លោក Richard Branson កាលដើមឡើយត្រូវបានគេចាត់ទុកថាជាក្មេងល្ងង់បំផុតនៅឯសាលារៀន ប៉ុន្តែរឿងដែលនឹកស្មានមិនដល់គឺថាលោកបានប្រែក្លាយខ្លួនឯងឱ្យទៅជាមនុស្សម្នាក់ដែលគ្រប់គ្នាចង់យកគំរូតាម។
បន្ទាប់ពីបោះបង់ការសិក្សា នៅវ័យ ១៦ ឆ្នាំ ក្មេងប្រុសដែលមានអត្តចរិតដូចជាមនុស្សសតិមិនគ្រប់ម្នាក់នេះ បែរជាត្រឡប់ទៅបង្កើតទស្សនាវដ្ដីដ៏ល្បីមួយឈ្មោះថា Student Magazine។
មនុស្សមួយចំនួនធំតែងតែយល់ថា ចង់បើអាជីវកម្មមួយឱ្យជោគជ័យ ចាំបាច់ត្រូវតែប្រើទុនយ៉ាងធំដើម្បីទប់។ ប៉ុន្តែសម្រាប់មហាសេដ្ឋី Branson គិតថា “អ្វីដែលសំខាន់បំផុតសម្រាប់ភាពជោគជ័យគឺ ចំណង់ចំណូលចិត្ត”។ លោកបន្ថែមទៀតថា “វាគ្មានអ្វីគួរឱ្យសង្ស័យទេថាជោគជ័យនិងបានមកដោយស្រួលបើអ្នកមានលុយគ្រប់គ្រាន់សម្រាប់បម្រុងទុកនោះ ប៉ុន្តែមានករណីជាច្រើនដែលអ្នកមិនចាំត្រូវការដើមទុនច្រើនដើម្បីចាប់ផ្តើមមុខជំនួញមួយ”។
ជាឧទាហរណ៍ស្រាប់ កាលលោក Richard Branson ចាប់បើកមុខរបររកស៊ីលើកដំបូងគឺប្រើដើមទុកមិនដល់ ២ ពាន់ដុល្លារផង នេះបើតាមការសម្តីរបស់លោកប្រាប់ដល់ពត៌មាន CNBC។
យ៉ាងណាមិញ រឿងដ៏ចៃដន្យមួយបានកើតឡើង គឺម្តាយរបស់គាត់បានរើសខ្សែកមួយខ្សែ។ បន្ទាប់ពីរើសបានខ្សែកនោះ ម្តាយរបស់ Richard បានប្រគល់វាទៅឱ្យប៉ូលីសដើម្បីរកម្ចាស់ដើម ប៉ុន្តែបន្ទាប់ពីប៉ុន្មានខែកន្លងផុតទៅ គ្មាននរណាម្នាក់មករកខ្សែកនោះសោះ ដូច្នេះប៉ូលីសក៏ប្រគល់វាឱ្យទៅម្តាយរបស់ Branson ដែលជាអ្នករើសបានវិញ។ ក្រោយមកទៀត ម្តាយរបស់ Branson បានលក់ខ្សែកនោះក្នុងតម្លៃប្រមាណជា 100 លុយផោន (ស្មើនិង129.61 ដុល្លារអាមេរិក) ហើយក៏ឱ្យប្រាក់នេះដល់កូនប្រុសរបស់គាត់ដើម្បីទុកជាថ្លៃចំណាយលើទស្សនាវដ្ដី Student Magazine។
លោក Branson បានបង្ហើបជាគំនិតថា ដើម្បីធ្វើជាសហគ្រិនមួយរូបគឺទាមទារការចំណាយទាបជាងពីមុន បើធៀបក្នុងសម័យទំនើបឌីជីថលនេះ។ អ្នកអាចបង្កើតសេវាកម្ម និងលក់ផលិតតាម online ដោយគ្រាន់តែអង្គុយធ្វើការនៅផ្ទះ។ ជាងនេះទៅទៀត អ្នកក៏អាចសុំកម្ចីពីធនាគារដើម្បីធ្វើជាទុនបន្ថែមផងដែរ។
ភាពជោគជ័យរបស់លោកក្នុងអាជីវកម្មដំបូងនេះបានបន្តរហូតធ្វើឱ្យ Richard Branson បង្កើតក្រុមហ៊ុនយក្ស Virgin Group ដែលមានក្រុមហ៊ុនតូចៗក្រោមចំណុះជាង ៤០០ ផ្សេងទៀត និងក្លាយខ្លួនជាមហាសេដ្ឋីលំដាប់ពិភពលោក៕
