នៅចាំផលិតផលរបស់ Apple ដែលផលិតហើយលក់មិនចេញតាមការចង់បានដែរទេ?

3038

Apple គឺជាក្រុមហ៊ុនបច្ចេកវិទ្យាមួយដែលមានតម្លៃពាន់ពាន់លានដុល្លារអាមេរិចដំបូងគេ ប៉ុន្តែរាល់ផលិតផលដែលផលិតដោយ Apple មិនមែនសុទ្ធតែទទួលបានជោគជ័យទាំងអស់នោះទេ។ កំឡុងពេលដែល Apple រះឡើងដំបូង មានក្រុមហ៊ុនជាច្រើនបានផលិតផលិតផលតាម Apple ប៉ុន្តែកាលណោះ ផលិតផលខ្លះរបស់ Apple បានបរាជ័យក្នុងការនាំចូលទីផ្សារ ហើយក្រុមហ៊ុនដែលផលិតតាម Apple ទាំងនោះក៏បានបរាជ័យអស់ដែរ។ 

 

សហស្ថាបនិករបស់ Apple លោក Steve Jobs ធ្លាប់បាននិយាយថា “អ្នកត្រូវហ៊ានបរាជ័យ… ប្រសិនបើអ្នកខ្លាចវា អ្នកនឹងមិនអាចរីកចម្រើននោះទេ។”

Apple III

Apple II គឺជាកុំទ្យូទ័រដ៏ជោគជ័យរបស់ Apple ក្នុងកំឡុងឆ្នាំ ១៩៧៧ ហើយកាលនោះវាគឺជាកុំទ្យូទ័រផ្ទាល់ខ្លួនដ៏ជោគជ័យបំផុត ដោយលក់បានចំនួន ៦ លានគ្រឿងឯណោះ ហើយកុំទ្យូទ័រម៉ូឌែលនេះត្រូវបាន Apple ឈប់ផលិតនៅឆ្នាំ ១៩៩៣។ 

ចំណែកម៉ូឌែលបងរបស់ Apple II គឺ Apple III មិនបានជោគជ័យដូចម៉ូឌែលចាស់ឡើយ។ Apple III ត្រូវបានដាក់លក់ក្នុងឆ្នាំ ១៩៨០ ហើយវាត្រូវបានផលិតឡើងផ្តោតលើការជួយម្ចាស់អាជីវកម្ម និងមានកម្មវិធីជាច្រើនសម្រួលដល់ការធ្វើជំនួញ។ គ្រានោះដោយសារតែ Steve Jobs ចង់ឲ្យម៉ាស៉ីនរបស់ Apple III ស្ងាត់ល្អ គាត់បានបញ្ជាមិនឲ្យបំពាក់កង្ហារលើ Apple III នោះទេ។ ក្រុមវិស្វករបានផលិតសំបកម៉ាស៉ីនដើម្បីជួយឲ្យវារក្សាសីតុណ្ហភាពត្រជាក់ ប៉ុន្តែវានៅតែក្តៅ។ ដើម្បីបញ្ជៀសបញ្ហា សហស្ថាបនិករបស់ Apple លោក Steve Wozniak បានចេញមុខទទួលខុសត្រូវ ដោយប្រកាសឲ្យអតិថិជនដែលទិញ Apple III ទាំងជាង ១៤០០០ គ្រឿងមកដូរថ្មីវិញ។ 

ក្នុងកំឡុងពេលនោះ Apple បានចេញដំណោះស្រាយទាន់ពេល ប៉ុន្តែវាបានធ្វើឲ្យ Apple ខូចឈ្មោះ និងបាត់បង់ប្រជាប្រិយភាពមិនតិចនោះទេ។ ក្រោយពីមិនបានទទួលជោគជ័យលើផលិតផល Apple III វាក៏ត្រូវបាន Apple ឈប់ផលិតក្នុងឆ្នាំ ១៩៨៤ ហើយ Steve Jobs បានប្រកាសពីការខាតបង់យ៉ាងសម្បើមលើសង្វាក់ផលិតកម្ម Apple III។ 

The Lisa

Lisa ត្រូវបានដាក់លក់ក្នុងឆ្នាំ ១៩៨៣ ហើយវាគឺជាកុំទ្យូទ័រដែលលក់ភ្ជាប់មកជាមួយ Mouse ហើយមានបំពាក់មកជាមួយបច្ចេកវិទ្យា Graphical User Interface ដំបូងគេ។ Lisa ប្រហែលជាដាក់តាមឈ្មោះកូនស្រីរបស់ Steve Jobs ម្នាក់ឈ្មោះ Lisa ដែលកាលណោះនាងទើបនឹងកើតមុនពេលដែលកុំទ្យូរទ័រ  Lisa ចេញលក់ ប៉ុន្តែ Steve Jobs មិនដែលបញ្ជាក់ពីរឿងនេះទេ។ នៅពេលចេញលក់  Lisa ត្រូវបានដាក់លក់ក្នុងតម្លៃដ៏ខ្ពស់ហួសហេតុគឺរហូតដល់ ៩៩៩៥ ដុល្លារក្នុងមួយគ្រឿង។ 

ដោយសារតែតម្លៃរបស់វាខ្ពស់ពេក បានធ្វើឲ្យការលក់បានតិច គឺលក់បានតែ ១សែនគ្រឿងប៉ុណ្ណោះ ហើយវាក៏ត្រូវបានឈប់ផលិតបីឆ្នាំក្រោយមក។ 

The Apple Newton

នៅពេលដែល Apple បញ្ចេញផលិតផលថ្មីរបស់ខ្លួន Newton ក្នុងឆ្នាំ ១៩៩៣ វាគឺជាការចាប់ផ្តើមថ្មីមួយនៃផលិតផលកត់ត្រាតាមបច្ចេកវិទ្យា។ លក្ខណៈពិសេសរបស់ Newton គឺជាផលិតផលមួយដែលអាចសរសេរ និងកត់ត្រានៅលើអេក្រង់របស់វាដោយប្រើប៊ិច ហើយ Newton អាចបកប្រែសំណេរដោយដៃនោះ ទៅជាសំណេរឌីជីថលវិញ។ កាលណោះ Apple ធ្វើទីផ្សារដោយហៅវាថាជា “បំណែកនៃក្រដាសមួយ” សម្រាប់កត់ត្រា។

នៅពេលជាក់ស្តែង Newton មិនអាចប្រើការបានតាមអ្វីដែល Apple សង្ឃឹមទុកនោះទេ ហើយវាពិបាកក្នុងការប្រើ។ 

នាយកប្រតិបត្តិរបស់ Apple លោក John Sculley (កាលណោះ Steve Jobs ត្រូវបានបណ្តេញចេញពី Apple ក្នុងឆ្នាំ ១៩៨៥) បានប្រកាសថានឹងលក់ Newton ឲ្យបាន ១លានគ្រឿងក្នុងឆ្នាំដំបូង ប៉ុន្តែពេលជាក់ស្តែង Newton លក់បានតែ ៥ម៉ឺនគ្រឿងប៉ុណ្ណោះក្នុងរយៈពេល ៣ ខែដំបូង ហើយការលក់ក៏នៅត្រឹង។ នៅពេលដែល Steve Jobs វិលចូល Apple វិញនៅឆ្នាំ ១៩៩៧ គាត់បានដក Newton ពីបញ្ចីផលិតផលរបស់ Apple យ៉ាងឆាប់រហ័ស ហើយក្រោយមកទៀត Steve Jobs យល់ថា Newton គួរតែអាចឲ្យមនុស្សប្រើម្រាមដៃដើម្បីបញ្ជាលើវា (Touch) ។ បន្ទាប់មកទៀត iPhone និង iPad ក៏បង្ហាញខ្លួនឡើង។ 

Macintosh TV

Macintosh TV ក៏ជាផលិតផលបរាជ័យរបស់ Apple ផងដែរ ហើយវាកើតឡើងក្នុងពេលអវត្តមានរបស់ Steve Jobs (ពេលគាត់ត្រូវបានបណ្តេញចេញពីក្រុមហ៊ុនដែលគាត់បង្កើតឡើងផ្ទាល់ដៃ)។ វាត្រូវបានប្រកាសដាក់លក់ក្នុងឆ្នាំ ១៩៩៣ ហើយ Apple ចង់ធ្វើឲ្យវាមានសមត្ថភាពអាចប្រើជាកុំទ្យូទ័រផង ជាទូរទស្សន៍ផង។ ដោយសារតែវាមិនសូវមានអ្វីប្លែក វាត្រូវបានលក់ចេញតែ ១ម៉ឺនគ្រឿងប៉ុណ្ណោះ ក្នុងតម្លៃ ២០៩៩ ដុល្លារក្នុងមួយគ្រឿង ហើយវាក៏ត្រូវបានឈប់ផលិតបីខែក្រោយពីដាក់លក់៕

ប្រភព៖ CNBC

ផ្ទាំងឃោសនាពាណិជ្ជកម្ម
ខ្ញុំគឺជាអ្នកសរសេរអត្ថបទ និងអ្នកទីផ្សារឲ្យគេហទំព័រ apamat.com ហើយខ្ញុំក៏កំពុងធ្វើការជាអ្នកទីផ្សារឲ្យក្រុមហ៊ុនផ្សេងទៀតផងដែរ។ ខ្ញុំចូលចិត្តចែករំលែក ហើយខ្ញុំមកទីនេះគឺដោយសារខ្ញុំចង់ចែករំលែកអ្វីដែលខ្ញុំដឹងអំពីការធ្វើជំនួញ ជាមួយអ្នក។