ចំនុចដែលឪពុកម្ដាយត្រូវធ្វើដើម្បីអោយកូនជោគជ័យនាពេលអនាគត

1905

ឪពុកម្ដាយជាទូទៅតែងតែចង់ឃើញកូនជោគជ័យ មានកេរ្តិ៍ឈ្មោះល្អនៅពេលដែលពួកគេក្លាយជាមនុស្សពេញវ័យ ប៉ុន្តែមិនដឹងថាមានចំនុចអ្វីខ្លះត្រូវបង្រៀនដល់ពួកគេ។ ថ្ងៃនេះ Apamat នាំយកនូវចំនុចល្អៗជាច្រើនដែលអ្នកអាចបង្រៀនដល់ក្មេងៗបាន ហើយអ្នកត្រូវចងចាំថាចំនុចទាំងអស់នេះមិនទាន់អស់ទេ ប្រសិនបើអ្នកមានចំនុចល្អៗជាច្រើនទៀតគឺត្រូវតែបង្រៀនដល់ពួកគេផងដែរ។

 

១. បង្រៀនកូនអោយចេះធ្វើការ៖ បង្រៀនពួកគេអោយចេះធ្វើការងារដោយដំបូងចាប់ផ្ដើមអោយធ្វើការងារស្រាលៗក្នុងផ្ទះដូចជាបោសជូតផ្ទះ លាងចាន រៀបចំផ្ទះជាដើម។ ការទម្លាប់អោយពួកគេធ្វើការងារទាំងនេះនឹងបណ្ដុះគំនិតក្នុងខ្លួនពួកគេថាខ្លួនត្រូវតែធ្វើការដើម្បីអាចរស់នៅចុះសម្រុងនឹងគេឯងបាន ហើយក៏ធ្វើអោយពួកគេមានទម្លាប់ចូលចិត្តធ្វើការងារតាំងពីក្មេង។

២. បង្រៀនអោយគេចេះរស់នៅក្នុងសង្គម៖ ប្រសិនបើអាចគួរនាំគេចេញក្រៅអោយបានច្រើន ទៅកន្លែងសាធារណៈ ទៅលេងបងប្អូនរបស់អ្នក…។ ការធ្វើបែបនេះនឹងធ្វើអោយកូនៗយល់ដឹងពីសង្គមខាងក្រៅ ហើយអាចបង្កើតទំនាក់ទំនងជាមួយគេឯងទៀត ទោះបីជាវាហត់បន្តិចមែនតែវាពិតជាសំខាន់សម្រាប់កូនៗរបស់អ្នក។ ក្នុងជំនួញការចេះមានទំនាក់ទំនងល្អគឺពិតជាសំខាន់ ហើយការបង្ហាត់កូនៗអោយចេះតាំងពីក្មេងគឺល្អជាងអោយពួកគេឈ្ងោកមុខនឹងទូរស័ព្ទគ្រប់ពេល ឬលេងហ្គេមមិនបានចេញទៅខាងក្រៅសោះ បន្ថែមពីនេះការយល់ដឹងពីសង្គមខាងក្រៅក៏អាចអោយពួកគេក្លាយទៅជាមនុស្សរឹងបុឹង ចេះជួយខ្លួនឯង មិនខ្លាចគេជាដើម។ បន្ថែមពីនេះមានសីលធម៌ល្អក្នុងការរស់នៅក៏សំខាន់ណាស់ដែរ ព្រោះទាំងយើងទាំងគេសុទ្ធតែមិនចូលចិត្តមនុស្សដែលខ្វះសីលធម៌។

៣. បង្រៀនអោយពួកគេស្រលាញ់ចំណេះដឹង៖ ចំណេះដឹងមិនមែនសំដៅតែលើការរៀននៅសាលាតែមួយមុខទេ តែការរៀនសូត្រខាងក្រៅដូចជាការអានសៀវភៅល្អៗក៏អាចបង្កើតចំណេះដឹងបានដែរ។ ក្រៅពីនេះក៏ត្រូវចេះពីចំណេះដឹងសង្គមព្រោះក្នុងសៀវភៅមិនបានបង្រៀនអស់ដើម្បីយកមកប្រើប្រាស់ក្នុងស្ថានភាពជាក់ស្ដែងឡើយ។

៤. បង្កើតអោយមានគ្រួសារល្អមួយ៖ ក្មេងដែលមានគ្រួសារល្អ មិនមានជម្លោះផ្ទៃក្នុងរវាងឪពុកម្ដាយ ឬបងប្អូនតែងតែទទួលបានលទ្ធផលល្អក្នុងសាលានិងក្នុងជីវិតជាងក្មេងដែលមិនមាន។ 

៥. ធ្វើអោយពួកគេចូលចិត្តគណិតវិទ្យា៖ មិនមែនចង់អោយពួកគេក្លាយទៅជាគណិតវិទូទេ តែពិភពលោកសព្វថ្ងៃប្រើប្រាស់គណិតវិទ្យាស្ទើរតែគ្រប់វិស័យដើម្បីដំណើរការបាន ឧទាហរណ៍ដូចជាក្នុងជំនួញធំៗ ហិរញ្ញវត្ថុ ការវិនិយោគ បច្ចេកវិទ្យា ឬសូម្បីតែការលក់ដូរធម្មតា។ មួយទៀតការចេះគណិតវិទ្យាល្អបង្វឹកអោយខួរក្បាលរបស់ពួកគេមានភាពរវាសក្នុងការគិតផងដែរ។ 

៦. អោយរៀនភាសាបរទេសសំខាន់ៗ៖ ភាសាអង់គ្លេសគឺពិតជាសំខាន់បំផុតសម្រាប់ទំនាក់ទំនងរកស៊ី ឬធ្វើការងជាមួយនឹងសឹងតែគ្រប់ជនជាតិទាំងអស់ ហើយពត៌មាននិងចំណេះដឹងល្អៗជាច្រើនគឺសុទ្ធតែសរសេរក្នុងភាសាអង់គ្លេស។ ក្រៅពីនេះភាសាផ្សេងៗទៀតដូចជាចិន ជប៉ុន បារាំង…ក៏សំខាន់ដែរ តែមិនត្រូវភ្លេចភាសាជាតិរបស់ខ្លួនឡើយ។ 

៧. ណែនាំថាការបរាជ័យមិនមែនជាទីបញ្ចប់ទេ៖ ការបរាជ័យគង់តែនឹងមានទេក្នុងជីវិតរបស់ពួកគេនាពេលអនាគត តែយើងត្រូវតែប្រាប់ថាគេនឹងធ្វើបានប្រសិនបើនៅតែប្រឹងប្រែងមិនចុះចាញ់។ ដើម្បីងាយស្រួលអោយក្មេងយល់បាន អ្នកអាចប្រាប់ថាជីវិតដូចជាការជិះកង់អញ្ចឹង ពេលរៀនជិះដំបូងមានដួលប៉ះដៃប៉ះជើងជាដើម តែបើគេនៅតែប្រឹងជិះនោះយូរមិនឆាប់គង់តែចេះជិះស្ទាត់មិនខាន ហើយពេលអនាគតអាចបើកម៉ូតូ និងឡានទៀតផង៕

ផ្ទាំងឃោសនាពាណិជ្ជកម្ម
ខ្ញុំគឺជាជំនួយការសរសរអត្ថបទរបស់ apamat.com។ ខ្ញុំចូលចិត្តការងារនេះព្រោះខ្ញុំអាចសរសេរអត្ថបទទាក់ទងនឹង ការធ្វើជំនួញដើម្បីអ្នកអានគ្រប់គ្នា។ ខ្ញុំសង្ឃឹមថាអ្នកទាំងអស់គ្នានឹងក្លាយទៅជាអ្នកជំនួញជោគជ័យ ព្រោះនាពេល អនាគតបញ្ហារបស់ពិភពលោកភាគច្រើននឹងត្រូវបានដោះស្រាយដោយអ្នកជំនួញ។