តើភាគលាភគឺជាអ្វី?

4259

ភាគលាភគឺជាការទូទាត់ដែលបានធ្វើឡើងដោយសាជីវកម្មមួយទៅកាន់ម្ចាស់ហ៊ុនរបស់ខ្លួនក្នុងទម្រង់ជាសាច់ប្រាក់ (ហៅថាភាគលាភសាច់ប្រាក់) ឬភាគហ៊ុន (ភាគលាភភាគហ៊ុន) ។ ប្រសិនបើអ្នកជាម្ចាស់ហ៊ុន អ្នកអាចគិតពីភាគលាភដែលជាចំណែករបស់អ្នកដែលបានពីផលចំណេញរបស់ក្រុមហ៊ុន។ ក្រុមហ៊ុនដែលមានស្ថេរភាពភាគច្រើនផ្តល់ភាគលាភដល់ភាគទុនិក។ ហេតុផលមួយសម្រាប់ភាគលាភ គឺតម្លៃភាគហ៊ុនសម្រាប់ក្រុមហ៊ុនដែលមានសុវត្ថិភាព និងស្ថេរភាពផ្នែកហិរញ្ញវត្ថុ ជាទូទៅមិនមានការប្រែប្រួលច្រើននោះទេ ដូច្នេះភាគលាភត្រូវបានផ្តល់ជូនដើម្បីទាក់ទាញ ជារង្វាន់ និងរក្សាវិនិយោគិន។

វិនិយោគិនជាច្រើនវិនិយោគប្រាក់ទិញភាគហ៊ុនដើម្បីបានភាគលាភសម្រាប់ធ្វើជាផ្នែកមួយនៃយុទ្ធសាស្រ្តកសាងទ្រព្យសម្បត្តិរយៈពេលវែង ហើយខ្លះទៀតសល់សម្រាប់កូនចៅជំនាន់ក្រោយរបស់ពួកគេទៀតផង។

នៅពេលអ្នកវិនិយោគលើភាគហ៊ុន អ្នកអាចចំណេញពីប្រភពពីរ។ ទីមួយពីភាគលាភ និងទីពីរបានពីការលក់ភាគហ៊ុនចេញទៅវិញ។ ឧទាហរណ៍ថាអ្នកទិញភាគហ៊ុននៃក្រុមហ៊ុនមួយក្នុងចំនួន 5,000ហ៊ុន ក្នុងតម្លៃមួយភាគហ៊ុន $30 ហើយមួយឆ្នាំក្រោយមកភាគហ៊ុនរបស់ក្រុមហ៊ុននោះកើនឡើងដល់មួយភាគហ៊ុន $40 អ្នកក៏សម្រេចចិត្តលក់វិញ។ មានន័យថាអ្នកចំណេញបានពីភាគលាភដែលបានចែកក្នុងរយៈពេលមួយឆ្នាំនោះផង (បើក្រុមហ៊ុនបែងចែក) និងចំណេញបានមួយភាគហ៊ុន $10 នៅពេលលក់នោះផងស្មើរ $50,000។ បើប្រៀបធៀបរវាងការយកលុយ $150,000 ដែលយកទៅទិញភាគហ៊ុន 5,000ហ៊ុននោះ ទៅដាក់នៅធនាគារវិញដែលមានការប្រាក់ 8%ក្នុងមួយឆ្នាំ អ្នកនឹងបានចំណេញតែ $12,000 ប៉ុណ្ណោះ។

សម្រាប់អ្នកដែលចង់យល់ឲ្យកាន់តែច្បាស់ពីការវិនិយោគ គួរតែរៀនវិនិយោគប្រាក់ក្នុងចំនួនតិចតួចទៅក្នុងអាជីវកម្មបង្កើតថ្មី ប៉ុន្តែអ្នកត្រូវធ្វើឲ្យប្រាកដថាលុយរបស់អ្នកមានកម្រិតហានិភ័យទាប និងដាក់វានៅជាមួយមនុស្សដែលពូកែ និងអាចទុកចិត្តបាន។ ព្រោះថាការអានសៀវភៅវិនិយោគក្តី ការរៀននៅសាលាក្តី វាមិនអាចឲ្យអ្នកច្បាស់ដូចអនុវត្តន៍ជាក់ស្តែងទេ។ ហើយសម្រាប់ខ្ញុំ ខ្ញុំបានរៀនវិនិយោគផ្ទាល់តាំងពីខ្ញុំរៀននៅសកលវិទ្យាល័យឆ្នាំទី១មកម្លេះជាមួយនឹងមិត្តរួមថ្នាក់របស់ខ្ញុំពីរបីនាក់ទៀត៕

ផ្ទាំងឃោសនាពាណិជ្ជកម្ម
ខ្ញុំគឺជាអ្នកសរសេរអត្ថបទ និងអ្នកទីផ្សារឲ្យគេហទំព័រ apamat.com ហើយខ្ញុំក៏កំពុងធ្វើការជាអ្នកទីផ្សារឲ្យក្រុមហ៊ុនផ្សេងទៀតផងដែរ។ ខ្ញុំចូលចិត្តចែករំលែក ហើយខ្ញុំមកទីនេះគឺដោយសារខ្ញុំចង់ចែករំលែកអ្វីដែលខ្ញុំដឹងអំពីការធ្វើជំនួញ ជាមួយអ្នក។