ពាក្យណែនាំរបស់មហាសេដ្ឋីដើម្បីក្លាយទៅជាអ្នកមាន

2657

លោក Grant Cardone គឺជាអ្នកជំនួញរបស់អាមេរិចមួយរូបដោយលោកមានទ្រព្យសម្បត្តិជាង 100 លានដុល្លា។ កាលពីពេលថ្មីៗនេះលោកបានផ្ដល់បទសំភាសន៍ជាមួយនឹងទូរទស្សន៍ CNBC អំពីចំនុចដែលធ្វើអោយលោកអាចជោគជ័យបាន។ ថ្ងៃនេះដែរក្រុមការងាររបស់ Apamat នឹងចែកជូននូវគំនិតល្អទាំងនោះដោយប្រែសម្រួលដើម្បីងាយស្រួលដល់ការយល់របស់អ្នកអានទាំងអស់គ្នា។

 

១. វិនិយោគលើខ្លួនឯង៖ អ្នកដែលជោគជ័យគឺសុទ្ធតែជាមនុស្សមានចំណេះទូលំទូលាយខាងការរកស៊ី។ ហើយដើម្បីបាននូវចំណេះដឹងទាំងនោះយើងមានវិធីច្រើនណាស់ដូចជាអានសៀវភៅជំនួញល្អៗ ចូលរួមសិក្ខាសាលាដែលទាក់ទងនឹងការរកស៊ី។ ការវិនិយោគក្នុងការបង្កើតចំណេះដឹងនេះមានសារៈសំខាន់បំផុតក្នុងការរកស៊ី។ 

២. ធ្វើការងារដែលសាកសម៖ ដើម្បីអាចមានសមត្ថភាពក្នុងការរកស៊ីដោយខ្លួនឯង យើងត្រូវប្រឡូកខ្លួនក្នុងការងារជាមុនសិន ហើយការងារទាំងនោះត្រូវតែដូចឬប្រហាក់ប្រហែលនឹងមុខរបរដែលយើងចង់រក។ ឧទាហរណ៍ បើចង់បើកភោជនីយដ្ឋានផ្ទាល់ខ្លួន ដំបូងគួរតែទៅរៀនខ្លះៗពីហាងគេសិន មិនថាមុខតំណែងណាទេបើតាំងចិត្តចង់ចេះប្រាកដជារៀនបានពីដំណើរការនៃភោជនីយដ្ឋាននីមួយៗខ្លះមិនខាន។

៣. បន្តអភិវឌ្ឍខ្លួន៖ ពេលចេញរកស៊ីហើយកុំយកត្រឹមតែល្អមធ្យម គួរព្យាយាមក្លាយខ្លួណជាអ្នកពូកែជាងគេមួយរូប។ ចង់មានន័យថាបើរើសជំនាញមួយហើយត្រូវស្វែងយល់រៀនបន្ថែមជានិរន្ដកុំបញ្ឈប់ហើយគិតថាចេះពីជំនាញនោះអស់ហើយ ព្រោះចំណេះដឹងមានវិសាលភាពធំធេងណាស់។

៤. ចំណូលពីច្រើនប្រភព៖ អ្នកជោគជ័យភាគច្រើនមិនមែនបានចំណូលតែពីមួយប្រភពនោះទេ។ ប៉ុន្តែកុំបារម្ភថាខ្លួនមិនអាចគ្រប់គ្រងអាជីវកម្មបានច្រើនក្នុងពេលតែមួយ បើអ្នកអនុវត្ថចំនុចបីខាងលើបានល្អនោះការចាប់មុខរបរទី២ ទី៣… ក៏កាន់តែស្រួលជាងមុនព្រោះយើងមានគ្រឹះរួចមកហើយ។

៥. សន្សំហើយវិនិយោគបន្ត៖ យើងត្រូវចេះបែងចែកលុយដែលបានមកពីការចំនេញហើយសន្សំដល់គោលដៅកំណត់មួយ (ឧទាហរណ៍ $50,000) មុននឹងយកលុយសន្សំនោះទៅវិនិយោគលើអាជីវកម្មថ្មី។ កុំយកលុយដែលបែងចែកសម្រាប់ធ្វើអ្វីផ្សេងមកប្រើប្រាស់លាយឡំគ្នាបើមិនចាំបាច់។ ការធ្វើបែបនេះបង្ហាញថាយើងមានគោលដៅច្បាស់លាស់ក្នុងការបែងចែកលុយសម្រាប់ផ្ទាល់ខ្លួន សម្រាប់ពង្រីកមុខរបរ ឬសម្រាប់អាជីវកម្មថ្មីជាដើម ហើយនេះក៏ជាសញ្ញាថាយើងចាប់ផ្ដើមជោគជ័យបណ្ដើរៗ និងត្រូវបន្តខំប្រឹងតទៅមុខទៀតដើម្បីសម្រេចបានគោលដៅធំ៕

ផ្ទាំងឃោសនាពាណិជ្ជកម្ម
ខ្ញុំគឺជាជំនួយការសរសរអត្ថបទរបស់ apamat.com។ ខ្ញុំចូលចិត្តការងារនេះព្រោះខ្ញុំអាចសរសេរអត្ថបទទាក់ទងនឹង ការធ្វើជំនួញដើម្បីអ្នកអានគ្រប់គ្នា។ ខ្ញុំសង្ឃឹមថាអ្នកទាំងអស់គ្នានឹងក្លាយទៅជាអ្នកជំនួញជោគជ័យ ព្រោះនាពេល អនាគតបញ្ហារបស់ពិភពលោកភាគច្រើននឹងត្រូវបានដោះស្រាយដោយអ្នកជំនួញ។