យុវវ័យកម្ពុជា កំពុងក្លាយជាឧបករណ៍ចែកចាយទំនិញគ្មានប្រភពច្បាស់លាស់ពីប្រទេសជិតខាងនៅលើអនឡាញ

3828
រូបតំណាង

នាពេលបច្ចុប្បន្ន មុខរបរលក់ទំនិញនៅលើបណ្តាញសង្គមដូចជា Facebook និង Instagram កំពុងតែពេញនិយមសម្រាប់យុវវ័យខ្មែរជាពិសេសយុវតី។ ទំនិញទាំងនោះភាគច្រើនជាផលិតផលគ្រឿងសំអាងដែលមានម្ចាស់ជាបុគ្គល មិនមែនជាផលិតផលរបស់ក្រុមហ៊ុនធំៗដែលមានប្រភពច្បាស់លាស់នោះទេ។

ទំនិញដែលមិនមានប្រភពច្បាស់លាស់ទាំងនោះ គឺជាទំនិញដែលផលិតដោយបុគ្គល ឬក្រុមមនុស្សមួយក្រុម តាមរយៈការយកលុយទៅជួលខាងរោងចក្រឲ្យផលិតទំនិញដែលពួកគេចង់បាន។ នៅប្រទេសទាំងនោះ ពួកគេងាយស្រួលខ្លាំងណាស់ក្នុងការផលិតផលិតផលដែលពួកគេចង់បាន ហើយដាក់យីហោដោយខ្លួនឯង។ ឧទាហរណ៍ថាបើពួកគេចង់បានថ្នាំសម្រក់ទំងន់ ពួកគេគ្រាន់តែទៅរោងចក្រផលិតគ្រឿងសំអាងណាមួយនៅក្នុងប្រទេសរបស់ពួកគេ រួចហើយកម្មង់ផលិតផលនោះជាការស្រេច មានន័យថាពួកគេមិនមែនជាអ្នករកឃើញរូបមន្តពិសេសអ្វី និងមានជំនាញលើផលិតផលនោះទេ។ មិនមែនតែថ្នាំសម្រក់នោះទេ នៅមានផលិតផលជាច្រើនទៀតដូចជាសាប៊ូលាងមុខ ម្សៅលាបមុខ ឡេលាបខ្លួន កាហ្វេ-តែសម្រក់ទំងន់ សាប៊ូកក់សក់ និងឡេលាបក្លៀកឲ្យសជាដើម ដែលរោងចក្រទាំងនោះអាចផលិតឲ្យអ្នកបានដោយគ្រាន់តែឲ្យលុយពួកគេ ហើយមិនចាំបាច់ធ្វើអ្វីទាំងអស់។

ក្រោយមក នៅពេលដែលរោងចក្រផលិត ផលិតផលិតផលទាំងនោះរួចរាល់ ម្ចាស់ផលិតផលនោះបានបង្កើតកម្មវិធីធ្វើទីផ្សារដើម្បីចែកចាយផលិតផលរបស់គេ។ យុទ្ធសាស្ត្រធ្វើទីផ្សារនោះភាគច្រើនគឺ ទិញកាន់តែច្រើនកាន់តែចំណេញច្រើន ទិញបានមាស ទិញសន្សំពិន្ទុ ទិញបានរង្វាន់ផ្សេងៗជាដើម ដែលយុទ្ធសាស្ត្រទាំងនោះគឺដើម្បីជម្រុញឲ្យតំណាងចែកចាយនៅលើអនឡាញរបស់ពួកគេកាត់ទំនិញចូលស្តុកកាន់តែច្រើន។ យុទ្ធសាស្ត្រទិញកាន់តែច្រើន ចំណេញកាន់តែច្រើនរបស់ពួកគេ គឺពួកគេបានបង្កើតតារាងតម្លៃមួយដែលរាយចំនួនទំនិញ និងតម្លៃចាប់ពីតិចទៅច្រើនដូចរូបខាងលើ។

នៅលើតារាងនេះ មានន័យថា បើទិញក្នុងចំនួន ៣ប្រអប់ តម្លៃក្នុងមួយប្រអប់តែ ៛៣២០០០ ទេ បើទិញ៦ប្រអប់ តម្លៃធ្លាក់នៅតែ ៛៣០០០០ ទិញកាន់តែច្រើនតម្លៃកាន់តែធ្លាក់ ធ្វើឲ្យតំណាងចែកចាយរបស់ពួកគេចង់ទិញកាន់តែច្រើនដើម្បីលក់បានចំណេញច្រើន។

បញ្ហានោះគឺត្រង់ថា អ្នកដែលជាម្ចាស់ផលិតផលទាំងនោះ ផលិតផលិតផលដោយមិនមានគោលដៅវែងឆ្ងាយ មានន័យថាពួកគេកើបលុយមួយឆាវ រួចហើយអ្នករងគ្រោះគឺជាអ្នកដែលកាត់ទំនិញទាំងនោះមកស្តុកទុកលក់មិនចេញ។ ម្ចាស់ផលិតផលទាំងនោះ នៅពេលដែលពួកគេចំណេញច្រើនហើយ ពួកគេចាប់ផ្តើមទម្លាក់គុណភាពផលិតផល ហើយនៅពេលលក់លែងដាច់ ពួកគេទៅផលិតផលិតផលថ្មីទៀត ហើយប្រើយុទ្ធសាស្ត្រដដែល។ ដែលនេះជាបញ្ហាដែលតំណាងចែកចាយរបស់ពួកគេ ដូចជាយុវតីខ្មែរជាដើមនឹងជួប ហើយវាហាក់ដូចជាយុវតីខ្មែរកំពុងធ្វើជាឧបករណ៍ចែកចាយទំនិញរបស់ពួកគេ និងកំពុងតែជួយដាំដុះសេដ្ឋកិច្ចរបស់ពួកគេអញ្ចឹងដែរ ហើយផលិតផលទាំងនោះទៀតសោតគឺថ្លៃ និងមិនមានគុណភាព។

សកម្មភាពនេះ មិនមែនកើតឡើងនៅតែប្រទេសកម្ពុជាទេ ប្រទេសក្រីក្រដ៏ទៃទៀតក៏មានដែរ ដូចជាឡាវ និងមីយ៉ាន់ម៉ាជាដើម។ យុវវ័យខ្មែរ គួរតែងាកមកផលិតផលិតផលដែលអាចផលិត និងមានវត្ថុធាតុដើមនៅក្នុងប្រទេស ជាជាងនាំចូលផលិតផលគ្មានគុណភាពមកចែកចាយនៅក្នុងទីផ្សារក្នុងប្រទេសតាមរយៈអនឡាញ បើមិនដូចច្នេះទេពួកយើងនៅតែជាឧបករណ៍ចែកចាយទំនិញរបស់ពួកគេរហូត។

សូមបញ្ជាក់ថា អត្ថបទនេះមិនមែនមានន័យថាមុខរបរលក់អនឡាញមិនល្អនោះទេ ប៉ុន្តែវាសំដៅលើការលក់ផលិតផលគ្រឿងសំអាងដែលមិនមានប្រភពច្បាស់លាស់ មិនមានគោលការណ៍អាជីវកម្មត្រឹមត្រូវ និងមិនមានគុណភាព៕

ផ្ទាំងឃោសនាពាណិជ្ជកម្ម
ខ្ញុំគឺជាអ្នកសរសេរអត្ថបទ និងអ្នកទីផ្សារឲ្យគេហទំព័រ apamat.com ហើយខ្ញុំក៏កំពុងធ្វើការជាអ្នកទីផ្សារឲ្យក្រុមហ៊ុនផ្សេងទៀតផងដែរ។ ខ្ញុំចូលចិត្តចែករំលែក ហើយខ្ញុំមកទីនេះគឺដោយសារខ្ញុំចង់ចែករំលែកអ្វីដែលខ្ញុំដឹងអំពីការធ្វើជំនួញ ជាមួយអ្នក។