គំនិតអាជីវកម្មចំនួន ៦ សម្រាប់អ្នកដែលមានគំនិតច្នៃប្រឌិតខ្ពស់

5328

ប្រសិនបើអ្នកជាមនុស្សដែលចូលចិត្តស្រមើលស្រមៃ ចូលចិត្តធ្វើអ្វីថ្មីៗ និងចូលចិត្តភាពច្នៃប្រឌិត អ្នកអាចបង្វែរវាឲ្យទៅជាប្រភពចំណូលសម្រាប់អ្នកបាន។ ខ្ញុំគិតថាជីវិតគឺមានន័យណាស់ ប្រសិនបើយើងអាចរស់នៅក្នុងជីវិតមួយដែលតែងតែបានធ្វើកិច្ចការដែលជាក្តីស្រលាញ់របស់យើង ខណៈមនុស្សជាច្រើនកំពុងតែធ្វើការងារដែលពួកគេមិនចូលចិត្តដោយសារតែតម្រូវការលុយផ្គត់ផ្គង់ជីវភាពប្រចាំថ្ងៃ។ ថ្ងៃនេះ apamat.com សូមលើកយកគំនិតអាជីវកម្មមួយចំនួន មកជូនលោកអ្នកអានទាំងអស់គ្នាដែលតែងតែគាំទ្រគេហទំព័ររបស់យើងរហូតមក។ 

 

១. ដេគ័រ

រូបភាពពី BLISS Wedding

នៅក្នុងទីផ្សារកម្ពុជាបច្ចុប្បន្ន មុខរបរដេគ័រនៅតាមរោងការ និងខួបកំណើត កំពុងតែត្រូវប៉ាន់ ខណៈអ្នកដែលរកស៊ីក្នុងមុខរបរនេះភាគច្រើនគឺជាសិស្សទើបចប់សកលវិទ្យាល័យ។ ម្ចាស់អាជីវកម្មធំៗក្នុងវិស័យដេគ័រ ពួកគេមានសម្ភារៈច្រើនសម្រាប់តុបតែងដូចជាផ្កាជ័រ ភ្លើង កម្រាល ក្រណាត់ស្តើង…។ ម្ចាស់អាជីវកម្មគ្រាន់តែគូរកម្រោងតាមអ្វីដែលអតិថិជនចង់បាន រួចហើយមានក្រុមការងារយកទីឌីស្សាញតាម ឬក៏ពេលខ្លះពួកគេជួលបុគ្គលិកដែលពូកែខាងច្នៃប្រឌិតឲ្យជួយ។ 

ក្រៅពីដេគ័រក្នុងពិធីផ្សេងៗ អ្នកក៏អាចបើកសេវាដេគ័រក្នុងផ្ទះផងដែរ(Interior Design) ដែលភាគច្រើនសិស្សសកលវិទ្យាល័យរៀនផ្នែកឌីស្សាញ កំពុងតែបើកអាជីវកម្មប្រភេទនេះ។

២. លក់នំខេក

ការធ្វើនំខេក គឺមិនពិបាកនោះទេ ប៉ុន្តែការចេះរចនានំខេកឲ្យមើលទៅអស្ចារ្យទើបលំបាក ហើយដើម្បីធ្វើឲ្យមានភាពទាក់ទាញ វាត្រូវការឲ្យយើងមានភាពច្នៃប្រឌិតខ្ពស់។ 

៣. ថតរូប

ការងារថតរូប តម្រូវឲ្យយើងមានភាពច្នៃប្រឌិតដើម្បីធ្វើឲ្យរូបថតមើលទៅស្អាត និងទាក់ទាញ។ អ្នកអាចទៅរៀនថតរូបបន្ថែម រួចហើយបើកសេវាថតរូប ឬអាចបើកជាស្តុតឌីយូថតរូប មានសេវាថតក្នុងកម្មវិធីផ្សេង និង Pre-wedding ជាដើម។ 

៤. រចនារូបភាព

ស្ថិតក្នុងការងារឌីស្សាញ ប៉ុន្តែការងារនេះផ្តោតលើការរចនាក្រាហ្វិច (Graphic design)។ បើអ្នកមិនចង់បើកអាជីវកម្មខ្លួនឯង អ្នកក៏អាចទៅធ្វើការក្នុងក្រុមហ៊ុនផ្សេងៗផងដែរ ព្រោះទីផ្សារនេះមានតម្រូវការខ្ពស់ណាស់។

ប្រសិនបើអ្នកបើកអាជីវកម្មនេះ អ្នកអាចទទួលសេវាឌីស្សាញឡូហ្គូ ផ្ទាំងផ្សាយពានិជ្ជកម្ម ស្លាកយីហោរផ្សេងៗ លិខិតអញ្ជើញ ក្របសៀវភៅ…។

៥. និពន្ធរឿង

ប្រសិនបើអ្នកចូលចិត្តការសរសេរ មានភាពច្នៃប្រឌិត និងចូលចិត្តការស្រមើលស្រមៃ អ្នកអាចល្បីឈ្មោះដូចតារាតាមរយៈការតែងនិពន្ធរបស់អ្នក និងអាចរកចំណូលបានខ្ពស់ផងដែរ។ អ្នកអាចសរសេរជាសៀវភៅ រួចហើយដាក់លក់ ឬបង្កើតគេហទំព័រផ្ទាល់ខ្លួនដើម្បីផ្សាយរឿងដែលជាស្នាដៃរបស់អ្នក ហើយនៅលើគេហទំព័រ apamat.com ក៏មានទំព័រមួយអំពីប្រលោមលោកផងដែរ (ប្រលោមលោកជំនួញ)។

៦. ឌីស្សាញម៉ូតគ្រឿងអលង្ការ

បើអ្នកមិនអាចផលិតគ្រឿងអលង្ការ ហើយដាក់ Brand របស់ខ្លួនទេ អ្នកអាចប្រើភាពច្នៃប្រឌិតរបស់អ្នកឌីស្សាញម៉ូតឲ្យហាងលក់គ្រឿងអលង្ការធំៗបាន។ ប៉ុន្តែបើអ្នកច្នៃគ្រឿងលម្អខ្លួនសាមញ្ញៗ ហើយដាក់យីហោរខ្លួនឯង អាចនឹងងាយស្រួលជាងគ្រឿងអលង្ការថ្លៃៗ៕

ផ្ទាំងឃោសនាពាណិជ្ជកម្ម
ខ្ញុំគឺជាអ្នកសរសេរអត្ថបទ និងអ្នកទីផ្សារឲ្យគេហទំព័រ apamat.com ហើយខ្ញុំក៏កំពុងធ្វើការជាអ្នកទីផ្សារឲ្យក្រុមហ៊ុនផ្សេងទៀតផងដែរ។ ខ្ញុំចូលចិត្តចែករំលែក ហើយខ្ញុំមកទីនេះគឺដោយសារខ្ញុំចង់ចែករំលែកអ្វីដែលខ្ញុំដឹងអំពីការធ្វើជំនួញ ជាមួយអ្នក។