គំនិតអាជីវកម្មចំនួន ៤ សម្រាប់អ្នកស្រលាញ់សៀវភៅ

3104

មិនខុសពីគំនិតអាជីវកម្មជាច្រើនដែល apamat.com បានចេញផ្សាយកន្លងមកនោះទេ គំនិតអាជីវកម្មរបស់យើងភាគច្រើនគឺជាការប្តូរពីចំណង់ចំណូលចិត្តផ្ទាល់ខ្លួនទៅជាការរកប្រាក់ចំណូល។ នៅកម្ពុជាបច្ចុប្បន្ន យុវវ័យចាប់ផ្តើមមានចំណាប់អារម្មណ៍កាន់តែខ្លាំងទៅលើការអានសៀវភៅដូចជាប្រភេទសៀវភៅប្រលោមលោក សៀវភៅជំនួញ សៀវភៅមេរៀនជីវិត និងសៀវភៅច្នៃប្រឌិតបែបវិទ្យាសាស្ត្រជាដើម។ ខាងក្រោមនេះ យើងសូមលើកយកគំនិតអាជីវកម្មចំនួន ៤ សម្រាប់អ្នកចូលចិត្តសៀវភៅ៖

១. បង្កើតគេហទំព័រនិយាយណែនាំពីសៀវភៅ

គេហទំព័ររបស់អ្នកនឹងនិយាយផ្តោតលើសៀវភៅ ដូចជាការណែនាំសៀវភៅ លក់សៀវភៅ វាយតម្លៃសៀវភៅ (Review)…។ ប្រភពចំណូលរបស់បានមកពីការលក់សៀវភៅ សេវាផ្សាយពាណិជ្ជកម្មពីបណ្ណាគារផ្សេងៗ ការផ្សាយពាណិជ្ជកម្មដោយ Google Adsense ឬ Facebook Instant និងការផ្សាយសៀវភៅឲ្យអ្នកនិពន្ធថ្មីៗ ឬសៀវភៅទើបចេញថ្មី។ អ្នកក៏អាចលក់សៀវភៅផងដែរ ដោយសរសេរណែនាំសៀវភៅល្អៗនៅលើគេហទំព័ររបស់អ្នក ហើយឆ្លៀតដាក់លេខទូរស័ព្ទទំនាក់ទំនងទិញសៀវភៅនោះ។

វិធីជោគជ័យគឺត្រូវធ្វើយ៉ាងណាឲ្យមានអ្នកចូលមើលគេហទំព័ររបស់អ្នកច្រើន ហើយដើម្បីធ្វើវាបានអ្នកត្រូវចេះធ្វើទីផ្សារ ឬមានអ្នកចេះធ្វើឲ្យអ្នក ជាពិសេសយុទ្ធសាស្ត្រផ្សាយលើបណ្តាញសង្គម។

២. ធ្វើជាអ្នក Review សៀវភៅ

នៅពេលដែលអ្នកអានសៀវភៅចប់មួយក្បាលៗ អ្នកអាច Review សៀវភៅទាំងនោះបាន ប៉ុន្តែការងារនេះត្រូវការឲ្យអ្នកអត់ធ្មត់ និងយកចិត្តទុកដាក់ខ្ពស់។ ចំណូលរបស់អ្នកអាចបានមកពីការ Review ឲ្យកាសែតនានា និងការ Review ឲ្យអ្នកនិពន្ធសៀវភៅ។ បើអ្នកអាចធ្វើបាន អ្នកនឹងក្លាយជាបុគ្គលល្បីលើបណ្តាញសង្គម និង Youtube តាមរយៈវីឌីអូ Review សៀវភៅល្អដល់ប្រជាជនខ្មែរ ហើយអ្នកក៏អាចរកចំណូលពីបណ្តាញអ៉ីនធើណិតផងដែរ។ 

៣. សរសេរសៀវភៅលក់

នៅពេលដែលអ្នកអានសៀវភៅអស់ជាច្រើនក្បាល អ្នកប្រាកដជាមានគំនិតចង់ចែករំលែងនូវចំណេះដឹងរបស់ខ្លួនទៅវិញ ហើយការសរសេរសៀវភៅគឺជាវិធីល្អមួយ។ ប្រសិនបើអ្នកចូលចិត្តអានសៀវភៅចិត្តសាស្ត្រ អ្នកអាចសរសេរអំពីចិត្តសាស្ត្រ បើអ្នកចូលចិត្តអានប្រលោមលោកអ្នកអាចសរសេរប្រលោមលោក…។ ក្រៅពីសរសេរសៀវភៅ ប្រសិនបើអ្នកពូកែ នឹងមានក្រុមហ៊ុន ឬឯកជនមកជួលអ្នកឲ្យទៅកែ ឬពិនិត្យសៀវភៅរបស់ពួកគេ។

៤. បង្កើតវេបសាយលក់សៀវភៅ

នៅកម្ពុជាបច្ចុប្បន្ន មិនទាន់មានវេបសាយផ្តោតលើការលក់សៀវភៅនោះទេ ដូច្នេះបើអ្នកមានជំនឿចិត្ត អ្នកអាចសាកល្បងបាន ព្រោះវាក៏មិនទាមទារដើមទុនច្រើនប៉ុន្មានដែរ ហើយបើអ្នកមានជំនាញ ឬមានដៃគូជាអ្នកចេះអភិវឌ្ឍវេបសាយស្រាប់ទៀតនោះ វាកាន់តែត្រូវការដើមទុនតិច។ ចំណុចពិសេសរបស់វេបសាយរបស់អ្នក គួរមានជម្រើសឲ្យអ្នកអានអាច review សៀវភៅដែលអ្នកដាក់លក់លើវេបសាយ។ យុទ្ធសាស្ត្រលក់វិញ គឺលក់សៀវភៅជាកញ្ចប់(២ ឬ ៣ ក្បាល) ជាមួយកម្មវិធីបញ្ចុះតម្លៃ ដែលអ្នកអាចប្រើយុទ្ធសាស្ត្ររបស់វេបសាយ Amazon.com ។ ចំណែកចំណូលវិញ អ្នកអាចរកបានពីការលក់សៀវភៅ, សេវាផ្សព្វផ្សាយដល់សៀវភៅថ្មីៗដែលនិពន្ធដោយកវីនិពន្ធខ្មែរ និងចំណូលផ្សេងទៀតដែលអ្នកទាញយក៕

ផ្ទាំងឃោសនាពាណិជ្ជកម្ម
ខ្ញុំគឺជាអ្នកសរសេរអត្ថបទ និងអ្នកទីផ្សារឲ្យគេហទំព័រ apamat.com ហើយខ្ញុំក៏កំពុងធ្វើការជាអ្នកទីផ្សារឲ្យក្រុមហ៊ុនផ្សេងទៀតផងដែរ។ ខ្ញុំចូលចិត្តចែករំលែក ហើយខ្ញុំមកទីនេះគឺដោយសារខ្ញុំចង់ចែករំលែកអ្វីដែលខ្ញុំដឹងអំពីការធ្វើជំនួញ ជាមួយអ្នក។