គ្មានស្ដង់ដារអន្តរជាតិណាអាចកំណត់ថាពេលណាយើងគួរបញ្ឈប់អាជីវកម្មរបស់យើងទេ ព្រោះមនុស្សគ្រប់រូបជួបប្រទះបញ្ហាផ្សេងគ្នាក្នុងអាជីវកម្ម។ តែចំនុចទាំង៤នេះគឺជាសំណួរដែលអ្នកជំនួញភាគច្រើនផ្ដល់អោយដើម្បីពិចារណាថាតើអាជីវកម្មរបស់យើងនេះផ្ដល់ផលល្អឬអាក្រក់ដល់យើង ហើយយើងគួរបញ្ឈប់វាដែរឬទេ?

 

១. ប៉ះពាល់ដល់ការរស់នៅប្រចាំថ្ងៃ៖ ពេលចេញរកស៊ីគោលបំណងមួយរបស់យើងគឺដើម្បីមានភាពជោគជ័យនៅក្នុងអាជីវកម្មហើយយកភាពជោគជ័យនោះមកបម្រើការរស់នៅរបស់យើងវិញ។ តែប្រសិនបើអ្នកខិតខំរកស៊ីយូរហើយតែមិនសូវបានផលហើយថែមទាំងប៉ះពាល់ដល់ទំនាក់ទំនងជាមួយនឹងក្រុមគ្រួសារ នោះជាសញ្ញាបញ្ជាក់ថាមុខជំនួញនេះប្រហែលមិនសាកសមនឹងអ្នកទេ។ ពេលខ្លះវាធ្វើអោយប៉ះពាល់ដល់សុខភាពរបស់អ្នកទៀត ដែលជារឿងមួយគួរអោយបារម្មណ៍។ ការពិតពេលចេញរកស៊ីដំបូងយើងត្រូវការចំណាយទាំងពេលវេលានិងកម្លាំងដើម្បីអោយជំនួញនោះដើរ ប៉ុន្ដែបើធ្វើប៉ុន្មានឆ្នាំដូចជាគ្មានរីកចម្រើនសោះតែពេលវេលាសម្រាប់គ្រួសារកាន់តែខើចទៅ សួរថាតើអ្នកជ្រើសរើសមួយណា?

២. បាត់បង់អស់ចំណូលចិត្តក្នុងមុខរបរនោះ៖ ចំនុចនេះសំខាន់សម្រាប់អ្នកចង់ចេញរកស៊ីដំបូងដោយយើងត្រូវជ្រើសរើសអ្វីដែលយើងចង់ធ្វើ។ ពេលដែលយើងចេញរកស៊ីព្រោះតែគោលដៅធំជាលុយ នោះមិនយូរមិនឆាប់ពេលជួបបញ្ហាអ្នកនឹងលែងមានទឹកចិត្តរកស៊ីទៀតហើយ។ ពេលនេះអ្នកអាចមិនសូវខ្វាយខ្វល់ពីការគ្រប់គ្រងបុគ្គលិក បញ្ជីខាតចំនេញឥវ៉ាន់ចេញចូលជាដើម ហើយដើរបាត់ៗដើម្បីគេចចេញពីការស្ត្រេសនឹងបញ្ហាទាំងនោះ។ ហើយពេលនេះក៏បញ្ជាក់ថារឿងល្អបំផុតដែលអ្នកគួរគឺឈប់រកស៊ីមុខរបរនឹង សម្រាកមួយរយៈខ្លីសិន ហើយបន្ទាប់អ្នកត្រូវចាប់ផ្ដើមរកគំនិតអាជីវកម្មថ្មីដែលអ្នកប្រាកដថាមានចំណង់ក្នុងការធ្វើ ហើយរៀបចំគម្រោងអាជីវកម្មអោយល្អជាងមុន។

៣. ជំនួញធ្វើអោយកើនបំណុល៖ ក្នុងជំនួញទោះជាយើងព្យាយាមគេចយ៉ាងណាក៏ពេលមួយគង់តែមានបំណុលដោយគ្រាន់តែតិចឬច្រើនប៉ុណ្ណោះ។ បំណុលមានពីរយ៉ាងគឺបំណុលល្អនិងបំណុលអាក្រក់។ ឧទាហរណ៍ បើអ្នកត្រូវការខ្ចីលុយគេដើម្បីយកមកធ្វើទុនបន្ថែម ព្រោះមានអតិថិជនត្រូវការទំនិញឬសេវាអ្នកច្រើន នោះវាជាបំណុលល្អ។ តែប្រសិនបើរកស៊ីប៉ុន្មានឆ្នាំ បំណុលកាន់តែច្រើនឡើង នាំមកនូវតែរឿងឈឺក្បាលហើយមិនដែលឃើញ ប្រាក់ចំនេញ នេះជាសញ្ញាបញ្ជាក់យ៉ាងច្បាស់ថាអ្នកគួរចាកចេញពីមុខរបរនេះហើយ។

៤. តើមានម៉ូយប្រចាំដែរឬទេ? ករណីនេះបើអ្នករកស៊ីទាក់ទងនឹងទេសចរណ៍ជាដើម…នោះមិនជាបញ្ហាទេព្រោះភ្ញៀវដែលទៅលេងគឺយូរៗម្ដងដូចនេះយើងមិនចាំបាច់រំពឹងថាមានម៉ូយប្រចាំទេ។ តែបើអ្នករកស៊ីដូចជាលក់អាហារ ឬទំនិញក្នុងតំបន់នានាក្នុងទីក្រុងហើយមិនមានម៉ូយប្រចាំហាង នោះបញ្ជាក់ថាមានចំនុចខ្វះខាតក្នុងអាជីវកម្មអ្នកហើយ។ ពេលនេះអ្នកអាចមានជម្រើសពីរ ដោយមួយអាចកែប្រែនូវចំនុចអវិជ្ជមានរបស់ខ្លួនដើម្បីទាក់ទាញអតិថិជន ឬទីពីរឈប់រកស៊ីមុខរបរនឹងតែម្ដង៕

ផ្ទាំងឃោសនាពាណិជ្ជកម្ម
ខ្ញុំគឺជាជំនួយការសរសរអត្ថបទរបស់ apamat.com។ ខ្ញុំចូលចិត្តការងារនេះព្រោះខ្ញុំអាចសរសេរអត្ថបទទាក់ទងនឹង ការធ្វើជំនួញដើម្បីអ្នកអានគ្រប់គ្នា។ ខ្ញុំសង្ឃឹមថាអ្នកទាំងអស់គ្នានឹងក្លាយទៅជាអ្នកជំនួញជោគជ័យ ព្រោះនាពេល អនាគតបញ្ហារបស់ពិភពលោកភាគច្រើននឹងត្រូវបានដោះស្រាយដោយអ្នកជំនួញ។