៧ ចំណុចដែលអ្នកគួរដឹង សម្រាប់អ្នកចង់ចេញរកស៊ី

1708

ការចង់ចេញរកស៊ីមិនមែនងាយស្រួលចង់ធ្វើអាចធ្វើបានភ្លាមនោះទេ។ មុននឹងប្រឡូកចូលក្នុងពិភពជំនួញលើកដំបូង អ្នកគួរតែត្រៀមខ្លួនជាមុនទាំងកម្លាំងកាយ កម្លាំងចិត្ត និងទុនរកស៊ី ហើយខាងក្រោមនេះគឺជាចំនុចសំខាន់ៗដែលគួរដឹង និងរៀនពីវាដើម្បីកាត់បន្ថយភាគរយនៃភាពបរាជ័យ ហើយពន្លឿនដំណើរទៅកាន់ភាពជោគជ័យរបស់អ្នក។ 

១. ចូលចិត្តនូវអ្វីដែលខ្លួនចង់ធ្វើ៖ ពេលចេញរកស៊ីអ្នកប្រាកដជាជួបនូវបញ្ហាជាច្រើនដែលត្រូវដោះស្រាយ មុននឹងអាចរកឃើញភាពជោគជ័យបាន។ ហេតុនេះហើយវាចាំបាច់ណាស់ដែលអ្នកត្រូវចូលចិត្តនូវអ្វីដែលខ្លួនកំពុងធ្វើ ព្រោះបើអ្នកមិនសូវចាប់អារម្មណ៍ជំនាញដែលខ្លួនកំពុងធ្វើ ហើយគោលដៅដំបូងដែលអ្នកចាប់ផ្ដើមធ្វើវាក៏ព្រោះតែលុយ ប្រាកដណាស់ថាពេលជួបឧបសគ្គអ្នកនឹងបោះបង់ចោល។

២. ហេតុអ្វីត្រូវធ្វើវា? អ្នកត្រូវសួរខ្លួនឯងថាបើអ្នកបង្កើតមុខរបរនេះឡើង តើអ្នកបានបំពេញចន្លោះនៅក្នុងទីផ្សារដែរឬទេ? សំណួរនេះគឺដើម្បីស្វែងរកនូវចំនុចពិសេសរបស់យើងដែលទីផ្សារត្រូវការ ហើយគ្មានអ្នកផ្ដល់អោយអតិថិជនគោលដៅ។

៣. ដឹងពីទីផ្សារ៖ អ្នកតែងសង្កេតឃើញទេថាមានអាជីវកម្មផ្ដល់ផលិតផល ឬសេវាកម្មមិនជាលើសគេប៉ុន្មានទេ តែមានអ្នកគាំទ្រច្រើន។ នោះដោយសារតែគេយកចិត្តទុកដាក់លើអតិថិជនជាធំ ហើយក្រៅពីនេះចេះធ្វើទីផ្សារចំគោលដៅ។ ឧទាហរណ៍ បើចង់បើកហាងកាហ្វេគួរតែជ្រើសរើសទីតាំងណាដែលសម្បូរដោយយុវវ័យ តុបតែងហាងបែបទាន់សម័យ ផ្ដល់នូវការបញ្ចុះតម្លៃ ឬផ្ដល់រសជាតិថ្មីៗដែលគេកំពុងពេញនិយម ចំណែកឯរសជាតិកាហ្វេទោះបីជាមិនឆ្ងាញ់លើសគេក៏មិនចោទជាបញ្ហាធំដែរ។

៤. យល់ដឹងពីដំណើរការអាជីវកម្ម៖ មុននឹងចាប់ផ្ដើមអ្នកគួរយល់ដឹងបន្ថែមពីការរៀបចំនូវបញ្ជីចំណូលចំណាយ(គណនេយ្យ) ច្បាប់ទាក់ទងនឹងប្រភេទអាជីវកម្មរបស់អ្នក ប្រភេទពន្ធដែលនឹងត្រូវយកមកប្រើប្រាស់ក្នុងការរកស៊ីរបស់យើង ឬរបៀបគ្រប់គ្រងបុគ្គលិក ការធ្វើទីផ្សារទាក់ទងភ្ញៀវជាដើម។ ចំនុចទាំងអស់នេះភាគច្រើនគឺយើងមិនសូវជាដឹងប៉ុន្មានទេ ដូចនេះយើងគួរស្វែងរកអ្នកជំនាញដើម្បីធ្វើ ឬផ្ដល់យោបល់អោយ។ ក្រៅពីនេះយើងក៏អាចរៀនបន្ថែមពីជំនាញទាំងនោះនៅតាមការបង្រៀនជំនាញខ្លីដោយគ្រូៗមានបទពិសោធន៍ក្នុងការធ្វើការងារទាំងនោះច្រើនឆ្នាំ និយាយរួមវាមិនសូវពិបាកទេដើម្បីចេះពីវាបើអ្នកតាំងចិត្តថារៀនមែន។

៥. រកអ្នកប្រឹក្សា ៖ ដើម្បីអោយអាជីវកម្មជោគជ័យបាន និងដឹងពីជំហានដើម្បីទៅដល់ចំនុចនោះគឺពិតណាស់ថាគ្មានអ្នកដឹងអស់ទេ។ ម៉្លេះហើយយើងគួរតែស្វែងរកអ្នកអោយយោបល់ណាម្នាក់ដែលមានបទពិសោធន៍ក្នុងការរកស៊ីដូចយើង។ ដើម្បីងាយស្រួលរកយើងគួរតែសកម្មបន្ដិចក្នុងការចេញទៅក្រៅដើម្បីជួបមនុស្សថ្មី ឬចូលរួមសិក្ខាសាលាដែលទាក់ទងនឹងការរកស៊ី។ ពេលនោះអ្នកអាចបង្កើតមិត្តភាពជាមួយអ្នកចូលរួមដទៃទៀត ឬសាកសួរទៅកាន់វាលគ្មិនពីយោបល់របស់ពួកគាត់។

៦. សរសេរគម្រោងអាជីវកម្ម៖ ពេលមានគម្រោងអាជីវកម្ម វាអាចជួយអ្នកបាក្នុងការកំណត់គោលដៅនីមួយៗដែលយើងចង់បាន។ ក្រៅពីនេះវាធ្វើអោយយើងប្រកាន់ខ្ជាប់នូវគំរូអាជីវកម្មរបស់យើង ដើម្បីជៀសវាធ្វើនូវអ្វីដែលផ្ទុយពីគោលការណ៍អាជីវកម្ម  ឬធ្វើអ្វីដែលស្រដៀងនឹងដៃគូរប្រកួតប្រជែង។ គម្រោងអាជីវកម្មក៏រំលឹកអ្នកពីចំនុចខ្លាំង ចំនុចខ្សោយដើម្បីធ្វើការកែលម្អ ហើយវាថែមទាំងបង្ហាញពីដៃគូរប្រកួតប្រជែងសំខាន់ៗ និងអតិថិជនគោលដៅរបស់យើង…។

៧. កុំសម្រាកច្រើនពេក៖ បើសិនជាមិនចាំបាច់ទេ ចូរកុំសម្រាកច្រើនពេកដូចជាការដើរលេងជាដើម។ ការចាប់ផ្ដើមរកស៊ីដំបូងគឺហត់ខ្លាំងណាស់ ព្រោះយើងត្រូវប្រឹងប្រែងអោយច្រើនជាងអ្នកដែលរកស៊ីជោគជ័យហើយ ប្រសិនបើចង់តាមទាន់គេ។ ហើយបើអ្នកអានពីប្រវត្តិរបស់អ្នកជំនួញល្បីៗ ពេលចេញរកស៊ីដំបូងពួកគេសឹងតែគ្មានពេលទំនេរ។ ប៉ុន្ដែអ្នកចូរគិតថានេះគឺជាការលះបង់មួយដើម្បីខ្លួនឯង និងក្រុមគ្រួសារទៅថ្ងៃក្រោយ ដូចពាក្យចាស់ពោលថា “បើចង់ចាស់ទៅស្រណុក ទាល់តែលំបាកពីក្មេង” ៕

ផ្ទាំងឃោសនាពាណិជ្ជកម្ម
ខ្ញុំគឺជាជំនួយការសរសរអត្ថបទរបស់ apamat.com។ ខ្ញុំចូលចិត្តការងារនេះព្រោះខ្ញុំអាចសរសេរអត្ថបទទាក់ទងនឹង ការធ្វើជំនួញដើម្បីអ្នកអានគ្រប់គ្នា។ ខ្ញុំសង្ឃឹមថាអ្នកទាំងអស់គ្នានឹងក្លាយទៅជាអ្នកជំនួញជោគជ័យ ព្រោះនាពេល អនាគតបញ្ហារបស់ពិភពលោកភាគច្រើននឹងត្រូវបានដោះស្រាយដោយអ្នកជំនួញ។