មេរៀនជោគជ័យពីស្ថាបនិក ក្រុមហ៊ុន Starbuck លោក Howard D. Schultz​

3693

កើតក្នុងត្រកូលគ្រួសារក្រក្រី​ បានធ្វើឲ្យលោក ​Howard D. Schultz​ ដែលជាប្រធានប្រតិបត្តិរបស់ក្រុមហ៊ុន  Starbuck​ ផ្លាស់ប្តូរឆាកជីវិតរបស់គាត់ទាំងស្រុងក្រោយពេលដែលក្រុមហ៊ុនលក់ភេសជ្ជៈកាហេ្វល្បីសុសសាយ និងរីកធំឡើងៗទូទាំងពិភពលោក។​​ លោក Schultz បានកើតនៅថ្ងៃទី១៩ ខែកក្កដា ឆ្នាំ​១៩៥៣ ក្នុងរដ្ឋ Brooklyn នៃទីក្រុងញ៉ូយ៉ក ក្នុងគ្រួសារដែលមានជីវភាពមិនសូវធូរធារ។ ឪពុករបស់លោកធ្លាប់ធ្វើជាទាហាន ហើយក្រោយមកទៀតគាត់បានធ្វើជាអ្នកបើកឡានដឹកទំនិញវិញ។

លោកបានរំលឹកទៅពេលអតីតកាលដ៏សែនលំបាកថា “នៅវ័យកុមារភាពរបស់ខ្ញុំ គឺពោរពេញទៅដោយការខ្វះខាត​ ដោយនៅកន្លែងដែលខ្ញុំរស់នៅសុទ្ធសឹងជាមនុស្សដែលមានប្រាក់ចំណូលទាប។ ហើយខ្ញុំអាចបញ្ជាក់បានថាឪពុករបស់ខ្ញុំ គឺធ្វើការដើម្បីតែប្រាក់។ នៅអាយុ ៧ ឆ្នាំ មានរឿងរ៉ាវដ៏សោកសៅមួយដែលដក់ជាប់ក្នុងការចងចាំរបស់ខ្ញុំ គឺ គ្រួសាររបស់ខ្ញុំបានជួបនូវវិបត្តិហិរញ្ញវត្ថុ ដោយសារតែឪពុកខ្ញុំបានរងរបួសជើងនៅពេលធ្វើការ ដោយមិនមានប្រាក់ធានារ៉ាប់រង់សម្រាប់ធ្វើការព្យាបាលនោះទេ។ ខ្ញុំបានឃើញឪពុកខ្ញុំបាត់បង់នូវសេចក្តីថ្លៃថ្លូរ និងការគោរពចំពោះខ្លួនឯង ដោយសារតែគាត់គ្រាន់តែជាអ្នកធ្វើការងារដ៏សាមញ្ញមួយរូប។ ”

នៅឯ​វិទ្យាល័យ លោក Howard ក៏ជាកីឡាករបាល់ទាត់ដ៏ឆ្នើមមួយរូបដែរ ហើយថែមទាំងទទួលបានអាហារូបករណ៍ផ្នែកកីឡាពី​​ សាកលវិទ្យាល័យ Northern Michigan ទៀតផង។​ នៅពេលដែលបានចូលរៀនផ្នែកកីឡាមិនយូរប៉ុន្មាន លោកបែរជាមិនចង់ចាប់អាជីពជាអ្នកកីឡាករនោះទេ​ ហេតុនេះហើយទើបលោកបានប្តូរមករៀនមុខវិជ្ជាទំនាក់ទំនងវិញ។

ដើម្បីផ្គត់ផ្គង់នូវថ្លៃសិក្សា លោកបានខ្ចីថ្លៃសិក្សាពីសាលា ហើយបានធ្វើការក្រៅម៉ោងជាអ្នកក្រឡុកស្រា និង ខ្លះទៀតលោកបានលក់ឈាមដើម្បីបានប្រាក់យកមកផ្គត់ផ្គង់ថ្លៃសិក្សា។ បន្ទាប់ពីបញ្ចាប់ការសិក្សាសហគ្រិនវ័យក្មេងមួយរូបនេះបានធ្វើការជាអ្នកគ្រប់គ្រងផ្នែកលក់ឲ្យក្រុមហ៊ុន Xerox អស់រយៈពេល ៣ ឆ្នាំ  ក្រោយមកបានចូលធ្វើការនូវក្រុមហ៊ុន Hamamaplast នៅប្រទេស Swedish។ ក្រុមហ៊ុននេះមានលក់ឧបករណ៍ប្រើប្រាស់ក្នុងផ្ទះជាច្រើនដែលរាប់បញ្ចូលទាំងការលក់ម៉ាស៊ីនឆុងកាហ្វេទៅឲ្យក្រុមហ៊ុន Starbucks ផងដែរ។ លើសពីនេះទៅទៀតក្រុមហ៊ុន Starbuck បានចាប់ចិត្តនឹងឥរិយាបទធ្វើការ​ របស់ លោក Howard’s នៅពេលដែលក្រុមហ៊ុនបានបញ្ជាទិញនូវម៉ាស៊ីឆុងកាេហ្វយ៉ាងច្រើន។​

ដោយហេតុនេះហើយទើប លោក Gerald Baldwin និង Gordon Bowker ដែលជាម្ចាស់ក្រុមហ៊ុន Starbuck បានណាត់ជួបជាមួយលោក Howard’s នៅឯទីក្រុង Seattle ក្នុងរដ្ឋ Washington ។ បន្ទាប់ពីបញ្ចុះបញ្ចូលអស់រយៈពេលមួយឆ្នាំ ម្ចាស់ក្រុមហ៊ុន Starbuck បានជួលលោក Howard ធ្វើជានាយកប្រតិបត្តិលក់រាយ និងផ្នែកទីផ្សារ។ នៅពេលនោះដែរក្រុមហ៊ុន Starbuck មានតែ ៣ ហាងប៉ុណ្ណោះ។​ នៅក្នុងឆ្នាំ ១៩៨៥ លោក Howard បានចាកចេញពីក្រុមហ៊ុន  Starbuck​ ដោយសារតែស្ថាបនិកពីរូបបានបដិសេធនូវគំនិតដែលលោកចង់យកកាហេ្វអ៉ីតាលីធ្វើជាគោល។ ក្រោយមកលោកក៏បានបង្កើតក្រុមហ៊ុនលក់កាហេ្វផ្ទាល់ខ្លួនមួយ ឈ្មោះថា Il Giornale’ Italian ដែលផ្តល់កាហេ្វថ្មីរស់ជាតិដើមអ៉ីតាលីជារៀងរាល់ថ្ងៃ។


លោក Howard Schultz មានប្រសាសន៍ថា “មានតែមនុស្សដែលធ្វើដំណើរលើផ្លូវដែលគ្មានអ្នកដើរ បង្កើតនូវឧស្សាហកម្មថ្មី ផលិតផលថ្មី ទើបអាចកសាងក្រុមហ៊ុនដ៏រឹងមាំ យូរអង្វែង និងជំរុញឲ្យអ្នកដទៃអាចសម្រេចបាននូវលទ្ធផលដ៏អស្ចារ្យ”។ ក្រុមហ៊ុន Il Giornale’ ត្រូវការដើមទុន $១.៦ លានដុល្លារ ដើម្បីចាប់ផ្តើមអាជីវកម្ម។ លោក Schultz បានអធិប្បាយថា “លោកព្យាយាមបង្កើននូវប្រាក់ទុនវិនិយោគ ដោយខ្លួនលោកផ្ទាល់បានទៅជួបនិយាយជាមួយនឹងមនុស្ស ២៤២នាក់ ក្នុងនោះមាន ២១៧បានបដិសេធ មិនត្រឹមតែប៉ុណ្ណោះទេ ពួកគេបាននិយាយថា “ចូរព្យាយាមស្រមៃមើលថាតើវាគួរឱ្យខកចិត្តយ៉ាងដូចម្ដេចដែលត្រូវលឺច្រើនដងថាហេតុអ្វីបានជាគំនិតរបស់អ្នកមិនមានតម្លៃក្នុងការវិនិយោគ … វាគឺជាពេលវេលាមួយដ៏សែនសោកសៅ។” លោកបានចំណាយអស់រយ:ពេល ២ ឆ្នាំដើម្បីធ្វើការសិក្សាឡើងវិញនូវបទពិសោទធន៍ដែលលោកមានទៅលើកាហេ្វរស់ជាតិដើមបែបអ៉ីតាលី សម្រាប់ក្រុមហ៊ុន Il Giornale ។

នៅខែសីហា ឆ្នាំ ១៩៨៧ ក្រុមហ៊ុន Starbuck ត្រូវបានទិញដោយក្រុមហ៊ុន Il Giornale ក្នុងតម្លៃ $៣.៨ លានដុល្លារ។ Starbucks បានក្លាយជាក្រុមហ៊ុនសាធារណៈនៅឆ្នាំ ១៩៩២ ។ ហើយនៅ ខែមិថុនា ឆ្នាំដដែល Starbucks បានបោះលក់ភាគហ៊ុនរបស់ខ្លួន នៅផ្សារហ៊ុនញូូវយ៉ក ក្នុងតម្លៃ ១៤ ដុល្លារក្នុងមួយហ៊ុន ហើយត្រឹមតែមួយថ្ងៃតម្លៃបានឡើងដល់ 33 ដុល្លារ។  

ដើម្បីរក្សាគុណភាព និងផ្តល់ឱ្យអតិថិជននូវកាហ្វេដ៏ល្អឥតខ្ចោះ នៅឆ្នាំ ២០០៨ លោក Schultz បានបិទ ៧,១០០ ហាង ក្នុងគោលបំណង ដើម្បីបណ្តុះបណ្តាអ្នកឆុងកាេហ្វ និងរបៀបផលិត Espresso ដ៏ល្អឥតខ្ចោះ។ ក្នុងរយៈពេលពីរឆ្នាំបន្ទាប់ពីក្រុមហ៊ុននេះបានធ្វើការផ្លាស់ប្តូរដ៏ធំមួយនៅក្នុងឆ្នាំ ២០១០ ប្រាក់ចំណេញបានកើនឡើងទ្វេដងពី ៣១៥ លានដុល្លារទៅ ៩៤៥ លានដុល្លារ។ បច្ចុប្បន្នចំនួនលក់ប្រចាំឆ្នាំរបស់ក្រុមហ៊ុន Starbucks មានចំនួន ១៦ ពាន់លានដុល្លារ។ ហើយទ្រព្យសកម្មរបស់ លោក Schultz ក៏បានកើនឡើងដល់ទៅ ៣ ពាន់លានដុល្លារផងដែរ។

លោក Schultz បាននិយាយថា “ខ្ញុំមិនអាចផ្តល់ឱ្យអ្នកនូវរូបមន្ត អាថ៌កំបាំងជាក់លាក់ណាមួយដើម្បីទទួលបានជោគជ័យ ឬ ផែនការដ៏ល្អឥតខ្ចោះ ឬ របៀបដើម្បីឈានដល់កំពូលនៃភាពជោគជ័យនៅក្នុងអាជីវកម្មនោះទេ។ ប៉ុន្តែបទពិសោធផ្ទាល់របស់ខ្ញុំបានបង្ហាញថាការចាប់ផ្តើមពីដំបូង និងសម្រេចបានច្រើនជាងអ្វីដែលខ្ញុំសុបិន្តថាអាចធ្វើទៅបាន “​៕

ផ្ទាំងឃោសនាពាណិជ្ជកម្ម
ខ្ញុំគីជាអ្នកសរសេរអត្ថបទក្នុងគេហទំព័រ apamat.com ។ ចំពោះខ្ញុំការសរសេរអត្ថបទគឺជារឿងរីករាយ ប៉ុន្តែអ្វីដែលកាន់តែធ្វើឲ្យខ្ញុំរីករាយនោះគឺ ការចែករំលែកនូវចំណេះដឹង បទពិសោធន៍ ជំនាញ និង គតិបណ្ឌិតល្អៗដល់មិត្តអ្នកអានទុកជាចំណេះដឹងសម្រាប់ធ្វើការសិក្សាស្វែងយល់។