តើអ្នកធ្លាប់ចូលហាងហើយជួបជាមួយសន្តិសុខយាមមុខហាងសម្តីឈ្លើយ គ្មានសុជីវធម៌ដែរទេ? ត្រង់នេះខ្ញុំមិននិយាយថាសន្តិសុខយាមមុខហាងទាំងអស់សុទ្ធតែមិនល្អនោះទេ គឺតែមួយចំនួនប៉ុណ្ណោះដែលភាគច្រើនគឺក្មេងៗ។
នៅសាលារៀន ឬស្ថាប័នធំៗ បញ្ហានេះមិនចោទនោះទេ ប៉ុន្តែបើសម្រាប់ហាងរកស៉ីវាជាបញ្ហាមួយដែលគួរតែចាប់អារម្មណ៍។ សម្រាប់ខ្ញុំផ្ទាល់ធ្លាប់ជួបច្រើនដងមកហើយ ជាពិសេសហាងអាហារ។ នៅក្នុងហាងអាហារមានសេវាកម្មល្អណាស់ ប៉ុន្តែនៅខាងមុខហាងវិញមិនល្អនោះទេ។ តាមពិតទៅវាមិនមែនជាកំហុសរបស់ម្ចាស់ហាងទាំងស្រុងនោះទេ នៅពេលជួបបញ្ហាបែបនេះយើងគួរតែជូនជាសារដល់ម្ចាស់ហាង ប៉ុន្តែពេលខ្លះម្ចាស់ហាង ឬអ្នកគ្រប់គ្រប់គ្រងហាង គួរតែតាមដានចំណុចនេះដោយខ្លួនឯង និងឧស្សាហ៍ឃ្លាំមើលនៅពេលដែលអតិថិជនចាកចេញពីហាង។
ខ្ញុំចាំបានថានៅពេលមួយ ខ្ញុំនិងមិត្តរបស់ខ្ញុំម្នាក់បានទៅញាំអាហារនៅហាងមួយម្តុំអូឡាំពិច នៅពេលចេញពីក្នុងហាង គាប់ជួនខ្ញុំនិងមិត្តរបស់ខ្ញុំមិនមានលុយរាយឲ្យសន្តិសុខ មានតែ ១ពាន់រៀល ស្រាប់តែពេលមិត្តរបស់ខ្ញុំចេញឡាន សន្តិសុខនោះបានគប់លុយមួយពាន់រៀលនោះទៅលើឡានរបស់ពួកខ្ញុំវិញ។ វាពិតជាធ្វើឲ្យពួកយើងមាននអារម្មណ៍មិនល្អក្នុងការទៅញាំនៅហាងនោះម្តងទៀតទាល់តែសោះ។
ប្រសិនបើអ្នកជាម្ចាស់ ឬអ្នកគ្រប់គ្រងហាង អ្នកគួរតែមើលឲ្យគ្រប់ជ្រុងនៃហាងរបស់អ្នក មិនគួរមើលតែក្នុងហាងរំលងចំណុចតូចនេះទេ។ មួយវិញទៀត បើអ្នកជាម្ចាស់ហាង គួរតែពិនិត្យមើលអ្នកគ្រប់គ្រងឲ្យមែនទែននៅពេលដែលពួកគាត់ព្យាយាមរើសសាច់ញាតិរបស់គាត់មកធ្វើការនៅក្នុងហាងរបស់អ្នក វាអាចបង្ករឲ្យមានការផ្តល់សេវាកម្មអតិថិជនមិនល្អ និងថយចុះប្រសិទ្ធភាពការងារ៕
