ក្រុមហ៊ុន Line និងបង្កើនទុន $1.3 ពាន់លាន តាមរយៈការលក់មូលបត្របំណុលដែលអាចបម្លែងទៅជាភាគហ៊ុនបាន

1969

សារព័ត៌មាន Reuters បានរាយការណ៍ថា ក្រុមហ៊ុនកម្មវិធីផ្ញើសារតាមទូរស័ព្ទដៃរបស់ជប៉ុន Line បានប្រកាសថាខ្លួននិងបង្កើនប្រាក់ទុនប្រមាណ 148,1 ពាន់លានយ៉េន (1,33 ពាន់លានដុល្លារអាមេរិក) តាមរយៈការចេញមូលបត្របំណុលដើម្បីប្រមូលលុយបណ្តាក់ទុនទៅក្នុងអាជីវកម្មនៃការផ្តល់សេវាកម្មហិរញ្ញវត្ថុ។

 

ក្រុមហ៊ុន Line បាននិយាយថា ខ្លួនមានផែនការចំណាយប្រាក់ភាគច្រើនលើការលើកកម្ពស់សេវាបង់ប្រាក់របស់ខ្លួន Line Pay  និងសម្រាប់សេវាកម្មហិរញ្ញវត្ថុថ្មីផ្សេងទៀតនៅចុងឆ្នាំ 2021 ។

កម្មវិធីផ្ញើសារ Line មានជាប់ពាក់ព័ន្ធក្នុងការផ្តល់ការបង់ប្រាក់រយៈពេលជាច្រើនឆ្នាំមកហើយ ដោយចាប់ផ្តើមបើក Line Pay នៅចុងឆ្នាំ 2014 មកម្លេះ ដើម្បីអនុញ្ញាតឱ្យអ្នកប្រើប្រាស់ធ្វើការទូទាត់តាមរយៈកម្មវិធីនៅតាមបណ្តាញអ៊ីនធើណេត និងតាមហាងលក់ទំនិញតាមរយៈការចុះឈ្មោះកាតឥណទានរបស់ពួកគេ។

Line Pay ក៏គាំទ្រដល់ការបង់ប្រាក់ p2p រវាងអ្នកប្រើប្រាស់កម្មវិធី ដែលមានអ្នកប្រើសកម្មប្រចាំខែចំនួន 164លាននាក់ នៅក្នុងប្រទេសជប៉ុន តៃវ៉ាន់ ថៃ និងឥណ្ឌូនេស៊ីផងដែរ។

ខណៈដែលមានប្រជាប្រិយភាពនៅតាមតំបន់អាស៊ី កម្មវិធីផ្ញើរសារនេះ មិនបានជោគជ័យក្នុងការទាញយកអ្នកប្រើប្រាស់លើសពីតំបន់ស្នូលរបស់ខ្លួននោះឡើយ ហើយវាមិនមានការភ្ញាក់ផ្អើលនោះទេចំពោះការប្រកួតប្រជែងយ៉ាងខ្លាំងក្លារវាង WeChat របស់ចិន និង Facebook ដែលមាន WhatsApp ជាកូនអុក។ ប៉ុន្តែខណៈពេលដែលកំណើនអ្នកប្រើបានជាប់គាំង ក្រុមហ៊ុន Line បានបង្កើនប្រាក់ចំណូលពីអតិថិជនដែលមានស្រាប់ ហើយការបង្កើនប្រតិបត្តការទ្វេដងលើសេវាកម្មហិរញ្ញវត្ថុ ក៏ទំនងជាយុទ្ធសាស្ដ្រលូតលាស់របស់ Line ផងដែរ។

ថ្មីៗនេះ Line កំពុងចាប់ផ្តើមពិសោធជាមួយនឹងបច្ចេកវិទ្យា crypto  ដែលបានប្រកាសអំពីការចាប់ផ្តើមឈានជើងក្នុងរូបិយប័ណ្ណអេឡិចត្រូនិច កាលពីចុងខែមុន និងកំពុងធ្វើការអភិវឌ្ឍ blockchain របស់ខ្លួនដើម្បីដំណើរការបច្ចេកវិទ្យានោះ។

កាលពីដើមឆ្នាំនេះក្រុមហ៊ុន Line ក៏បានប្រកាសបើកដំណើរការ កម្មវិធីប្តូរលុយក្រិបតូដែលមានមូលដ្ឋាននៅប្រទេសសិង្ហបុរី (Singapore-based crypto exchange) ដែលមានឈ្មោះថា BitBox ផងដែរ ។

នៅក្នុងសេចក្តីថ្លែងការណ៍មួយនៅថ្ងៃនេះក្រុមហ៊ុន Line បាននិយាយថា ខ្លួននឹងចេញសញ្ញាប័ណ្ណ(zero coupon convertible bond) ដែលអាចបម្លែងបានហើយមានសុពលភាពដល់ឆ្នាំ 2023 និង 2025 ។

សារព័ត៌មាន Reuters បានរាយការណ៍ថា ផ្នែកមួយនៃមូលបត្របំណុលនេះនឹងត្រូវចេញឱ្យក្រុមហ៊ុន Naver Corp របស់ខ្លួនដែលមានមូលដ្ឋាននៅកូរ៉េខាងត្បូងដើម្បីរក្សាភាពជាម្ចាស់របស់ខ្លួននៅខាងលើកម្រិតជាក់លាក់។

វាបានបន្ថែមថាភាគហ៊ុនរបស់ Naver នឹងធ្លាក់ចុះដល់ 70,42 ភាគរយពី 72,86 ភាគរយបច្ចុប្បន្ន នៅពេលមូលបត្របំណុលទាំងអស់ត្រូវបានបម្លែងទៅជាភាគហ៊ុន៕

ផ្ទាំងឃោសនាពាណិជ្ជកម្ម
ខ្ញុំគឺជាអ្នកសរសេរអត្ថបទ និងអ្នកទីផ្សារឲ្យគេហទំព័រ apamat.com ហើយខ្ញុំក៏កំពុងធ្វើការជាអ្នកទីផ្សារឲ្យក្រុមហ៊ុនផ្សេងទៀតផងដែរ។ ខ្ញុំចូលចិត្តចែករំលែក ហើយខ្ញុំមកទីនេះគឺដោយសារខ្ញុំចង់ចែករំលែកអ្វីដែលខ្ញុំដឹងអំពីការធ្វើជំនួញ ជាមួយអ្នក។