ក៏រាប់អានយើងដែរ។

៤. អ្នកឡូយឆាយ៖ ពួកគាត់ចូលចិត្តប្រើរបស់ទាន់សម័យដោយអ្នកអាចសង្កេតតាមការស្លៀកពាក់ឆើតឆាយ ចូលចិត្តដើរលេង ចូលចិត្តគេសរសើរ និងបង្កើតមិត្តភក្កិ។ មនុស្សប្រភេទនេះខុសពីចំនុចខាងលើអ្នកធ្វើអោយគាត់ទាស់ចិត្តហើយទោះផលិតផលល្អយ៉ាងណាក៏មិនខ្ចីទិញ។ វិធីទប់ទល់៖ មនុស្សប្រភេទនេះគឺស្រួលលក់ទំនិញអោយ ព្រោះគាត់ភាគច្រើនផ្ដោតទៅលើទំនាក់ទំនងជាជាងផលិតផល។ ពេលទៅជួបគាត់កុំសូវមុឺងម៉ាត់ពេក ចេះនិយាយលេងពីនេះពីនោះខ្លះ ឬណែនាំកន្លែងដើរលេងសប្បាយៗអោយគាត់ គឺគាត់ច្បាស់ជាចូលចិត្តអ្នកមិនខាន។ ពេលគាត់ចូលចិត្តអ្នកហើយទោះផលិតផលលើសខ្វះតិចតួចក៏គាត់បិទភ្នែកម្ខាងបើកម្ខាងជួយទិញអ្នកដែរ៕

ផ្ទាំងឃោសនាពាណិជ្ជកម្ម
ខ្ញុំគឺជាជំនួយការសរសរអត្ថបទរបស់ apamat.com។ ខ្ញុំចូលចិត្តការងារនេះព្រោះខ្ញុំអាចសរសេរអត្ថបទទាក់ទងនឹង ការធ្វើជំនួញដើម្បីអ្នកអានគ្រប់គ្នា។ ខ្ញុំសង្ឃឹមថាអ្នកទាំងអស់គ្នានឹងក្លាយទៅជាអ្នកជំនួញជោគជ័យ ព្រោះនាពេល អនាគតបញ្ហារបស់ពិភពលោកភាគច្រើននឹងត្រូវបានដោះស្រាយដោយអ្នកជំនួញ។