វិធីទិញ laptop ដែលសាកសមនឹងតម្រូវការរបស់យើង

2519

ពេលខ្លះអ្នកចង់ទិញ laptop ថ្មីដើម្បីយកទៅប្រើប្រាស់ក្នុងការងារឬការសិក្សា ប៉ុន្តែគិតចុះគិតឡើងប៉ុន្មានថ្ងៃហើយនៅតែមិនចេញព្រោះមិនដឹងថាខ្លួនចង់បានអ្វីអោយប្រាកដ។ ថ្ងៃនេះខ្ញុំសូមយកបទពិសោធន៍ក្នុងការទិញ laptop ថ្មីមកជូនអ្នកអានទាំងឡាយណាដែលមានចំណាប់អារម្មណ៍ក្នុងការទិញ។

 

១. ទំហំ៖ តើអ្នកចង់បាន laptop ទំហំប៉ុនណា? សម្រាប់ការងារទូទៅគេប្រើទំហំ 14 អ៉ីញដែលវាមិនធំពេកឬមិនតូចពេក ងាយស្រួលក្នុងការធ្វើការងារការិយាល័យ។ សម្រាប់ទំហំ 11-12.5 អ៉ីញ គឺរាងតូចបន្តិចតែងាយស្រួលសម្រាប់អ្នកដែលធ្វើដំណើរច្រើនព្រោះវាងាយស្រួលទុកដាក់និងមានទម្ងន់ស្រាល។ ចំណែកឯទំហំ 15-17អ៊ីញ វិញគឺសាកសមបំផុតសម្រាប់អ្នករៀនឬធ្វើការទាក់ទងទៅនឹងការគូសប្លង់ វិស្វករ ឌីស្សាញ ឬខាងវីដេអូជាដើម។

២. គុណភាពអេក្រង់៖ អេក្រង់គឺសំខាន់បំផុតព្រោះយើងត្រូវចំណាយពេលសម្លឹងវារាល់ពេលដែលយើងធ្វើការ។ ខ្ញុំសូមណែនាំអោយជ្រើសរើសអេក្រង់កម្រិត Full HD (1920 x 1080) ព្រោះវាច្បាស់ល្មមសម្រាប់មិនថាសម្រាប់ការងារទូទៅ ឬខាងឌីស្សាញទេ ហើយណាមួយឆ្នាំ2018 រាល់ឧបករណ៍អេឡិចត្រូនិចស្ទើរតែទាំងអស់មានបំពាក់នូវអេក្រង់កម្រិតនេះ។ បើអេក្រង់នោះមានបច្ចេកវិទ្យា IPS កាន់តែល្អព្រោះវាអាចអោយយើងមើលពីច្រើនមុំមិនថាមើលចំពីមុខឬចំហៀងដោយមិនមានប្រែប្រួលពណ៌ឬគុណភាពរូបភាពទេ។ 

៣. គុណភាព keyboard៖ សម្រាប់អ្នកដែលវាអត្ថបទច្រើនគឺវាសំខាន់ខ្លាំងណាស់ ព្រោះបើវាមិនផ្ដល់ភាពងាយស្រួលក្នុងការវាយអត្ថបទទេនោះការងាររបស់យើងនឹងយឺតជាងមុន។ ចំនុចដែលត្រូវចងចាំនោះគឺថាតើវាមានទំហំធំល្មមសម្រាប់អោយយើងដាក់ដៃស្រួល ហើយតើវាមានភ្លើងសម្រាប់ជំនួយដល់ការប្រើនៅកន្លែងងឹតដែរឬទេ? សម្រាប់ខ្ញុំផ្ទាល់ keyboard ដែលខ្ញុំចូលចិត្តប្រើជាងគេគឺ ThinkPad ហើយបន្ទាប់មក Dell ទោះបីជាពេលនេះខ្ញុំប្រើ MacBook Pro ក៏ដោយ។ សម្រាប់ម៉ាកផ្សេងទៀតខ្ញុំមិនសូវជាដឹងច្បាស់ដែរ តែមុននឹងទិញអ្នកគួរសាកប្រើសិនដើម្បីដឹងថាតើអ្នកចូលចិត្តប្រើ keyboard នោះឬអត់?

៤. CPU៖ ភាគច្រើន laptop ប្រើ  CPU របស់ Intel ហើយមួយចំនួនតូចទៀតប្រើ AMD។ ថ្ងៃនេះខ្ញុំសូមលើកឡើងពី Intel ដោយវាមានច្រើនកម្រិតដូចជា Core i3, i5, i7។ Core i3 សាកសមសម្រាប់អ្នកប្រើប្រាស់ការងារការិយាល័យ មើលវីដេអូ ប្រើអ៊ីនធើណេតសាមញ្ញមិនមានបើកកម្មវិធីច្រើន។ សម្រាប់ Core i5 សាកសមសម្រាប់ការប្រើប្រាស់ខ្លះៗទៅលើ ហ្គេម កាត់តរូបភាព ឬ វីដេអូ ឬបើកកម្មវិធីធំល្មម។ រីឯ Core i7 វិញគឺសម្រាប់អ្នកដែលប្រើប្រាស់កម្មវីធីឌីស្សាញ កាត់តរូបភាព វីដេអូវែងៗ ហ្គេមខ្នាតធំ ហើយប្រើយូរម៉ោងជាប់គ្នា និយាយរួមគឺមានសមត្ថភាពខ្លាំងជាងគេ តែការបញ្ចេញកម្ដៅក៏លើសគេដែរ។ 

៥. RAM៖ សម្រាប់ឥឡូវនេះអ្នកគួរតែជ្រើសរើស laptop ណាដែលមាន ram តូចបំផុត 4GB ដោយមិនគួរតូចជាងនឹងទេប្រសិនបើចង់អោយវាមានភាពរលូនក្នុងការប្រើប្រាស់សាមញ្ញ។ 8GB គឺល្មមសម្រាប់ប្រើប្រាស់មិនថាហ្គេម កាត់ត ឬឌីស្សាញទេ រីឯចាប់ពី 16GB ឡើងទៅគឺសម្រាប់អ្នកដែលប្រើប្រាស់កម្មវិធីធំៗច្រើនក្នុងពេលតែមួយ។

៦. ទំហំផ្ទុក៖ សព្វថ្ងៃនេះអ្នកអាចមានជម្រើសពីរគឺ HDD ដែលវាមានតម្លៃធូរថ្លៃតែរាងយឺតបន្តិច និង SDD មានល្បឿនលឿនតែថ្លៃ។ ការប្រើធម្មតាគឺយើងត្រូវការទំហំប្រហែលជា 250-500GB ប៉ុណ្ណោះ ប៉ុន្តែបើការងារអ្នកទាក់ទងនឹងវីដេអូ រូបភាព ឬឌីស្សាញហើយប្រើវាជាប់ជាប្រចាំ ទំហំកាន់តែធំកាន់តែល្អ។

៧. ថាមពលថ្ម៖ សម្រាប់ laptop 14អ៊ីញ ទំហំថ្មចាប់ពី 50Whr ឡើងទៅគឹល្មមសម្រាប់ការងារធម្មតាហើយ។ ប្រសិនបើអាចដូរបាន អ្នកគួរតែជ្រើសរើសថ្មអោយកាន់តែធំជាងនេះដើម្បីប្រើបានកាន់តែយូរ។ បើអេក្រង់កាន់តែធំ នោះទំហំថ្មក៏គួរតែធំដែរដើម្បីសមាមាត្រនឹងថាមពលដែលអេក្រង់នោះប្រើ។

៨. គុណភាព៖ laptop ប្រភេទ business មួយចំនួនផលិតមកមានភាពមាំជាងធម្មតាដូចជា ThinkPad, Dell ឬ HP ដោយវាអាចទ្រទ្រង់ការធ្លាក់ ធូលី ការសាចទឹកត្រូវ រីឯតួខ្លួនរបស់វាផលិតឡើងពីលោហៈធាតុដែលធ្វើអោយវាកាន់តែរឹងមាំ។ ក្រៅពីនេះ ram ឬ hdd/ssd របស់អាចធ្វើការផ្លាស់ប្ដូរបានដោយមិនបានផ្សារភ្ជាប់នឹងតួម៉ាស៊ីន ហើយបើនិយាយពី laptop មួយទឹក ម៉ាកអស់ទាំងនេះក៏សម្បូរណាស់ដែរព្រោះវាធន់ ងាយស្រួលរកគ្រឿងបន្លាស់ និងធូរថ្លៃតែប្រើបានយូរ៕ 

ផ្ទាំងឃោសនាពាណិជ្ជកម្ម
ខ្ញុំគឺជាជំនួយការសរសរអត្ថបទរបស់ apamat.com។ ខ្ញុំចូលចិត្តការងារនេះព្រោះខ្ញុំអាចសរសេរអត្ថបទទាក់ទងនឹង ការធ្វើជំនួញដើម្បីអ្នកអានគ្រប់គ្នា។ ខ្ញុំសង្ឃឹមថាអ្នកទាំងអស់គ្នានឹងក្លាយទៅជាអ្នកជំនួញជោគជ័យ ព្រោះនាពេល អនាគតបញ្ហារបស់ពិភពលោកភាគច្រើននឹងត្រូវបានដោះស្រាយដោយអ្នកជំនួញ។