មានមនុស្សជាច្រើនរកប្រាក់បានច្រើនតែមិនចេះគ្រប់គ្រងប្រាក់ទាំងនោះ ហើយការដែលយើងមិនចេះទុកដាក់ ឬបែងចែកនូវប្រាក់កាសទាំងនោះអោយបានត្រឹមត្រូវទេ អ្នកនឹងមិនអាចទទួលបានសេរីភាពផ្នែកហិរញ្ញឡើយ។ ខាងក្រោមនេះយើងនឹងធ្វើការបង្ហាញពីវិធីសាស្ត្រគ្រប់គ្រង និងសន្សំប្រាក់យ៉ាងមានប្រសិទ្ធភាព៖
១. កំណត់ពេលវេលាច្បាស់លាស់
ការកំណត់ពេលវេលាច្បាស់លាស់មិនត្រឹមតែជួយអ្នកអោយឆាប់មានសេរីភាពផ្នែកហិរញ្ញវត្ថុទេ តែវាថែមទាំងជួយអ្នកអោយក្លាយជាមនុស្សម្នាក់ដែលចេះគោរពពេលវេលានឹងមានគោលដៅច្បាស់លាស់ទៀតផង។ នៅពេលដែលអ្នកចង់បានអ្វីមួយអ្នកគួរកំណត់ពេលអោយបានច្បាស់លាស់ ជៀសវាងការចំណាយតាមចិត្តចង់បាន។ ជាឧទាហរណ៍ប្រសិនបើអ្នកចង់បានកាបូបថ្មី អ្នកគួរកំណត់ពេលវេលាដើម្បីទិញវាដូចជាក្នុងរយៈពេលមួយខែ ឬបីខែជាដើម ហើយប្រសិនបើអ្នកធ្វើបានដូចអ្វីដែលបានកំណត់នោះអ្នកនិងក្លាយជាមនុស្សដែលមានភាពជាម្ចាស់ការលើខ្លួនឯង និងពេលវេលា។
២. ទម្លាប់ដកទុក ១០% ថេរ
មុនពេលចំណាយអោយគេ ឬចំណាយទៅលើអ្វីផ្សេងៗ អ្នកគប្បីគិតពីខ្លួនឯងជាមុនសិន។ ការដែលយើងចេះមានទម្លាប់គិតគូក្នុងការសន្សំទុកនៃប្រាក់បៀវត្ស ឬប្រាក់ដែលបានមកពីប្រភពចំណូលផ្សេងៗបែបនេះវាជួយអោយយើងបង្កើតបានជាកញ្ចប់ថវិការមួយសម្រាប់យកទៅប្រើប្រាស់ជាប្រយោជន៏ដែលជួយអ្នកអោយឆាប់មានសេរីភាពផ្នែកហិរញ្ញវត្ថុ។ អ្នកអាចយកប្រាក់ដែលសន្សំបានពីការដកទុក១០%ជាប្រចាំនោះដើម្បីធ្វើការវិនិយោគ ទិញហ៊ុន និងអចលនទ្រព្យជាដើមដើម្បីទទួលបានចំណូលបន្ថែមពីលើទឺកប្រាក់គោលដែលយើងរកបានប្រចាំខែ។ ម្យ៉ាងវិញទៀតវាក៏ជាទម្លាប់ល្អមួយដែលអាចជួយជាទីពំណឹងនៅពេលអ្នកជួបបញ្ហាខ្វះខាតដែលត្រូវការថវិការបន្ទាន់ដូចជាបញ្ហាសុខភាពជាដើម។
៣. កំណត់គោលដៅអោយបានច្បាស់លាស់
ត្រង់ចំណុចនេះវាមានលក្ខណៈស្រដៀងគ្នាទៅនឹងចំណុចទីមួយដែរ តែវាខុសគ្នាត្រង់ថាអ្នកត្រូវបង្រួមគោលដៅរបស់អ្នកអោយមានភាពច្បាស់លាស់ និងលម្អិតជាងមុនបន្តិច។ ជាក់ស្តែងដូចជារឿងធម្មតាមួយចំនួនដែលអ្នកតែងគិតថាវាជាបញ្ហាតូចតាចនោះ ពេលខ្លះនៅពេលអ្នកទម្លាប់ធ្វើវាដដែលៗច្រើនដង វានឹងមិនក្លាយជារឿងធម្មតាតូចតាចដូចមុនឡើយ។ យើងនឹងលើកយកការដែលអ្នកទៅផ្សារទិញអីវ៉ាន់មកធ្វើជាការវិភាគក្នុងចំណុចនេះ តើអ្នកធ្លាប់ដែរឬទេ អ្នកមិនមានគម្រោងទៅផ្សារទេគ្រាន់តែចង់ជូនមិត្តភក្តិទៅទិញរបស់តែចុងក្រោយអ្នកបែរជាទិញបានរបស់ច្រើនជាងមិត្តរបស់អ្នកទៅទៀត។ ទាំងនេះគឺបង្ហាញពីភាពខុសគ្នារវាងការដែលយើងបានកំណត់គោលដៅទុក និងមិនបានធ្វើវា។ វាមានភាពខុសគ្នាត្រង់ថាគេដឹងថាគេចង់បានអ្វី ឬត្រូវទិញអ្វី ឯអ្នកវិញមិនមានគោលដៅច្បាស់លាស់ដូចនេះហើយចេះតែទិញដោយមិនបានគិតទុកទាំងដែលរបស់ខ្លះទិញរួចហើយមិនប្រើផងក៏មាន។ ដូចនេះហើយដំណោះស្រាយចំពោះបញ្ហានេះអ្នកត្រូវកំណត់មុនពេលដែលអ្នកទៅទិញអ្វីមួយដោយការ រាយឈ្មោះ (list down) នូវទំនិញដែលអ្នកចង់បានមុនពេលទៅទីតាំងដែលត្រូវទិញ។
៤. កាត់បន្ថយ ឬឈប់មើលទូរទស្សន៏
ការចំណាយពេលច្រើនជាមួយទូរទស្សន៏មិនមែនជារឿងល្អនោះទេ ហើយវាអាចប៉ះពាល់ដល់សុខភាពយើងទៀតផង។ យើងតែងលឺឃ្លាមួយដែលគេតែងនិយាយតៗគ្នាថា “ពេលវេលាគឺជាមាសប្រាក់” ឃ្លាមួយនេះវាជាការពិតដែលមិនអាចប្រកែកបាន។ អ្នកភ្លេចធ្វើការចាប់អារម្មណ៏ថាពេលវាលាមួយម៉ោងដែលអ្នកចំណាយជាមួយទូរទស្សន៏ គឺមានន័យថាអ្នកបានបោះចោលមួយម៉ោងនៃទឹកប្រាក់ដែលអ្នកអាចរកបានពីការបំពេញភារកិច្ចនានា។
៥. ប្តូរពីការសន្សំទៅជាការរកប្រាក់វិញ
ចំណុចនេះវាមានភាពផ្សារភ្ជាប់ទៅនឹងចំណុចទីពីរខាងលើ។ បន្ទាប់ពីអ្នកបានសន្សំប្រាក់បានល្មមសមគួរហើយអ្នកគួរយកប្រាក់សន្សំទាំងនោះទៅធ្វើការវិនិយោគជាជាងការដែលយើងទុកវាអោយវានៅមួយកន្លែង។ ក្នុងករណីនេះវាស្របទៅនឹងទ្រឹស្តីមួយដែលអ្នកជំនួញជោគជ័យជាច្រើនតែងអនុវត្តគឺ “ប្រាក់បង្កើតប្រាក់”។ វាជាការស្វែងរកអ្វីដែលជាប្រភពចំណូលបន្ថែមដូចជាយកទៅវិនិយោគ ទិញហ៊ុន អចលនទ្រព្យ ឬផ្តល់ជាប្រាក់កម្ចីអោយអ្នកដែលត្រូវការដើម្បីយកការប្រាក់ ប៉ុន្តែអ្នកត្រូវប្រាកដថាវាមិនមានហានិភ័យខ្ពស់ ឬច្បាស់ថាអ្នកអាចប្រមូលវាមកវិញបាន។
ជារួមមកការអនុវត្តផ្តើមចេញពីចំណុចតូចៗទាំងនេះ វាជាគន្លឹះដែលជួយអោយអ្នកឈានទៅរកគោលដៅធំបាន ដូចពាក្យស្លោករបស់ខ្មែរយើងដែលពោលថា “តក់ៗពេញបំពង់” តែអ្នកត្រូវប្រាកដច្បាស់ថាបំពង់នោះត្រូវតែជាបំពង់ល្អដែលមិនធ្លុះ ឬជ្រាបទឹក ដូចដែលបានធ្វើការបកស្រាយប្រៀបធៀបខាងលើ៕
