ការធ្វើអោយបាត់បង់ឱកាសធំៗក្នុងប្រវត្តិសាស្ត្រជំនួញនៅលើពិភពលោក

2529

ក្នុងប្រវត្តិសាស្ត្រនៃពិភពជំនួញ មានឱកាសល្អៗជាច្រើនបានកើតឡើងនៅចំពោះមុខអ្នកជំនួញមួយចំនួន ប៉ុន្ដែពួកគាត់បានធ្វើអោយបាត់បង់ឱកាសទាំងនោះទាំងមិនដឹងខ្លួន នៅពេលមើលបកវិញទើបស្ដាយក្រោយ តែអ្វីៗគឺបានហួសពេលអស់ទៅហើយ។ ខាងក្រោមនេះគឺជាការខ្ជះខ្ជាយឱកាសចំនួន៥ដែល Apamat បានដកស្រង់យកមកចែកជូនអ្នកអានទាំងអស់គ្នា។

 

១. Western Union និង ទូរស័ព្ទ៖ នៅឆ្នាំ ១៨៧៦ លោក Alexander Graham Bell ដែលទើបបង្កើតបានទូរស័ព្ទលើកដំបូងក្នុងប្រវត្តិសាស្ត្រ បានទាក់ទងទៅកាន់ក្រុមហ៊ុន Western Union ដើម្បីលក់កម្មសិទ្ធបញ្ញាអោយទៅខាងក្រុមហ៊ុនក្នុងតម្លៃ ១សែនដុល្លាអាមេរិច។ ហើយគាត់បានប្រាប់ថាគាត់ចង់បង្កើតអោយមានការប្រើប្រាស់ទូរស័ព្ទនៅគ្រប់ទីក្រុងរបស់អាមេរិច ប៉ុន្ដែខាង Western Union បានបដិសេធហើយនិយាយចំអកថាគំនិតនេះឆ្កួតលីលា។ ខាងក្រុមហ៊ុនបានបន្ថែមទៀតថា “ហេតុអ្វីគេចាំបាច់ប្រើឧបករណ៍ដែលគ្មានប្រយោជន៍នេះ ខណៈដែលមនុស្សអាចផ្ញើរសារតាមទូរលេខទៅកាន់គ្រប់ទីក្រុងធំៗទាំងអស់បាន?” ដូចដែលយើងដឹងហើយថាពេលនេះមនុស្សគ្រប់រូបសុទ្ធតែមានទូរស័ព្ទខណៈដែលទូរលេខមានតែនៅក្នុងសារៈមន្ទីរប៉ុណ្ណោះ។

២. Kodak និង កាមេរ៉ាឌីជីថល៖ នៅឆ្នាំ ១៩៧៥ វិស្វករនៅក្រុមហ៊ុន Kodak លោក Steven Sasson បានស្រាវជ្រាវបង្កើតកាម៉េរាឌីជីថលដំបូងគេបំផុតហើយគិតថានឹងធ្វើអោយម្ចាស់ក្រុមហ៊ុនសប្បាយចិត្តនឹងការរកឃើញនេះ ប៉ុន្តែអ្វីមិនដូចការគិតឡើយព្រោះ Kodak យល់ថាកាមេរ៉ាឌីជីថលអាចគំរាមកំហែងដល់ការលក់ផលិតផលថតរូបដោយប្រើហ្វីលរបស់ខ្លួន។ ដោយសារតែហេតុផលនេះហើយទើបធ្វើអោយ Kodak មិនយកបច្ចេកវិទ្យានេះមកផលិតកាមេរ៉ា។ ក្រោយមកដោយសារតែមានក្រុមហ៊ុនផ្សេងទៀតបានរកឃើញបច្ចេកវិទ្យានេះហើយយកមកផលិតកាមេរ៉ាឌីជីថល ដែលវាស្ទើរតែធ្វើអោយ Kodak ក្ស័យធុនក្នុងការប្រកួតប្រជែងជាមួយបច្ចេកវិទ្យាឌីជីថលនេះ។ ប្រសិនបើ Kodak ផលិតកាមេរ៉ាឌីជីថលតាំងពីដំបូងក្រុមហ៊ុនប្រហែលជាអាចរកប្រាក់ចំនេញបានរាប់ពាន់លានដុល្លារឯណោះ។

៣. ក្រុមហ៊ុន HP និង កុំព្យូទ័រផ្ទាល់ខ្លួន៖ នៅទសវត្សរ៍ ១៩៧០ លោក Steve Wozniak (ដៃគូរលោក Steve Jobs) បានកំពុងធ្វើការអោយក្រុមហ៊ុន HP ហើយគាត់បានប្រាប់ទៅខាងក្រុមហ៊ុនពីកុំព្យូរទ័រដែលលោកកំពុងតែស្រាវជ្រាវផលិត។ ក្រុមហ៊ុន HP បានប្រកែកថាគ្មាននរណាប្រើកុំព្យូទ័រក្នុងផ្ទះទេ ហើយក៏មិនបានវិនិយោគលើគម្រោងនោះទៅ។ ក្រោយមកលោក Wozniak ក៏បានសហការជាមួយលោក Steve Jobs ក្នុងការផលិតកុំព្យូរទ័រ Apple I ដែលទទួលបានការគាំទ្រ និងបង្កើតអោយមានក្រុមហ៊ុន Apple រហូតមកដល់សព្វថ្ងៃនេះ។ បើនិយាយពី HP វិញសព្វថ្ងៃក៏ផលិតកុំព្យូទ័រដែរ តែបើប្រៀបធៀបពីការជោគជ័យនឹង Apple ក្រុមហ៊ុនទាំងពីរនេះខុសគ្នាដូចមេឃនិងដី។

៤. រោងបោះពុម្ព និង អ្នកសរសេររឿង Harry Potter៖ សព្វថ្ងៃនេះអាជីវកម្មដែលពាក់ព័ន្ធនឹង Harry Potter មានតម្លៃប្រមាណ ១៥ពាន់លានដុល្លា។ កាលពីដំបូងឡើយពេលដែលអ្នកស្រី J.K. Rowling បានសរសេររឿងចប់គាត់ក៏បានដើររកក្រុមហ៊ុនបោះពុម្ពសៀវភៅរបស់ខ្លួន ប៉ុន្ដែមានរោងពុម្ពជាច្រើនបានបដិសេធ រហូតក្រោយមកទើបមានក្រុមហ៊ុនបោះពុម្ព Bloomsbury ដែលហ៊ានវិនិយោគក្នុងការបោះពុម្ពនេះ ហើយធ្វើអោយពិភពលោកស្គាល់ Harry Potter រហូតមកដល់ពេលបច្ចុប្បន្ន។

៥. លោក Ronald Wayne និង Apple៖ លោក Ronald Wayne គឺជាអ្នកផ្ដួចផ្ដើមបង្កើត Apple ដំបូងគេ ហើយលោកក៏ជាអ្នកគូរឡូហ្គោដំបូងរបស់ Apple ផងដែរ។ នៅឆ្នាំ ១៩៧៦ ប៉ុន្មានថ្ងៃក្រោយពីចាប់ដៃសហការណ៍ជាមួយ Steve Jobs និង Steve Wozniak គាត់ក៏បានលក់ភាគហ៊ុន ១០ភាគរយ ដែលមានតម្លៃស្មើរ ៨០០ដុល្លាទៅអោយ Apple វិញ ព្រោះគាត់យល់ថាប្រសិនបើក្រុមហ៊ុនជួបហានិភ័យ គាត់អាចនឹងក្លាយទៅជាអ្នកទទួលរ៉ាប់រងទាំងអស់។ ប៉ុន្ដែ Apple មិនបានក្ស័យធុនឡើយ ហើយបើគិតក្នុងពេលនេះ ភាគហ៊ុន ១០% នោះមានតម្លៃសើ្មរនឹង ៩៥ពាន់លានដុល្លាអាមេរិច៕

ផ្ទាំងឃោសនាពាណិជ្ជកម្ម
ខ្ញុំគឺជាជំនួយការសរសរអត្ថបទរបស់ apamat.com។ ខ្ញុំចូលចិត្តការងារនេះព្រោះខ្ញុំអាចសរសេរអត្ថបទទាក់ទងនឹង ការធ្វើជំនួញដើម្បីអ្នកអានគ្រប់គ្នា។ ខ្ញុំសង្ឃឹមថាអ្នកទាំងអស់គ្នានឹងក្លាយទៅជាអ្នកជំនួញជោគជ័យ ព្រោះនាពេល អនាគតបញ្ហារបស់ពិភពលោកភាគច្រើននឹងត្រូវបានដោះស្រាយដោយអ្នកជំនួញ។