នៅក្នុងទំនាក់ទំនងស្នេហា ភាគច្រើនគេនិយាយថា “សម្តីគេមិនសំខាន់ដូចទង្វើគេទេ”។ ប៉ុន្តែវាមិនមែនមានន័យថា អ្នកមិនគួរយកចិត្តទុកដាក់លើពាក្យសម្តីដែលគេប្រើមកលើយើងនោះទេ។ ពេលខ្លះពាក្យទាំងអស់នោះអាចជាសញ្ញាបង្ហាញពីចរិតពិតរបស់គេ។ ខាងក្រោមនេះគឺជាឃ្លាទាំងប្រាំដែលបង្ហាញថាអ្នកមិនគួរទ្រាំនៅក្នុងទំនាក់ទំនងនេះទៀតទេ។
១. អូនឯងពូកែដ្រាម៉ាម៉េស
នៅពេលអ្នកជួបបញ្ហា គេមិនត្រឹមតែមិនជួយលួងលោមនិងធ្វើអោយអារម្មណ៍អ្នកធូរស្រាលទេ ផ្ទុយទៅវិញគេបែរជាគិតថាអ្នកកំពុងដ្រាម៉ាទៅវិញ។ បុរសដែលស្រលាញ់អ្នកពិតគេមិនដែលគិតថាអ្នកនឹងប្រើអារម្មណ៍លេងសើចជាមួយគេទេ។
២. បើអូនស្រលាញ់បងមែន អូនត្រូវធ្វើបែបនេះបែបនោះ……………..
ការស្រលាញ់មិនបង្កប់ភាពអាត្មានិយមនោះទេ។ ប្រសិនបើគេស្រលាញ់អ្នក គេមិនសុំអោយយើងធ្វើរឿងបែបនេះបែបនោះដើម្បីគ្រាន់តែចង់បង្ហាញថាអ្នកស្រលាញ់គេពិតប្រាកដនោះទេ។ ការស្រលាញ់ពិតប្រាកដមិនមែនជាការបង្ខំអោយធ្វើអ្វីទៅតាមតែតម្រូវការបុគ្គលនោះទេ ប៉ុន្តែវាជាធ្វើអោយភាគីទាំងសងខាងធ្វើនូវរឿងដែលខ្លួនពេញចិត្តធ្វើ។
៣. ហេតុអីអូនធ្វើមិនបានដូចសង្សាចាស់បង?
គេចូលចិត្តប្រៀបធៀបអ្នកជាមួយសង្សាចាស់គេ ហើយរំលឹកពីអ្នកមុនជានិច្ចកាល។ បើគេស្រលាញ់អ្នកពិត គេមិនចាត់ទុកអ្នកដូចវត្ថុដែលអាចប្រៀបធៀបគ្នានោះទេ។ បុរសដែលពិតជាចង់នៅជាមួយអ្នកមែន គេនឹងរិះគន់អ្នកក្នុងន័យស្ថាបនា មិនមែនជាការប្រៀបធៀបបែបនេះទេ ព្រោះគេដឹងច្បាស់ថានឹងធ្វើអោយអ្នកមិនសប្បាយចិត្ត។
៤. អូនបិទមាត់ខ្លះបានទេ?
នៅក្នុងស្នេហាអ្នកមានសេរីភាពក្នុងការបង្ហាញអារម្មណ៍ខ្លួនឯង និងនិយាយតទល់គ្នាអោយដាច់ស្រេច មិនមែនមានរឿងអីចេះតែទ្រាំនោះទេ។ បើគេមិនអនុញ្ញាតអោយអ្នកនិយាយពីការយល់ឃើញរបស់អ្នកទេ វាបង្ហាញថាគេមិនបានយកចិត្តទុកដាក់លើអ្វីដែលយើងត្រូវការនោះទេ។
៥. ម៉េចបានអូនឯងល្ងង់ម៉េស?
ពាក្យថា “ល្ងង់” មិនគួរប្រើនៅក្នុងស្នេហានោះទេ។ មនុស្សគ្រប់គ្នាសុទ្ធតែមានកំហុស ឬធ្វើការសម្រេចចិត្តខុស ដូច្នេះក្នុងនាមគេជាមនុស្សដែលស្រលាញ់អ្នក គេមិនគួរស្តីអោយអ្នកបន្ថែមពីលើទៀតទេ។ គេគួរតែជាមនុស្សតែម្នាក់ដែលនៅខាងអ្នក ហើយប្រាប់ថា “មិនអីទេ”។
ប្រសិនបើគេប្រើទាំងអស់នេះហើយ កុំនៅទ្រាំអី។ ស្រលាញ់គឺស្រលាញ់ហើយ ប៉ុន្តែអ្នកក៏ត្រូវស្រលាញ់ខ្លួនឯងអោយបានច្រើនជាង ហើយក៏ត្រូវរកសេចក្តីសុខអោយខ្លួនឯងដែរ៕
