អាជីវកម្មដឹកជញ្ជូនចំណីអាហារបង្កើតថ្មីមួយគឺ Foodsby ទើបទទួលបានទុនពី Venture Capital

1250

Foodsby គឺជាអាជីវកម្មផ្តល់សេវាកម្មដឹកជញ្ជូនអាហារថ្ងៃត្រង់ បានបង្កើនទុន 13.5 លានដុល្លារក្នុងជុំទីពីរ (series B) ដែលគ្រប់គ្រងដោយធនាគារ Piper Jaffray Merchant។ Greycroft Partners, Corazon Capital និង Rally Ventures ក៏បានចូលរួមផងដែរ។ ជាមួយទុនថ្មីនេះ Foodsby មានគម្រោងពង្រីកវិសាលភាពចាប់យកទីផ្សារថ្មី 15 ទៅ 20 ទៀត។ ប្រមូលទុនទាំងជុំនេះទៀត Foodsby បានទទួលទុនសរុបចំនួន 21 លានដុល្លារហើយ។ 

ស្ថាបនិក និងនាយកប្រតិបត្តិរបស់ Foodsby បាននិយាយថា “យើងបានបង្កើតគម្រោងដែលនឹងជោគជ័យមួយសម្រាប់ទីផ្សារថ្មីដែលមានភាពច្បាស់លាស់ និងមានធនធានមនុស្សមានមត្ថភាព និងមានបច្ចេកវិទ្យាទំនើបផងដែរ។ លោកបានបន្តទៀតថា “ពួកយើងចង់បង្កើតភាពជោគជ័យដោយផ្អែកលើភាពជោគជ័យដែលយើងមាន ហើយបន្តរៀនបន្ថែមទៀតដើម្បីធ្វើឲ្យសេវាដឹកជញ្ជូនរបស់យើងបន្តរីកចម្រើនសម្រាប់អ្នកវិនិយោគ និងក្រុមការងាររបស់យើង។

Foodsby ត្រូវបានបង្កើតឡើងនៅក្នុងឆ្នាំ 2012 នៅសហរដ្ឋអាមេរិច ហើយក្រុមហ៊ុននេះមានអតិថិជនជាអ្នកធ្វើការក្នុងការិយាល័យនៅ 15 ទីក្រុង ដោយមានដៃគូជាមួយហាងអាហារនៅក្នុងទីក្រុងទាំង 15 នោះ។ តើវាដំណើរការដោយរបៀបណា? អ្នកធ្វើការនៅក្នុងអាគារការិយាល័យនានា បានបញ្ជាទិញអាហារតាម App របស់ Foodsby ពីហាងអាហារជាដៃគូរបស់ Foodsby បន្ទាប់មក Foodsby ប្រមូលការបញ្ជាទិញទាំងអស់ រួចហើយបញ្ជូនការបញ្ជាទិញទាំងនោះទៅកាន់ហាងអាហារ ហើយបន្ទាប់មកទៀតហាងអាហារទាំងនោះដឹកជញ្ជូនទៅកាន់អតិថិជន។ ស្តាប់ទៅវាដូចជារញ៉េរញ៉ៃបន្តិចមែន។ 

យុទ្ធសាស្ត្ររបស់ Foodsby គឺធ្វើឲ្យ Foodsby ខុសពីគូប្រជែង ព្រោះថា Foodsby រកស៉ីតែជាមួយអាជីវកម្មផ្សេងទៀត ហើយហាងអាហារជាដៃគូរបស់យើងត្រូវដឹកជញ្ជូនទៅកាន់អតិថិជន ដោយ Foodsby មិនមានភ្នាក់ងារដឹកជញ្ជូនខ្លួនឯងទេ ហើយវាក៏ធ្វើឲ្យការចំណាយមានកម្រិតទាបផងដែរ។ ហាងអាហារទាំងអស់អាចចូលរួមជាបណ្តាញរបស់ Foodsby ដោយមិនគិតថ្លៃ ហើយតម្លៃដឹកជញ្ជូនត្រូវបានគិតម្នាក់ 1.99 ដុល្លារ។ 

បន្ទាប់ពីទទួលបានទុនថ្មីនេះ វានឹងធ្វើឲ្យ Foodsby កាន់តែមានទំនុកចិត្តខ្ពស់ក្នុងការប្រកួតប្រជែងនៅក្នុងទីផ្សារដែលមានគូប្រជែងច្រើន៕

ប្រភព៖ Techcrunch

ផ្ទាំងឃោសនាពាណិជ្ជកម្ម
ខ្ញុំគឺជាអ្នកសរសេរអត្ថបទ និងអ្នកទីផ្សារឲ្យគេហទំព័រ apamat.com ហើយខ្ញុំក៏កំពុងធ្វើការជាអ្នកទីផ្សារឲ្យក្រុមហ៊ុនផ្សេងទៀតផងដែរ។ ខ្ញុំចូលចិត្តចែករំលែក ហើយខ្ញុំមកទីនេះគឺដោយសារខ្ញុំចង់ចែករំលែកអ្វីដែលខ្ញុំដឹងអំពីការធ្វើជំនួញ ជាមួយអ្នក។