គូប្រជែងធំរបស់ Jack Ma លោក Richard Liu មេ JD.com ត្រូវបានចាប់ខ្លួននៅសហរដ្ឋអាមេរិច

2308
Photo by VCG/VCG via Getty Images

មហាសេដ្ឋីចិន និងជាស្ថាបនិករបស់ក្រុមហ៊ុន JD.com Inc ត្រូវបានចាប់ខ្លួនដោយសារតែការចោទប្រកាន់ពីបទប្រព្រឹត្តិល្មើសផ្លូវភេទក្នុងអំឡុងពេលធ្វើដំណើរទស្សនៈកិច្ចពាណិជ្ជកម្មនៅរដ្ឋមីនីសូតា សហរដ្ឋអាមរិច។ ប៉ូលីសក្នុងទីក្រុង Minneapolis  កំពុងតែស៊ើបអង្កេតលើនាយកប្រតិបត្តិនៃសាជីវកម្មអ៊ីនធឺណេតធំបំផុតរបស់ប្រទេសចិនមួយនេះ។

លោក Liu Qiangdong ដែលប្រើឈ្មោះអង់គ្លេសថា Richard Liu ត្រូវបានឃាត់ខ្លួននៅម៉ោង 11 និង 32 នាទីយប់ ថ្ងៃទី 31 ខែសីហា លើការចោទប្រកាន់ពីបទ “ឧក្រិដ្ឋកម្ម​ផ្លូវ​ភេទ” និងត្រូវបានដោះលែងវិញនៅម៉ោង 4:05 នាទី ថ្ងៃទី 1 ខែកញ្ញា នេះបើយោងតាមកំណត់ត្រាចាប់ខ្លួនរបស់មន្ទីឃុំឃាំង Hennepin County Sheriff ។ អ្នកនាំពាក្យនាយកដ្ឋានប៉ូលីសក្រុង Minneapolis លោក John Elder បានបដិសេធមិនផ្តល់ព័ត៌មានលម្អិតបន្ថែមទៀតអំពីមូលហេតុនៃការចាប់ខ្លួននេះទេ ប៉ុន្តែបាននិយាយថាអាជ្ញាធរបានសម្រេចចិត្តមិនរក្សាទុក លោក Liu នៅក្នុងមន្ទីរឃុំឃាំងនោះទេ ហើយក៏មិនបានដាក់កំហិតលើការធ្វើដំណើរលើគាត់នៅពេលកំពុងធ្វើការស៊ើបអង្កេតនោះដែរ។

JD.com គឺជាក្រុមហ៊ុនពាណិជ្ជកម្មអេឡិចត្រូនិចដ៏ធំបំផុតរបស់ប្រទេសចិនបន្ទាប់ពីក្រុមហ៊ុន Alibaba Group Holding Ltd។ JD.com គាំទ្រដោយអ្នកវិនិយោគមកពី Tencent Holdings Ltd ក្រុមហ៊ុនអាមេរិក Walmart Inc និងក្រុមហ៊ុន Google Alphabet Inc។

ក្រុមហ៊ុននេះបានបង្ហោះនៅលើប្រព័ន្ធផ្សព្វផ្សាយសង្គម Weibo ផ្លូវការរបស់ខ្លួនថា ប៉ូលីសសហរដ្ឋអាមេរិកមិនបានរកឃើញកំហុសនៅក្នុងការស៊ើបអង្កេតរបស់ខ្លួន ប្រឆាំងនឹងលោក Liu ទេ ។ តំណាងរបស់ JD មិនបានឆ្លើយតបទៅនឹងសំណើសុំការធ្វើអត្ថាធិប្បាយទេនៅថ្ងៃចន្ទនេះ។ នៅលើគណនី Weibo របស់ខ្លួន ក្រុមហ៊ុននេះបាននិយាយថាលោក Liu នឹងបន្តដំណើរទស្សនកិច្ចរបស់លោកទៀត។

 

នៅចុងសប្តាហ៍កន្លងទៅនេះ JD បាននិយាយថា ខ្លួននឹងចាត់វិធានការផ្លូវច្បាប់ប្រឆាំងនឹងការចេញផ្សាយរបាយការណ៍មិនពិត និងពាក្យចចាមអារ៉ាមនានាពាក់ព័ន្ធនឹងរឿងរ៉ាវនេះ។

អ្នកវិភាគរបស់ Bloomberg Intelligence បាននិយាយថា “ការចាប់ខ្លួននាយកប្រតិបត្តិរបស់ក្រុមហ៊ុន JD.com នៅសហរដ្ឋអាមេរិក មិនគួរមានផលប៉ះពាល់ភ្លាមៗដល់ប្រតិបត្តិការរបស់ក្រុមហ៊ុនទេ” ៕

ប្រភព៖ Bloomberg Magazine

ផ្ទាំងឃោសនាពាណិជ្ជកម្ម
ខ្ញុំគឺជាអ្នកសរសេរអត្ថបទ និងអ្នកទីផ្សារឲ្យគេហទំព័រ apamat.com ហើយខ្ញុំក៏កំពុងធ្វើការជាអ្នកទីផ្សារឲ្យក្រុមហ៊ុនផ្សេងទៀតផងដែរ។ ខ្ញុំចូលចិត្តចែករំលែក ហើយខ្ញុំមកទីនេះគឺដោយសារខ្ញុំចង់ចែករំលែកអ្វីដែលខ្ញុំដឹងអំពីការធ្វើជំនួញ ជាមួយអ្នក។