មកស្គាល់អាជីវកម្មប្លែកមួយនៅកូរ៉េខាងត្បូង ដែលទើបតែបង្កើនដើមទុនជុំទីមួយ $8លាន

1960

សេវាកម្មសំអាតផ្ទះនៅកូរ៉េខាងត្បូង Miso បានបង្កើនទុនវិនិយោគចំនួន 8 លានដុល្លារអាមេរិកក្នុងយុទ្ធនាការប្រមូលទុនជុំទីមួយរបស់ខ្លួន (series A funding)។ ការបង្កើនទុននេះដឹកនាំដោយក្រុមហ៊ុន AddVenture  និងមានការចូលរួមពីអ្នកវិនិយោគមកពី Y Combinator, FundersClub និង Strong Ventures និងមានមូលនិធិគាំទ្រសង្គមថ្មីមួយផងដែរ។ ទុនថ្មីនេះ នឹងត្រូវប្រើប្រាស់លើការធ្វើទីផ្សារ និងចូលរកស៉ីក្នុងបណ្តាប្រទេសនៅអាស៉ីផ្សេងទៀត។

 

Miso គឺជា Platform មួយដែលផ្តល់សវាកម្មសម្អាតដោយប្រើកម្មវិធីទូរស័ព្ទដៃ (app) សម្រាប់មកឲ្យអតិថិជនហៅសេវាសម្អាត។ វាស្រដៀងគ្នានឹងសេវាដឹកអ្នកដំណើរដូចជា PassApp ដែរ ប៉ុន្តែខុសត្រង់ថា Miso ផ្តល់សេវាកម្មសម្អាត ហើយអ្នកសំអាតគឺជាដូចជាអ្នកបើកបរ PassApp អញ្ចឹង ដោយ Miso គ្រាន់តែគូរផ្គងអ្នកសម្អាត និងអតិថិជនតែប៉ុណ្ណោះ។

នៅក្នុងខែមិថុនា ឆ្នាំ 2016 Miso មានអ្នកប្រើសេវាប្រហែល 5,000 ដងប៉ុណ្ណោះក្នុងមួយខែ។ បច្ចុប្បន្ន សហស្ថាបនិក និងជានាយកប្រតិបត្តិលោក Victor Ching និយាយថាកម្មវិធីនេះមានអ្នកប្រើប្រហែល 50.000 ដង ទៅ 60.000 ដងក្នុងមួយខែ។

ក្រុមហ៊ុននេះបានអះអាងថាខ្លួនបានទទួលការកក់សេវាកម្មពីអតិថិជនចំនួន 750,000 ដង ចាប់តាំងពីវាត្រូវបានបង្កើតឡើងនៅឆ្នាំ 2015 ហើយបានធ្វើឱ្យអាជីវកម្មនេះរកប្រាក់បានជាង 40 លានដុល្លារក្នុងរយៈពេលបីឆ្នាំចុងក្រោយនេះ។ Miso បានបម្រើអតិថិជនសរុបចំនួន 110.000 នាក់ ហើយថ្មីៗនេះមានអ្នកសម្អាតចំនួន 15,000នាក់ នៅលើ platform ដែលអាចភ្ជាប់តាមរយៈកម្មវិធីទូរស័ព្ទ(App) និងតាមគេហទំព័ររបស់ខ្លួន។

នៅពេលដែលពួកគេបានចាប់ផ្តើម Miso និងដៃគូប្រកួតប្រជែងដូចជា WaHome និង Daeri Jubu បានក្លាយជានិមិត្តសញ្ញានៃការផ្លាស់ប្តូរនូវរបៀបដែលអ្នកសម្អាតផ្ទះធ្វើការនៅក្នុងប្រទេសកូរ៉េខាងត្បូង ដែលតម្រូវការនៃសេវាកម្មរបស់ពួកគេកំពុងតែកើនឡើងដោយសារកំណើនគ្រួសារដែលមានប្រាក់ចំណូលក៏កើនឡើងដូចគ្នា។ លោក Ching បានពន្យល់ទៅសារព័ត៌មានបច្ចេកវិទ្យា TechCrunch ថា  អ្នកអនាម័យពីមុនត្រូវបង់ប្រាក់ប្រចាំខែដើម្បីចូលរួមជាភ្នាក់ងារសម្អាត ហើយជារឿយៗត្រូវបានគេតម្រូវឱ្យមកការិយាល័យ ដើម្បីរង់ចាំការកក់ទោះបីជាការងារមិនត្រូវបានធានាថាមានឬអត់ក៏ដោយ។ កម្មវិធីសំអាតផ្តល់ឱ្យអតិថិជន និងអ្នកអនាម័យមានភាពងាយស្រួល និងឆាប់រហ័ស ហើយក៏មានប្រព័ន្ធផ្តល់ចំណាត់ថ្នាក់ (Rating system) សម្រាប់ធ្វើឲ្យមានតម្លាភាព និងសុវត្តភាពដល់អតិថិជនផងដែរ។

លោក Ching និយាយថានៅពេលដែលគាត់ និងសហស្ថាបនិកម្នាក់ទៀតគឺលោក Haksu Lee បានចាប់ផ្តើម Miso ពួកគេបានសន្មត់ថាអ្នកលាងសម្អាតភាគច្រើននឹងចង់បានការងារពេញម៉ោង ឬប្រហែលជារើសយកធ្វើការពី 30 ទៅ 40 ម៉ោងក្នុងមួយសប្តាហ៍។ ទោះជាយ៉ាងណាក៏ដោយ មានតែ 30% ប៉ុណ្ណោះនៃអ្នកផ្តល់សេវារបស់ខ្លួនចង់ធ្វើការច្រើនម៉ោង ចំណែកឯ 70% ទៀតគ្រាន់តែជាអ្នកសម្អាតក្រៅម៉ោង ឬដើម្បីបន្ថែមប្រាក់ចំណូលរបស់ពួកគេប៉ុណ្ណោះ។ អ្នកបោសសំអាតពេញម៉ោងនៅលើ platform នេះ ជាធម្មតារកប្រាក់ចំណូលបានប្រហែល 2,000 ដុល្លារក្នុងមួយខែ (បើប្រៀបធៀបប្រាក់ឈ្នួលអប្បបរមាប្រចាំខែសម្រាប់ការងារពេញម៉ោងនៅក្នុងប្រទេសកូរ៉េខាងត្បូងគឺប្រហែល 1,400 ដុល្លារអាមេរិក) ។

ដើម្បីមានប្រៀបជាងគូប្រជែង Miso បានផ្តោតលើការអភិវឌ្ឍន៍សេវាកម្មយ៉ាងធំធេងក្នុងរយៈពេលពីរឆ្នាំចុងក្រោយនេះ នេះបើតាមសម្តីលោក Ching ដែលធ្លាប់ជាអតីតប្រធានផ្នែកផលិតផលរបស់ក្រុមហ៊ុនដឹកជញ្ជូនអាហារ Yogiyo មុនពេលដែលក្រុមហ៊ុននេះត្រូវបានទិញយកដោយ ក្រុមហ៊ុនដឹកជញ្ជូន Delivery Hero ក្នុងឆ្នាំ 2014។ បទពិសោធន៍ក្នុងអាជីវកម្មដឹកជញ្ជូនបានជួយលោក Ching ឲ្យអាចអភិវឌ្ឍសេវាកម្មរបស់ Miso ឲ្យកាន់តែកើនឡើងតាមរយៈការធ្វើឲ្យការផ្តល់សេវាកម្មឆាប់រហ័សដោយប្រើពេលតែ 2 ទៅ 3ម៉ោងប៉ុណ្ណោះ។ សេវាកម្មរបស់ Miso  ក៏ទើបតែដាក់បន្ថែមម៉ាស៉ីនបឺតខ្យល់ និងម៉ាស៉ីនលាងការ៉ូផងដែរនៅក្នុងទីផ្សារមួយចំនួនរបស់ខ្លួន។

ប្រព័ន្ធរបស់ Miso ក៏ជួយផ្គូរផ្គងអ្នកអនាម័យ និងអតិថិជនផងដែរ។ ប្រហែលពាក់កណ្តាលនៃអតិថិជនរបស់ Miso គឺជាអតិថិជនដែលជាធម្មតាកក់ការសម្អាតម្តងក្នុងមួយសប្តាហ៍។ អតិថិជនភាគច្រើនចង់ឲ្យអ្នកសម្អាតជាមនុស្សតែម្នាក់មកជារៀងរាល់សប្ដាហ៍ ប៉ុន្តែ Miso ក៏ត្រូវការនិយាយជាមួយអ្នកបោសសំអាតថាពួកគេចង់ទៅទៀតទាត់ឬអត់។ Miso យកចិត្តទុកដាក់លើចំណង់ចំណូលចិត្តរបស់អតិថិជន និងអ្នកផ្តល់សេវា ហើយក៏ព្យាយាមផ្គូរផ្គងការងារនៅក្នុងអគារ ឬអាគារផ្ទះល្វែងដោយឲ្យមានតែអ្នកសម្អាតម្នាក់ផងដែរ។ លោក Ching និយាយថា នេះគឺជាគុណសម្បត្តិមួយដ៏សំខាន់ដែល Miso មានប្រៀបជាងដៃគូប្រកួតប្រជែងពីព្រោះការផ្តោតលើភាពងាយស្រួលធ្វើឱ្យអ្នកបោសសម្អាតមានភាពស្មោះត្រង់ចំពោះ Miso៕

ផ្ទាំងឃោសនាពាណិជ្ជកម្ម
ខ្ញុំគឺជាអ្នកសរសេរអត្ថបទ និងអ្នកទីផ្សារឲ្យគេហទំព័រ apamat.com ហើយខ្ញុំក៏កំពុងធ្វើការជាអ្នកទីផ្សារឲ្យក្រុមហ៊ុនផ្សេងទៀតផងដែរ។ ខ្ញុំចូលចិត្តចែករំលែក ហើយខ្ញុំមកទីនេះគឺដោយសារខ្ញុំចង់ចែករំលែកអ្វីដែលខ្ញុំដឹងអំពីការធ្វើជំនួញ ជាមួយអ្នក។