៦ចំណុច ដែលម្ចាស់ ឬមេដឹកនាំក្រុមហ៊ុន ចង់បានពីបុគ្កលិក

1540

យើងតែងតែលឺម្ចាស់អាជីវកម្មមួយចំនួនថាពិបាករកបុគ្គលិកល្អ។ ប្រសិនបើអ្នកចង់ក្លាយទៅជាបុគ្គលិកដែលគេកំពុងត្រូវការ ខាងក្រោមនេះគឺជាចំនុចទាំងប្រាំមួយ ដែលជាទូទៅគេត្រូវការខ្លាំងដើម្បីអាចធ្វើអោយអាជីវកម្មរបស់គេរីកចម្រើនបាន។ បើយើងអាចអនុវត្តបានមែននោះ វាក៏ល្អសម្រាប់ខ្លួន និងកន្លែងធ្វើការងារ និងអាចជួយអោយយើងកសាងកេរ្តិ៍ឈ្មោះសម្រាប់ថ្ងៃក្រោយមិនថាយើងទៅធ្វើការកន្លែងផ្សេង ឬចេញរកស៊ីខ្លួនឯងផងដែរ។

១. ជាមនុស្សឧស្សាហ៍៖ នេះជាចំនុចសំខាន់បំផុតដែលគេចង់បានពីបុគ្គលិក។ ផ្អែកតាមការស្រាវជ្រាវរបស់ Career Builder បានរកឃើញថា 73% នៃម្ចាស់អាជីវកម្ម ចង់បានបុគ្គលិកដែលចូលចិត្តធ្វើការ ចេះកំណត់គោលដៅ និងអាចសម្រេចគោលដៅការងារនោះបានទាន់ពេល។ ក្រៅពីនេះ គាត់អាចទទួលធ្វើការងារបន្ថែមម៉ោងបាន ប្រសិនបើការងារនោះពិតជាធ្វើអោយមានការរីកចម្រើនដល់កន្លែងធ្វើការ។ បន្ថែមពីនេះ យើងក៏ត្រូវដាក់ខ្លួនរៀនសូត្រពីបទពិសោធន៍ក្នុងការងារពីបុគ្គលិកចាស់ៗ ដោយមិនត្រូវតាំងខ្លួនជាអ្នកចេះអស់មិនស្ដាប់គេឡើយ។

២. អាចទុកចិត្តបាន៖ បុគ្គលិកដែលបង្ហាញពីការតាំងចិត្តក្នុងការធ្វើការងារមួយអោយបានសម្រេច មិនថាជួបឧបសគ្គយ៉ាងណាទេ  ព្រោះគាត់ចង់ធ្វើជាគំរូដល់បុគ្គលិកដទៃទៀតនៅកន្លែងធ្វើការ។ មានភាពស្មោះត្រង់ និងភាពប្រឹងប្រែង ហើយថាមិនត្រូវគាត់អាចគេជ្រើសរើសអោយកាន់តំណែងសំខាន់ក្នុងក្រុមហ៊ុននាពេលអនាគតទៀតផង។

៣. ជាមនុស្សវិជ្ជមាន៖ មនុស្សវិជ្ជមានគឺជាអ្នកដែលគេចង់ធ្វើការជាមួយ ព្រោះនៅក្នុងស្ថានការណ៍លំបាក គាត់មិនត្រឹមតែរក្សានូវគំនិតវិជ្ជមានក្នុងការធ្វើការទេ ថែមទាំងជួយជម្រុញអ្នកជុំវិញខ្លួនអោយមើលឃើញពីចំនុចល្អទៀតផង។ ចំនុចមួយទៀតដែលម្ចាស់អាជីវកម្មចង់បាននោះ គឺបុគ្គលិកដែលឆាប់ទទួលនូវកំហុសរបស់ខ្លួន ហើយឆាប់កែលម្អចំនុចនោះ ដោយមិនគុំកួនយករឿងការងារមកធ្វើជារឿងផ្ទាល់ខ្លួនឡើយ។

៤. មិនចាំបាច់គេប្រាប់ច្រើន៖ បុគ្គលិកនោះ ត្រូវដឹងពីទំនួលខុសត្រូវរបស់ខ្លួន ហើយធ្វើការងារដោយខ្លួនឯង មិនចាំបាច់មានគេប្រាប់ច្រើនលើកច្រើនសារថាត្រូវធ្វើអ្វីឡើយ។ ក្រៅពីនេះ គាត់ចេះបែងចែកលំដាប់ថ្នាក់នៃការងារពីសំខាន់ទៅមិនសូវសំខាន់ ហើយចាប់ផ្ដើមធ្វើការងារណាដែលចាំបាច់មុន។

៥. ចេះធ្វើការជាក្រុម៖ ប្រសិនបើបុគ្គលិកមានចំនុចបួនខាងលើហើយ តែមិនចេះសហការណ៍ជាមួយបុគ្គលិកដទៃទៀត នោះក៏មិនសូវជាល្អប៉ុន្មានដែរ។ ក្រុមហ៊ុនអាចជោគជ័យបានលុះត្រាណាតែបុគ្គលិកនីមួយៗ ចេះសហការណ៍គ្នាល្អ ដឹងពីគោលដៅរបស់ក្រុមហ៊ុន និងចេះជួយកែលម្អគ្នាទៅវិញទៅមក។

៦. មានសីលធម៌ល្អ៖ ការមានសីលធម៌ក្នុងការរស់នៅក៏ដូចជាក្នុងការងារ មិនត្រឹមតែធ្វើអោយគេគោរពទ ថែមទាំងធ្វើជាគំរូដល់បុគ្គលិកដទៃផងដែរ។ សីលធម៌ល្អធ្វើអោយអ្នកដទៃចង់ធ្វើការជាមួយ ទទួលបានការគោរពពីអ្នកជុំវិញខ្លួនហើយថែមទាំងលើកមុខមាត់របស់ក្រុមហ៊ុន៕

ផ្ទាំងឃោសនាពាណិជ្ជកម្ម
ខ្ញុំគឺជាជំនួយការសរសរអត្ថបទរបស់ apamat.com។ ខ្ញុំចូលចិត្តការងារនេះព្រោះខ្ញុំអាចសរសេរអត្ថបទទាក់ទងនឹង ការធ្វើជំនួញដើម្បីអ្នកអានគ្រប់គ្នា។ ខ្ញុំសង្ឃឹមថាអ្នកទាំងអស់គ្នានឹងក្លាយទៅជាអ្នកជំនួញជោគជ័យ ព្រោះនាពេល អនាគតបញ្ហារបស់ពិភពលោកភាគច្រើននឹងត្រូវបានដោះស្រាយដោយអ្នកជំនួញ។