រដ្ឋាភិបាលជប៉ុនបានផ្ដល់ពត៌មានថាមនុស្សយ៉ាងតិច១០នាក់បានបាត់បង់ជីវិត ខណៈដែលផ្ទះជាងមួយលានខ្នងមិនមានភ្លើងអគ្គិសនីប្រើប្រាស់ឡើយ។ ព្យុះនេះជាព្យុះធំបំផុតក្នុងកំឡុងពេល២៥ឆ្នាំចុងក្រោយក្នុងប្រទេសជប៉ុន ដោយវាបានបំផ្លាញផ្ទះរបស់ប្រជាជនអស់ជាច្រើន ធ្វើអោយខូចខាតយានយន្ដជាច្រើន ធ្វើអោយដួលរលំបង្គោលភ្លើង និងបានធ្វើអោយកប៉ាល់ដឹកទំនិញទម្ងន់ ២៧០០ តោន រំកិលទៅបុកស្ពាន។ ចំណែកឯមនុស្សជាង៣០០០នាក់នៅក្នុងប្រលានយន្ដហោះ Kansai ត្រូវបានជម្លៀសចេញដោយទូកល្បឿនលឿនទៅកាន់កំពង់ផែ Kobe។

តាមអ្នកជំនាញបានអោយដឹងថាព្យុះ Jebi នេះកំពុងតែធ្វើដំណើរទៅកាន់ភាគខាងជើងប្រទេសជប៉ុនក្នុងល្បឿនដ៏លឿនគឺប្រហែល ២៤០គីឡូម៉ែត្រក្នុងមួយម៉ោង ដែលនេះជាចំនុចមួយគួរអោយព្រួយបារម្មណ៍ព្រោះវាអាចនឹងបង្កអោយមានផលប៉ះពាល់បន្ថែមទៀតនៅតំបន់ទាំងនោះ។ នៅក្នុងតំបន់ Nishinomiya ឡានប្រហែលជា ១០០ ត្រូវបានឆាបឆេះព្រោះតែបញ្ហាប្រព័ន្ធភ្លើងក្នុងរថយន្ដបានប៉ះជាមួយនឹងទឹកសមុទ្របើផ្អែកតាមមន្ត្រីអគ្គីភ័យ។

ចំណែកឯព្រលានយន្ដហោះ Kansai វិញត្រូវបានអ្នកជំនាញខាងអាកាសចរណ៍ប្រាប់ថាអាចនឹងបើកអោយដំណើរការក្នុងរយៈពេលប៉ុន្មានថ្ងៃទៀតប៉ុន្ដែមិនទាន់ប្រាកដអោយច្បាស់ទេ។ រីឯលោកនាយករដ្ឋមន្ត្រី Shinzo Abe បានចេញបញ្ជាបន្ទាន់ដើម្បីអោយកងកម្លាំងគ្រប់ផ្នែកចេញទៅជួយជនរងគ្រោះនិងស្វែងរកកន្លែងមានសុវត្ថិភាពអោយពួកគេ។ រហូតមកដល់ពេលនេះគេមិនទាន់ដឹងថាព្យុះនេះបានប៉ះពាល់ដល់សេដ្ឋកិច្ចរបស់ជប៉ុនប៉ុណ្ណាទេ តែបើតាមការវិភាគនិងផ្អែកតាមគ្រោះធម្មជាតិមុនៗ លើកនេះក៏ប៉ះពាល់មិនតិចដែរ ហើយអាចធ្វើអោយខូចខាតទ្រព្យសម្បត្តិ ហេដ្ឋារចនាសម្ព័ន…រហូតដល់ខ្ទង់ពាន់លានដុល្លា៕

ប្រែសម្រួលមកពី Independence
