គន្លឹះក្នុងការបង្កើតអាជីវកម្មកំឡុងពេលសិក្សាសម្រាប់សិស្សវិទ្យាល័យ និងសកលវិទ្យាល័យ

3065

ក្នុងពេលដែលអ្នកមានតួនាទីជាសិស្ស អ្នកច្បាស់ជាមានសល់ពេលទំនេរមួយចំនួនក្នុងឆ្នាំសិក្សានីមួយៗ មិនថាអ្នកជាសិស្សសាលាវិទ្យាល័យ ឬជានិសិត្សនៅសកលវិទ្យាល័យនោះទេ អ្នកសុទ្ធតែអាចបង្កើតអាជីវកម្មផ្ទាល់ខ្លួនដើម្បីទាញយកប្រាក់ចំណូលខ្លះជាជាងទុកពេលទំនេរចោល។អ្វីដែលសំខាន់នោះវាស្ថិតនៅត្រង់ថា តើអ្នកចេះគ្រប់គ្រងពេលវេលារបស់អ្នក ឬមួយអ្នកមានចិត្តចង់ធ្វើវាដែលឬអត់។ ប្រសិនបើអ្នកកំពុងចាប់អារម្មណ៏ចង់បង្កើតអាជីវកម្មផ្ទាល់ខ្លួនហើយនោះវាមិនពិបាកទេ ហើយអត្ថបទមួយនេះនឹងជួយផ្តល់ជាគន្លឹះមួយចំនួនដែលអ្នកអាចយកទៅអនុវត្តដើម្បីទទួលបាននូវលទ្ធផលល្អ។

១. ចូលរួមក្នុងកម្មវិធីសិក្ខាសាលា

សិក្ខាសាលាជាការធ្វើបទបង្ហាញមួយដែលជួយជំរុញផ្នត់គំនិតរបស់អ្នកអោយកាន់តែមានភាពទូលំទូលាយ។ ជាក់ស្តែងប្រសិនបើអ្នកមានចិត្តស្រលាញ់ ឬចង់ធ្វើអ្វីមួយ អ្នកគួរចំណាយពេលវេលារបស់អ្នកស្វែងយល់ពីវាអោយបានកាន់តែច្រើន។ ហើយវាមិនមែនជារឿងពិបាកទេក្នុងការស្វែងរកពីអ្វីដែលអ្នកត្រូវការ អ្នកអាចស្វែងរកវាតាមរយៈការសាកសួរពត៌មានទាក់ទងនឹងការធ្វើសិក្ខាសាលាដែលអ្នកចង់បានពីមិត្តភក្តិរបស់អ្នក សាលារៀន ក៏ដូចជាបណ្តាញទំនាក់ទំនងសង្គមនានា។

២. ប្រើប្រាស់បណ្តាញទំនាក់ទំនងសង្គមជាជំនួយ

សព្វថ្ងៃនេះបណ្តាញសង្គមគឺជាការពេញនិយមមួយសម្រាប់ការធ្វើអាជីវកម្មនានា ជាពិសេសគឺអ្នកលក់ឥវ៉ាន់លើ Onlineវាជាទីផ្សារមួយដែលមានភាពងាយស្រួលសម្រាប់ការផ្លាស់ប្តូរទំនិញ ឬសេវាកម្មនានាដោយមិនរើសទីតាំង ឬចំណាយពេលយូរ។ ជាឧទាហរណ៏ជាក់ស្តែងប្រសិនបើអ្នកពេញចិត្តនូវអាជីវកម្មផ្នែកលក់ អ្នកអាចបង្កើតជាទំព័រផ្ទាល់ខ្លួន ដោយជ្រើសរើសឈ្មោះ ក៏ដូចជារូបភាពដែលសាកសមទៅនឹងប្រភេទអាជីវកម្មរបស់អ្នក។

៣. រៀនជំនាញក្នុងការលក់

ផ្នែកលក់ គឺជាចំណុចសំខាន់បំផុតសម្រាប់នាំអាជីវកម្មអ្នកឆ្ពោះទៅរកភាពជោគជ័យ។ កំរិតនៃការលក់ផលិតផល ឬសេកម្មរបស់អ្នកគឺស្ថិតត្រង់ថ្វីមាត់របស់អ្នក។ វាជារឿងគ្រោះថ្នាក់បំផុតនៅពេលអ្នកធ្វើអាជីវកម្មខ្លួនឯងដោយខ្លួនអ្នកផ្ទាល់មិនចេះផ្សព្វផ្សាយពីវា។ដូចច្នេះហើយបើអ្នកដឹងខ្លួនថាអ្នកមិនសូវមានភាពប៉ិនប្រសព្វខាងផ្នែកលក់ អ្នកគប្បីសិក្សាពីវាបន្ថែមតាមរយៈការសិក្សាវគ្គខ្លីនៅសាលារៀន ប្រពន្ធអ៊ីនធឺណេត ជាពិសេសនោះគឺគេហទំព័ររបស់ Apamat.com ។ បន្ទាប់ពីអ្នកចេះវាហើយ ពេលទំនេរពីការសិក្សា យ៉ាងហោចណាស់ក៏អ្នកអាចរកចំណូលពីការលក់ទំនិញផ្សេងៗ ជាពិសេសលក់អចលនទ្រព្យ រថយន្ត គម្រោងលំនៅដ្ឋាន…។

៤. សិក្សាពីតម្រូវការរបស់អ្នកជុំវិញខ្លួន

ក្នុងករណីនេះវាជាចំណុចចាំបាច់ដែលអ្នកត្រូវយល់ពីសេចក្តីត្រូវការនិងចំណុចខ្វះខាតដែលអតិថិជនអ្នកចង់បាន។ ការធ្វើអាជីវម្មមួយជោគជ័យតម្រូវអោយអ្នកសិក្សាពីតម្រូវការអ្នកនៅជុំវិញខ្លួនអោយច្បាស់ជាមុនសិន មុននឹងសម្រេចចិត្តធ្វើវា។អ្នកអាចចាប់ផ្តើមធ្វើវាពីចំណុចតូចៗដូចជាសិក្សាពីចំណង់ចំណូលចិត្ត ក៏ដូចជាសេចក្តីត្រូវការរបស់សាមាជិកគ្រួសារអ្នក អ្នកជិតខាង មិត្តរួមថ្នាក់ និងមិត្តរួមសាលារៀនរបស់អ្នកជាដើម។ ឧទាហរណ៍ ដូចជាសព្វថ្ងៃយុវវ័យភាគច្រើនចូលចិត្តលេងម៉ូតទៅលើគ្រឿង​​អេឡិចត្រូនិចដូចជាទូរស័ព្ទដៃជាដើម ដូចនេះអ្នកអាចជ្រើសរើសយក Case ទូរស័ព្ទមកលក់ដើម្បីបំពេញនូវសេចក្តីត្រូវការរបស់ពួកគេ។ 

ដូចនេះហើយវាមិនមានភាពលំបាកទេប្រសិនអ្នកដាក់ចិត្តធ្វើអ្វីមួយ ហើយការដែលប្រកបអាជីកម្មក្នុងពេលកំពុងសិក្សាវាមិនមានផលប៉ះពាល់មិនល្អដល់ការសិក្សារបស់អ្នកឡើយ ផ្ទុយទៅវិញវាមានតែចំណុចល្អដែលអាចជួយអ្នកពេលដែលអ្នកបញ្ចប់ការសិក្សារបស់អ្នកនៅថ្ងៃក្រោយ។ ជាចុងក្រោយយើងសង្ឃឹមថាអ្នកនឹងទទួលបានអត្ថប្រយោជន៏ខ្លះដែលអ្នកចង់បានពីអត្ថបទមួយនេះ៕

ផ្ទាំងឃោសនាពាណិជ្ជកម្ម
I'm a freelance writer of APAMAT. Mostly, my articles are about youth, businesswomen, money and life. This moment, I'm also running my own business, an import and export company between China-Cambodia. I'm here because I love to share my experiences with you about both life and business. Enjoy!