ហេតុផល៥ដែលគេមិនទិញទំនិញរបស់យើង

2105

មានហេតុផលជាច្រើនដែលគេមិនចង់ទិញទំនិញរបស់យើងតាមកាលៈទេសៈរបស់បុគ្គលម្នាក់ៗ ហើយអ្នកលក់ពូកែត្រូវចេះរកវិធីយ៉ាងណាដើម្បីអោយគេចាប់អារម្មណ៍មកលើទំនិញរបស់យើង។ ការបកស្រាយខាងក្រោមនេះគឺប្រែសម្រួលពីការបង្រៀនរបស់លោក Dan Lok ដែលគាត់បានមកពីបទពិសោធន៍ក្នុងការរកស៊ីរបស់គាត់។ អត្ថបទនេះគឺកែប្រែដោយក្រុមការងាររបស់ Apamat ដើម្បីអោយសមស្របទៅនឹងស្ថានភាពនៃការរកស៊ីរបស់សង្គមយើង។

 

១. គ្មានតម្រូវការ៖ មិនថាផលិតផលរបស់យើងល្អប៉ុណ្ណាទេ ប្រសិនបើអតិថិជនមិនមានតម្រូវការដើម្បីប្រើប្រាស់នោះគេប្រាកដជាមិនទិញទេ។ ប្រសិនបើជួបអតិថិជនប្រភេទនេះហើយអ្នកពុំគួរនិយាយរៀបរាប់ច្រើនដល់គេទេព្រោះអាចធ្វើអោយគេធុញ បើថ្ងៃក្រោយគេចង់បាននោះប្រាកដជានឹកឃើញដល់យើងហើយ។

២. មិនត្រូវការបន្ទាន់៖ ពេលខ្លះគេប្រាប់ថាចាំខ្ញុំគិតសិន។ ពាក្យនេះមានន័យថា កេចាប់អារម្មណ៍ខ្លះៗដែរតែមិនត្រូវការចាំបាច់នោះទេ។ ពួកគេមើលមិនឃើញពីអត្ថប្រយោជន៍នៃការទិញភ្លាម ដូចនេះក្នុងនាមជាអ្នកលក់យើងត្រូវផ្ដល់ហេតុផលដែលពួកគេគួរតែទិញឥឡូវនេះ។ ឧទាហរណ៍យើងអាចប្រាប់អតិថិជនថាទំនិញនេះគឺផ្ដល់ជូនពិសេសសម្រាប់រយៈពេលប៉ុន្មានថ្ងៃប៉ុណ្ណោះ ឬប្រាបថាទំនិញនេះមានចំនួនកំណត់ហើយបើលក់អស់គឺលែងផលិតហើយ…។

៣. គ្មានចំណង់ចង់បាន៖ ជាទូទៅមនុស្សមិនទិញរបស់ដែលគេមិនត្រូវការទេ តែពួកគេទិញរបស់ដែលខ្លួនចង់បាន។ ឧទាហរណ៍ដូចជាឡាន ទូរស័ព្ទ ផ្ទះ ឬខោអាវចេញថ្មីជាដើម តាមពិតរបស់ទាំងនោះគឺនៅតែអាចប្រើប្រាស់បានធម្មតា តែមនុស្សយើងទិញរបស់បន្ថែមដោយសារវាមានភាពទាក់ទាញ វាស្អាត ឬវាធ្វើអោយយើងមានភាពទាន់សម័យ។ ដូចនេះបើចង់លក់ទំនិញចេញអ្នកត្រូវរកចំនុចពិសេសមួយដែលធ្វើអោយគេគិតថាខ្លួនត្រូវតែមានរបស់នេះ។ អ្នកដែលឃើញទេពេលខ្លះមនុស្សត្រូវការស្បែកជើង ឬកាបូបថ្មីទេ ប៉ុន្ដែពេលមានការបញ្ចុះតម្លៃក៏នាំគ្នាទៅទិញដូចទឹកបាក់ទំនប់។

៤. គ្មានលុយទិញ៖ មិនបាច់ពិបាកគិតទេ តែយើងគ្មានលុយគឺមិនទិញហើយ។ តែពេលខ្លះអតិថិជនមានលុយ ឬអាចបេះបោចពីនេះពីនោះមកបង្គ្រប់ទិញបាន តែគេថ្លឹងថ្លែងពីតម្លៃទំនិញ និងអត្ថប្រយោជន៍ដែលវាផ្ដល់អោយ។ បើអត្ថប្រយោជន៍នោះមិនស្មើរនឹងតម្លៃទេ គេអាចនឹងប្រាប់ថាគ្មានលុយទិញ។ មុននឹងយើងទិញអ្វីមួយ យើងតែងតែពិចារណាអំពីតម្លៃនិងអត្ថប្រយោជន៍ថាតើមួយណាច្រើនជាងពេលប្រៀបធៀបគ្នា។ ដូចនេះបើចង់លក់ផលិតផលដាច់យើងគួរសួរខ្លួនឯងថាតើរបស់យើងផ្ដល់អត្ថប្រយោជន៍អ្វីដែលធ្វើអោយមនុស្សទោះបីជាមិនមានលុយគ្រប់ក៏ចង់បានដែរ?

៥. គ្មានទំនុកចិត្ត៖ បើគ្មានទំនុកចិត្តហើយទោះផលិតផលល្អយ៉ាងណាក៏គេមិនទិញដែរ។ តែពេលខ្លះអតិថិជនមិនទុកចិត្តលើខ្លួនឯងក្នុងការសម្រេចចិត្តទិញ។ ដើម្បីបង្កើនទំនុកចិត្តដល់អតិថិជន យើងអាចសំណូមពរការវាយតម្លៃពីអតិថិជនមុនៗ ឬធ្វើការបង្ហាញផ្ទាល់ពីសមត្ថភាពរបស់ផលិតផលយើងអោយអតិថិជនគោលដៅបានឃើញ។ ត្រូវចាំថា អ្នកលក់ពូកែធ្វើអោយអតិថិជនគិតថាខ្លួនឯងសម្រេចចិត្តត្រឹមត្រូវ ក្រោយពេលទិញហើយ៕

ផ្ទាំងឃោសនាពាណិជ្ជកម្ម
ខ្ញុំគឺជាជំនួយការសរសរអត្ថបទរបស់ apamat.com។ ខ្ញុំចូលចិត្តការងារនេះព្រោះខ្ញុំអាចសរសេរអត្ថបទទាក់ទងនឹង ការធ្វើជំនួញដើម្បីអ្នកអានគ្រប់គ្នា។ ខ្ញុំសង្ឃឹមថាអ្នកទាំងអស់គ្នានឹងក្លាយទៅជាអ្នកជំនួញជោគជ័យ ព្រោះនាពេល អនាគតបញ្ហារបស់ពិភពលោកភាគច្រើននឹងត្រូវបានដោះស្រាយដោយអ្នកជំនួញ។