គំនិតអាជីវកម្មអ៉ីនធើណែតល្អៗចំនួន 2 ដែលអ្នកអាចយកទៅអនុវត្តន៍នៅឆ្នាំ 2019

2578
Cr: Mad Monkey Hostels

គេហទំព័រ apamat.com ធ្លាប់បានលើកឡើងអំពីគំនិតអាជីវកម្មច្រើនមកហើយ ប៉ុន្តែថ្ងៃនេះ យើងសូមលើកយកគំនិតអាជីវកម្មបែបសេវាកម្មដោយប្រើអ៉ីនធើណិត មកជូនអ្នកអានទាំងអស់គ្នា។ 

 

១. គេហទំព័រលក់ទំនិញផលិតនៅក្នុងស្រុក (Made in Cambodia)

ផលិតផលផលិតក្នុងស្រុករាប់បញ្ចូលមានផលិតផលចំណីអាហារ និងរបស់ប្រើប្រាស់នានា។ មានគេហទំព័រលក់ទំនិញជាច្រើនដែលកំពុងតែ Online នៅកម្ពុជា ប៉ុន្តែមួយចំនួនទៀតបានបាត់ខ្លួនផងដែរ។ និយាយពីគេហទំព័រលក់ទំនិញក្នុងស្រុក ក៏ធ្លាប់មានគេហទំព័រស្រដៀងគំនិតអាជីវកម្មនេះ ប៉ុន្តែពួកគេសុទ្ធតែបរាជ័យអស់ហើយ។ ទោះជាយ៉ាងណា ប្រសិនបើលោកអ្នកចាប់អារម្មណ៍នឹងគំនិតនេះ យើងនិងណែនាំអ្នកគន្លឹះមួយចំនួន។ 

ការលក់ផ្តោតលើតែផលិតផលក្នុងស្រុកគឺជាតម្លៃពិសេសមួយ (Unique) ប៉ុន្តែតើធ្វើយ៉ាងណាដើម្បីឲ្យគេស្គាល់ និងទិញផលិតផលពីគេហទំព័ររបស់យើង? ចម្លើយគឺសាមញ្ញ រកអ្នកទីផ្សារដែលអាចទទួលខុសត្រូវលើគម្រោងទីផ្សារនៃគម្រោងនេះ ហើយយុទ្ធសាស្ត្រធ្វើទីផ្សារប្រទាក់ក្រឡាគឺជាយុទ្ធសាស្ត្រល្អបំផុតនៃគម្រោងមួយនេះ។ យុទ្ធសាស្ត្រនេះសំដៅលើការធ្វើទំនាក់ទំនងជាមួយម្ចាស់ផលិតផល និងសហគ្រាសទាំងអស់នៅក្នុងស្រុកទាំងការផ្សព្វផ្សាយ និងដៃគូយុទ្ធសាស្ត្រ។ 

ប្រជាជនខ្មែរមិនសូវទិញផលិតផលក្នុងស្រុកដោយសារតែគ្មានទំនុកចិត្តលើគុណភាព តើគួរធ្វើបែបណា? ចម្លើយគឺត្រូវបង្កើតស្តង់ដារមួយ និងមានក្រុមត្រួតពិនិត្យគុណភាពផលិតផល និងសង្វាក់ផលិតកម្ម។ វាអាចនឹងស្មុកស្មាញត្រង់នេះ ប៉ុន្តែបើអ្នកចាប់ផ្តើមពីតូច និងសន្សឹមៗ វាអាចនឹងងាយស្រួល។ ឧទាហរណ៍ថា អ្នកបង្កើតគេហទំព័រមួយឈ្មោះ A ហើយអ្នកបង្កើតស្តង់ដារបញ្ជាក់គុណភាពមួយដល់ម្ចាស់សហគ្រាសនៅក្នុងស្រុកដោយដាក់ឈ្មោះថា A Trust។ នៅពេលនោះអ្នកត្រូវធ្វើទីផ្សារចំពោះ A Trust ដើម្បីឲ្យមានមនុស្សកាន់តែច្រើនស្គាល់ និងទទួលស្គាល់ដោយក្រសួងពាក់ព័ន្ធនានា។ ដូច្នេះរាល់ផលិតផលដែលមានបិទស្លាក A Trust មានន័យថាផលិតផលនោះមានការត្រួតពិនិត្យស្តង់ដារត្រឹមត្រូវ អាចឲ្យអ្នកប្រើប្រាស់ទុកចិត្តបាន។ ធ្វើបែបនេះមិនត្រឹមតែចំណេញតែអ្នកនោះទេ ប៉ុន្តែក៏អាចជួយសេដ្ឋកិច្ចប្រទេសមួយកម្រិតធំផងដែរ។

តើអតិថិជនត្រូវបង់ប្រាក់ដោយរបៀបណា? អ្នកអាចទៅស្នើរសុំចាប់ដៃគូជាមួយក្រុមហ៊ុនទូរទាត់សាច់ប្រាក់តាមទូរស័ព្ទដៃនានាដូចជា Wing, Pipay, Payon… ។

ក្រៅពីចំណុចទាំងនេះ អ្នកក៏ត្រូវមានអ្នកបច្ចេកទេសគ្រប់គ្រងគេហទំព័រ មានប្រព័ន្ធដឹកជញ្ជូន មានឃ្លាំងស្តុក និងមានបច្ចេកវិទ្យាគ្រប់គ្រងទំនិញជាដើម។-ល-។

២. សេវាដឹកជញ្ជូន

LALAMOVE Company

សេវាដឹកជញ្ជូននៅក្នុងទីផ្សារកម្ពុជានាពេលបច្ចុប្បន្ននេះមាន សេវាដឹកជញ្ជូនអ្នកដំណើរ សេវាដឹកជញ្ជូនអាហារ និងសេវាដឹកជញ្ជូនទំនិញ។ មានក្រុមហ៊ុនដឹកជញ្ជូនធំៗមួយចំនួននៅកម្ពុជាកំពុងពង្រីកសេវាពីធ្លាប់តែដឹកអ្នកដំណើរ ឥឡូវមានបន្ថែមសេវាដឹកជញ្ជូនទំនិញតាមម៉ូតូដល់ទីតាំងអ្នកទទួលទៀតផង ហើយពួកគេកំពុងតែព្យាយាមអភិវឌ្ឍឲ្យសេវារបស់ពួកគេអាចប្រើនៅលើទូរស័ព្ទដៃបាន (App)។ សេវាដឹកជញ្ជូនទំនិញនិងមានទីផ្សារធំ ហើយប្រកួតប្រជែងខ្លាំង ព្រោះថាក្នុងពេលអនាគតប្រជាជនខ្មែរនឹងកាន់តែខ្ជិលចេញទៅទិញឥវ៉ាន់ ហើយចាប់ផ្តើមបញ្ជាទិញតាមអ៉ីនធើណែតវិញ ដូច្នេះការដឹកជញ្ជូនទំនិញនឹងមានតម្រូវការខ្ពស់។ គំនិតមួយនេះជាប់ទាក់ទងនឹងគំនិតទីមួយ ដែលជាទូទៅក្រុមហ៊ុនលក់ទំនិញតាមគេហទំព័រធំៗលើពិភពលោកសុទ្ធតែមានសេវាដឹកជញ្ជូនផ្ទាល់ខ្លួន។

apamat.com និងណែនាំគំនិតអាជីវកម្មថ្មីៗ និងល្អៗជាច្រើនទៀតដល់លោកអ្នកបន្ថែមទៀត៕

ផ្ទាំងឃោសនាពាណិជ្ជកម្ម
ខ្ញុំគឺជាអ្នកសរសេរអត្ថបទ និងអ្នកទីផ្សារឲ្យគេហទំព័រ apamat.com ហើយខ្ញុំក៏កំពុងធ្វើការជាអ្នកទីផ្សារឲ្យក្រុមហ៊ុនផ្សេងទៀតផងដែរ។ ខ្ញុំចូលចិត្តចែករំលែក ហើយខ្ញុំមកទីនេះគឺដោយសារខ្ញុំចង់ចែករំលែកអ្វីដែលខ្ញុំដឹងអំពីការធ្វើជំនួញ ជាមួយអ្នក។