ហេតុអ្វីមូលធននិយមជារបបសេដ្ឋកិច្ចដែលល្អជាងគេ?

5948

មូលធននិយមគឺចង់សំដៅទៅដល់សិទ្ធសេដ្ឋកិច្ចក្នុងការសម្រេចចិត្តក្នុងជីវភាពរស់នៅប្រចាំថ្ងៃរបស់បុគ្គលម្នាក់ៗដោយមិនមានការហាមឃាត់ឬលូកដៃពីរដ្ឋាភិបាលឡើយដរាបណាសកម្មភាពនោះមិនខុសច្បាប់ឬផ្ទុយពីសីលធម៌សង្គម រីឯកុំមុយនីសនិងសង្គមនិយមសំដៅទៅដល់ការសម្រេចចិត្តរបស់រដ្ឋាភិបាលក្នុងការរស់នៅប្រចាំថ្ងៃរបស់មនុស្សហើយមនុស្សត្រូវតែធ្វើតាមជាដាច់ខាតមិនថាគំនិតនោះល្អឬអាក្រក់ទេ ចំណែកឯទ្រព្យសម្បត្តិផ្ទាល់ខ្លួនក៏យើងគ្មានសិទ្ធក្នុងការកាន់កាប់ដែរ។ ការរីកចម្រើនរបស់ពិភពលោកយើងរហូតដល់សព្វថ្ងៃនេះអាចកើតឡើងបានដោយសារតែការអនុវត្តរបបមូលធននិយមរបស់ប្រទេសជាច្រើននៅលើពិភពលោក។ ផ្ទុយទៅវិញរបបកុំមុយនីសនិងសង្គមនិយមបានធ្វើអោយប្រទេសជាច្រើនបានរងទុក្ខវេទនា និងស្លាប់អស់មនុស្សជាង ១០០លាននាក់ ក្នុងនោះក៏មានប្រទេសកម្ពុជាយើងដែរកាលពីទស្សវត ១៩៧០។ សេដ្ឋកិច្ចមូលធននិយមពិតជាបានជួយដល់មនុស្សគ្រប់គ្នាមែនមិនថាអ្នកមានឬអ្នកក្រ ហើយសម្រាប់អ្នករកស៊ីកាន់តែចូលចិត្តសេដ្ឋកិច្ចប្រភេទនេះព្រោះវាផ្ដល់ផលទៅអោយអ្នកដែលខំប្រឹងប្រែងខ្លាំងជាងគេ។ ខាងក្រោមនេះគឺជាហេតុផលមួយចំនួនដែលគាំទ្រសេដ្ឋកិច្ចបែបមូលធននិយម។

 

១. សេរីភាព៖ ចំនុចសំខាន់បំផុតរបស់សេរីភាពគឺការជ្រើសរើសតាមចំណង់ចំណូលចិត្តរបស់ខ្លួន ហើយមូលធននិយមផ្ដល់មនុស្សនូវសេរីភាពនេះក្នុងការចូលរួមក្នុងទីផ្សារលក់ឬទិញទៅតាមការចង់បានរបស់ខ្លួន។ នៅក្នុងរបបកុំមុយនីស ការសម្រេចចិត្តគ្រប់បែបយ៉ាងគឺធ្វើដោយរដ្ឋាភិបាលដូចជាតើមនុស្សគ្រប់គ្នាត្រូវស្លៀកពាក់បែបណា រស់នៅផ្ទះដូចម្ដេច ឬបរិភោគប៉ុណ្ណា ត្រូវមានកូនប៉ុន្មានអ្នក…? 

២. ធ្វើអោយមានការសហការគ្នា៖ ឧទាហរណ៍ថាអ្នកចង់ជួលកូនសិស្សដែលទំនេរនៅក្រៅម៉ោងសិក្សាមកជួយធ្វើការក្នុងហាងរបស់អ្នក។ ដោយសារតែគាត់ជាកូនសិស្ស និងមិនដែលមានបទពិសោធន៍ក្នុងការងារ អ្នកក៏សាកសួរគាត់ថាប្រសិនបើធ្វើការអោយអ្នក គាត់នឹងបានប្រាក់ម៉ោងតិចជាង។ នៅពេលនិយាយគ្នារួចអ្នកទាំងពីរក៏ឯកភាពគ្នាហើយពេញចិត្តនឹងការសម្រេចចិត្តរៀងៗខ្លួន។ ចំណែកឯនៅក្នុងសេដ្ឋកិច្ចដែលធ្វើការសម្រេចចិត្តដោយរដ្ឋាភិបាលដូចជាកុំមុយនីសឬសង្គមនិយម ពួកគេជាកំណត់តម្លៃម៉ោងធ្វើការស្មើរៗគ្នាដោយមិនគិតពីសមត្ថភាព ឬបទពិសោធន៍របស់បុគ្គលម្នាក់ៗឡើយ និយាយរួមគឺគេចង់បានសមភាពសូម្បីតែការហៅគ្នាក៏ត្រូវប្រើពាក្យសមមិត្តដែរ មិនមានអ្នកណាធំតូចឡើយ។ ដោយសារតែហេតុនេះហើយ អ្នក និងកូនសិស្សម្នាក់នោះមិនទទួលបានផលចំនេញទាំងអស់គ្នាព្រោះអ្នកមិនចង់ជួលគាត់ក្នុងតម្លៃលើសពីសមត្ថភាព រីឯគាត់ក៏មិនបានទទួលប្រាក់បន្ថែមនិងបទពិសោធន៍ក្នុងការងារ។ ចុងបញ្ចប់អ្នកទាំងពីរគឺសុទ្ធតែជាអ្នកខាត។

៣. សុទិដ្ឋិនិយម៖ របបមូលធននិយមផ្ដោតលើឧ៌កាស ឬគំនិតដើម្បីផលិតនូវអ្វីដែលថ្មីអាចផ្ដល់ជាប្រយោន៍ដល់មនុស្សជាតិបាន។ ផ្ទុយទៅវិញនៅក្នុងការឃោសនារបស់ពួកកុំមុយនីសគឺផ្ដោតែលើចំនុចអវិជ្ជមាន ឬភាពខ្វះខាតធនធានរបស់ពិភពលោកអោយទៅអ្នករស់នៅក្រោមការគ្រប់គ្រងរបស់ខ្លួន ដូចជាកាលពីដើមពួកគេតែងតែទាយទុកថានាពេលអនាគតមនុស្សនឹងជួបភាពអត់ឃ្លានខ្វះខាតស្បៀងជាដើម(ហើយវិធីដោះស្រាយរបស់គេគឺបំបាត់ចោលមនុស្សឬកំណត់ចំនួនមនុស្សដែលត្រូវកើត) ផ្ទុយទៅវិញការរីកចម្រើនខាងវិស័យកសិកម្មទូទាំងពិភពលោកបានធ្វើអោយកសិករដាំដំណាំច្រើនជាងដោយប្រើដីតិចជាងមុនហើយអាចផ្គត់ផ្គង់តម្រូវការរបស់ពិភពលោកបាន។ នេះក៏ដោយសារការផ្ដល់សិទ្ធសេរីភាពដល់មនុស្សក្នុងកាសម្រេចចិត្តធ្វើអ្វីដែលខ្លួនចេះ និងបញ្ចេញនូវគំនិតរបស់ខ្លួនយកមកបម្រើដល់សង្គមវិញ។

៤. ជឿជាក់លើមនុស្សម្នាក់ៗ៖ មូលធននិយមជឿជាក់ថាមនុស្សទូទៅអាចសម្រេចចិត្តបានល្អបំផុតសម្រាប់ខ្លួនឯងដោយមិនចាំបាច់មានការលូកដៃពីរដ្ឋាភិបាលឡើយ។ ចំណែកឯកុំមុយនីសឬសង្គមនិយម ពួកគេគិតថាមានតែរដ្ឋាភិបាលទេទើបអាចសម្រេចចិត្តត្រូវ ដោយមិនបានគិតថារបស់មួយប្រភេទមិនអាចបម្រើតម្រូវការមនុស្សផ្សេងៗគ្នាឡើយ។

៥. លើកតម្កើងអ្នកដែលមានគំនិតល្អៗ៖ នៅក្នុងប្រព័ន្ធមូលធននិយម គេចូលចិត្តលើកតម្កើងនិងផ្ដល់ផលតបស្នងវិញដល់អ្នកដែលបានបង្កើតអ្វីថ្មី ឬមានគំនិតល្អណាមួយដែលអាចជួយដោះស្រាយដល់ការរស់នៅរបស់មនុស្សបាន។ ដោយសារហេតុនេះហើយទើបយើងឃើញថានៅក្នុងប្រទេសសេរីដូចជាអាមេរិចជាដើម អ្នកដែលបង្កើតបាននូវអ្វីដែលមានប្រយោជន៍នឹងក្លាយទៅជាអ្នកមាន ហើយបានជំរុញអោយមនុស្សជាច្រើនខិតខំស្វែងរកនូវរបស់ថ្មីព្រោះគេដឹងថាបើខ្លួនអាចធ្វើអោយគំនិតនោះដំណើរការ គេប្រាកដជានឹងទទួលបានផលតបស្នងវិញមិនខាន។ រីឯកុំមុយនីសឬសង្គមនិយម ពួកគេចូលចិត្តសមភាពជាង មិនថាអ្នកចេះ ពូកែ ឬប្រឹងធ្វើការប៉ុណ្ណាទេ អ្នកនៅតែទទួលបានលទ្ធផលស្មើរគ្នាដូចនឹងគេឯងដែរ។ ដោយសារហេតុផលនេះហើយទើបយើងឃើញថាប្រទេសដែលកាន់របបកុំមុយនីសមុនឬក្រោយគង់តែដួលរលំដោយឯកឯងឬដោយសារតែការបដិវត្តន៍របស់ប្រជាជនខ្លួន៕

ផ្ទាំងឃោសនាពាណិជ្ជកម្ម
ខ្ញុំគឺជាជំនួយការសរសរអត្ថបទរបស់ apamat.com។ ខ្ញុំចូលចិត្តការងារនេះព្រោះខ្ញុំអាចសរសេរអត្ថបទទាក់ទងនឹង ការធ្វើជំនួញដើម្បីអ្នកអានគ្រប់គ្នា។ ខ្ញុំសង្ឃឹមថាអ្នកទាំងអស់គ្នានឹងក្លាយទៅជាអ្នកជំនួញជោគជ័យ ព្រោះនាពេល អនាគតបញ្ហារបស់ពិភពលោកភាគច្រើននឹងត្រូវបានដោះស្រាយដោយអ្នកជំនួញ។