អេ អឹម ខេ ភីអិលស៊ី បានលក់ភាគហ៊ុន ៨០ ភាគរយទៅឲ្យធនាគារពាណិជ្ជ និងសន្សំស៊ាងហៃ (SCSB)

2522

គ្រឹះស្ថានមីក្រូហិរញ្ញវត្ថុ អេ អឹម ខេ ភីអិលស៊ី ដែលជាគ្រឹះស្ថានមីក្រូហិរញ្ញវត្ថុធំបំផុតទី ៥ នៅកម្ពុជា បានលក់ភាគហ៊ុន ៨០ ភាគរយទៅឲ្យធនាគារពាណិជ្ជ និងសន្សំស៊ាងហៃ (The Shanghai Commercial & Savings Bank, Ltd.) ហៅកាត់ថា SCSB   ដែលមានដើមកំណើតនៅទីក្រុងស៊ាងហៃ  ប្រទេសចិន។

 

នៅពេលបច្ចុប្បន្ននេះ អេ អឹម ខេ មានភាគទុនិកចំនួន៥គឺ Agora Microfinance N.V. (AMNV)Rural Impulse Fund II S.A. SICAV-FIS (RIF II)Société de Promotion et de Participation pour la Coopération Economique S. A. (PROPARCO)  មូលនិធិអភិវឌ្ឈន៍កម្ពុជា-ឡាវ (CLDF) និងសមាគមបុគ្គលិក អេ អឹម ខេ (AMK-SA)។ ប៉ុន្តែភាគទុនិកចំនួនបីនឹងត្រូវផុតកំណត់អណត្តវិនិយោគជាមួយ  អេ  អឹម  ខេ គឺ RIF II  PROPARCO  និងCLDF ។

លោក គា បូរាណ ប្រធាននាយកប្រតិបត្តិ អេ អឹម ខេ បានលើកឡើងដូច្នេះថា “វាជាឱកាសរបស់ អេ អឹម ខេ ដែលយើង ជ្រើសរើសយក SCSB  ព្រោះយើងនៅតែមានជំនឿយ៉ាងមុតមាំថា   ប្រព័ន្ធធនាគារមួយដែលមានភាពរឹងមាំ គឺត្រូវការម្ចាស់ភាគហ៊ុនដែលមានប្រភពទុនធំ  ហើយ SCSB គឺជាធនាគារមួយដែលមានភាពស័កសមដែល អាចនាំ អេ អឹម ខេ អភិវឌ្ឍន៍ទៅជំហានបន្ទាប់ទៀត”។  លោកបានបន្តទៀតថា “នៅពេលដែលយើងមានប្រភពទុនធំ មានអ្នកជំនាញចាំជួយយើង អេ អឹម ខេ នឹងមានឱកាសកាន់តែច្រើនក្នុងការពង្រីកអាជីវកម្មរបស់ខ្លួនដែលធ្វើឲ្យផលិតផល  និងសេវាកម្មរបស់យើងកាន់តែមានភាពសម្បូរបែបជូនដល់អតិថិជនទូទៅ ជាពិសេសប្រជាជននៅតំបន់ជនបទ មានឱកាសគ្រប់ៗគ្នាក្នុងការប្រើប្រាស់ផលិតផល និងសេវាហិរញ្ញវត្ថុ អេ អឹម ខេ ដើម្បីធ្វើឲ្យជីវភាពរបស់ពួកគាត់មាន ភាពប្រសើរឡើង។  យើងសូមកោតសរសើរដល់ធនាគារ SCSB ដែលបានគាំទ្របេសកកម្មស្នូលរបស់ អេ អឹម ខេ និងជួយគាំទ្រដល់ក្រុមថ្នាក់ដឹកនាំដែលមានស្រាប់  នឹងជួយដល់កិច្ចការងាររបស់យើងក្នុងការជួយដល់ចំណែក ទីផ្សារដែលរកចំណូលមានកម្រិតនៅកម្ពុជា”។ នេះបើតាមការចេញផ្សាយនៅលើគេហទំព័រផ្លូវការរបស់ អេ អឹម ខេ។ 

តាមរបាយការណ៍ហិរញ្ញវត្ថុ គិតត្រឹមចុងឆ្នាំ ២០១៧ បានបង្ហាញថា ប្រាក់កម្ចីសរុបរបស់ អេ អឹម ខេ មានចំនួន ២១៤ លានដុល្លារ កើនឡើង ១៦១ លានដុល្លារ ធៀបនឹងចុងឆ្នាំ ២០១៦ ខណៈប្រាក់កម្ចីមានចំនួន ១២១,៦ លានដុល្លារ កើនឡើង ៩០,៦ លានដុល្លារធៀបនឹងឆ្នាំ ២០១៦។ ប្រាក់ចំណេញសុទ្ធរបស់ អេ អឹម ខេ មានចំនួន ៥,២៧ លានដុល្លារក្នុងឆ្នាំ ២០១៧ ខណៈកាលពីឆ្នាំ ២០១៦ មានចំនួន ៦,៦៣ លានដុល្លារ៕ 

ផ្ទាំងឃោសនាពាណិជ្ជកម្ម
ខ្ញុំគឺជាអ្នកសរសេរអត្ថបទ និងអ្នកទីផ្សារឲ្យគេហទំព័រ apamat.com ហើយខ្ញុំក៏កំពុងធ្វើការជាអ្នកទីផ្សារឲ្យក្រុមហ៊ុនផ្សេងទៀតផងដែរ។ ខ្ញុំចូលចិត្តចែករំលែក ហើយខ្ញុំមកទីនេះគឺដោយសារខ្ញុំចង់ចែករំលែកអ្វីដែលខ្ញុំដឹងអំពីការធ្វើជំនួញ ជាមួយអ្នក។