មករៀនមើលតម្លៃភាគហ៊ុន នៅលើផ្សារហ៊ុនសកល (Stock)

4638

ចំណេះដឹងអំពីការវិនិយោគក្នុងផ្សារហ៊ុននៅកម្ពុជាមិនសូវជាមានភាពទំលំទូលាយប៉ុន្មានទេ ហើយថ្ងៃនេះ apamat.com នឹងនាំយកចំណេះដឹងមួយអំពីរបៀបមើលតម្លៃភាគហ៊ុននៅក្នុងផ្សារហ៊ុនសកល។ ចំណេះដឹងនេះ នៅកម្ពុជាមិនសូវមានអ្នកចេះច្រើនទេ ពោលគឺមានតែមនុស្សមួយក្រុមដែលស្ថិតក្នុងវិស័យហិរញ្ញវត្ថុ និងអ្នកវិនិយោគលើផ្សារហ៊ុនប៉ុណ្ណោះ ដូច្នេះយើងជឿជាក់ថា apamat.com នឹងអាចធ្វើឲ្យប្រជាជនកម្ពុជាគ្រប់ស្រទាប់វណ្ណៈទទួលបានចំណេះដឹងទូលំទូលាយដូចប្រទេសជឿនលឿននៅលើពិភពលោកដែរ។

មានគេហទំព័រធំៗជាច្រើនដែលអ្នកអាចចូលមើលតម្លៃភាគហ៊ុនរបស់ក្រុមហ៊ុននានាលើពិភពលោកដែលបានបោះលក់ភាគហ៊ុនជាសាធារណៈ ប៉ុន្តែយើងសូមណែនាំឲ្យអ្នកចូលមើលក្នុងគេហទំព័រ Yahoo Finance តាម finance.yahoo.com ។ នៅពេលដែលអ្នកចូលទៅក្នុងគេហទំព័រ Yahoo Finance អ្នកនឹងឃើញដូចរូបខាងក្រោម៖

ឧទាហរណ៍ថាអ្នកចង់មើលតម្លៃភាគហ៊ុនរបស់ក្រុមហ៊ុន Facebook Inc អ្នកគ្រាន់តែវាយឈ្មោះ  FB (Facebook )នៅក្នុងប្រអប់ស្វែងរកហើយចុចលើវាទៅជាការស្រេច។ បន្ទាប់មកអ្នកនឹងឃើញដូចខាងក្រោម។ (បើកមើលលើទូរស័ព្ទដៃ)

លេខ 175.73 គឺជាតម្លៃភាគហ៊ុនក្នុងថ្ងៃនេះ និងវិនាទីដែលខ្ញុំកំពុងសរសេរ ហើយលេខពណ៌ក្រហម -1.91 (-1.08%) មានន័យថា តម្លៃក្នុងថ្ងៃនេះបានថយចុះ 1.91ដុល្លារ ឬស្មើរ 1.08% ប្រៀបធៀបជាមួយតម្លៃបិទផ្សារហ៊ុនកាលពីថ្ងៃសុក្រសប្តាហ៍មុន (ផ្សារហ៊ុនបើកតែថ្ងៃច័ន្ទដល់សុក្រប៉ុណ្ណោះ)។ ហើយបើតម្លៃកើនឡើង អ្នកនឹងឃើញលេខវិជ្ជមាន និងមានពណ៌បៃតងវិញ។ 

ក្រាបនោះ គឺពណ៌នាអំពីតម្លៃឡើងចុះនៃភាគហ៊ុនរបស់ Facebook ដែលកំពុងតែធ្លាក់ចុះមានពណ៌ក្រហម។

ឥឡូវនេះយើងមកមើលទិន្នន័យសង្ខេបរបស់ Facebook វិញម្តង៖

ពាក្យ Previous Close គឺជាតម្លៃភាគហ៊ុនដែលគិតត្រឹមថ្ងៃបិទផ្សារនៅពេលល្ងាច ថ្ងៃសុក្រសប្តាហ៍មុន ដែលមានតម្លៃ 177.64 ដុល្លារក្នុងមួយហ៊ុន។

ពាក្យ Open មានន័យថា តម្លៃបើកផ្សារនៅពេលព្រឹកថ្ងៃច័ន្ទ មានតម្លៃ 177.15 ដុល្លារក្នុងមួយហ៊ុន។

ពាក្យថា Bid មានន័យថា តម្លៃដែលទិញចូល ឬតម្លៃដែលគេសុំទិញ គឺ 175.80 ដុល្លារក្នុងមួយហ៊ុន ហើយទិញក្នុងចំនួន 3200 ហ៊ុន (175.80 x 3200) ។ បើអ្នកលក់ក្រោម 3200 ហ៊ុនគឺខុសពីតម្រូវការ។

ពាក្យ Ask មានន័យថាតម្លៃដែលលក់ចេញ ឬថ្លៃសុំលក់ គឺ 175.89 ដុល្លារក្នុងមួយហ៊ុន និងលក់ចាប់ពី 500 ហ៊ុនឡើង។ 

ពាក្យ Day’s Range មានន័យថា ក្នុងថ្ងៃនេះតម្លៃភាគហ៊ុនរបស់ Facebook បានធ្លាក់ចុះទាបបំផុតត្រឹម 174.98 ដុល្លារក្នុងមួយហ៊ុន ហើយឡើងខ្ពស់បំផុតត្រឹម 177.62 ដុល្លារក្នុងមួយហ៊ុន។

ពាក្យ 52 Week Range គឺជាទិន្នន័យសរុបរយៈពេល 52 សប្តាហ៍គិតចាប់ពីថ្ងៃនេះទៅក្រោយវិញ គឺមានតម្លៃទាបបំផុត 149.02 ដុល្លារក្នុងមួយហ៊ុន ហើយខ្ពស់បំផុតត្រឹម 218.62 ដុល្លារក្នុងមួយហ៊ុន។

ពាក្យ Volume មានន័យថា គិតត្រឹមវិនាទីនេះក្នុងថ្ងៃនេះ មានភាគហ៊ុនរបស់ Facebook ចំនួន 18,065,169 ត្រូវបានគេជួញដូរ។

ពាក្យ Avg. Volume មានន័យថា ចំនួនភាគហ៊ុន Facebook ដែលត្រូវបានជួញដូរក្នុងមួយថ្ងៃគិតជាមធ្យមមានចំនួន 24,181,660 ហ៊ុន។

ពាក្យ Market Cap មានន័យថា ជាតម្លៃនៅក្នុងទីផ្សាររបស់ Facebook ហើយវាមានតម្លៃសរុប 507.371 ពាន់លានដុល្លារអាមេរិច។ ដើម្បីរក Market Cap គេយកតម្លៃមួយភាគហ៊ុន គុណជាមួយនឹងចំនួនភាគហ៊ុនសរុប។ 

ពាក្យ Beta គឺជាកម្រិតហានិភ័យ។ បើវាតូចជាង 1 គឺមានន័យថាបើយើងទិញភាគហ៊ុនរបស់ Facebook មានហានិភ័យទាប តែបើវាធំជាង 1 មានន័យថាហានិភ័យខ្ពស់។ គិតត្រឹមវិនាទីនេះ Beta របស់ Facebook គឺ 0.72។

ពាក្យ PE Ratio ( Price-to-Earnings) មានន័យថាអត្រា ឬអនុបាតនៃការវាយតម្លៃរវាងតម្លៃក្នុងពេលបច្ចុប្បន្ន ជាមួយនឹង EPS។ គេគណនាវាដោយ យកតម្លៃទីផ្សារក្នុងមួយភាគហ៊ុន ចែកនឹងផលចំណេញក្នុងមួយភាគហ៊ុន (Market Value per Share / Earnings per Share)។ ឧទាហរណ៍ថា ប្រសិនបើក្រុមហ៊ុនមួយមាន PE ចំនួន 20 មានន័យថាអ្នកវិនិយោគហ៊ានចំណាយលុយ 20ដុល្លារ ដើម្បីរកបានផលចំណេញមកវិញ 1 ដុល្លារ។ 

ពាក្យ EPS (Earnings per Share) មានន័យថា ក្នុងមួយភាគហ៊ុនរបស់ Facebook អ្នកអាចរកចំណូលបានមកវិញ គឺ 6.46 ដុល្លារ។

ពាក្យ Earnings Date មានន័យថា ក្រុមហ៊ុនបានកំណត់ថ្ងៃចំណេញយ៉ាងច្បាស់លាស់ថា វានៅចន្លោះថ្ងៃទី 30 ខែតុលា ឆ្នាំ 2018 ដល់ថ្ងៃទី 5 ខែវិច្ចិកា ឆ្នាំ 2018។ បើអ្នកឃើញអក្សរ N/A មានន័យថាមិនមាន។

ពាក្យ Forward Dividend & Yield មានន័យថា ក្នុងឆ្នាំហ្នឹងក្រុមហ៊ុន Facebook នឹងចែកភាគលាភក្នុងមួយហ៊ុនប៉ុន្មាន ប៉ុន្តែឥឡូវនេះ Facebook មិនទាន់បញ្ជាក់ទេ ដោយដាក់អក្សរថា N/A។

ពាក្យ Ex-Dividend Date មានន័យថា ក្រុមហ៊ុន Facebook ចែកភាគលាភលើកមុននៅថ្ងៃណា ប៉ុន្តែ Facebook មិនបានបញ្ចេញទេដោយដាក់ថា N/A។ សូមបញ្ជាក់ថា តម្លៃក្នុងផ្សារហ៊ុនសកល គឺឡើងចុះស្ទើរគ្រប់វិនាទី៕

ផ្ទាំងឃោសនាពាណិជ្ជកម្ម
ខ្ញុំគឺជាអ្នកសរសេរអត្ថបទ និងអ្នកទីផ្សារឲ្យគេហទំព័រ apamat.com ហើយខ្ញុំក៏កំពុងធ្វើការជាអ្នកទីផ្សារឲ្យក្រុមហ៊ុនផ្សេងទៀតផងដែរ។ ខ្ញុំចូលចិត្តចែករំលែក ហើយខ្ញុំមកទីនេះគឺដោយសារខ្ញុំចង់ចែករំលែកអ្វីដែលខ្ញុំដឹងអំពីការធ្វើជំនួញ ជាមួយអ្នក។