៤ ចំណុចសម្រាប់ពង្រីកអាជីវកម្មខ្នាតតូចរបស់អ្នក ឲ្យក្លាយជាអាជីវកម្មខ្នាតធំ

2274

តើមុខរបររបស់អ្នកកំពុងតែជោគជ័យមែនរឺទេ? ប៉ុន្តែមុខរបរនោះកំពុងតែនៅមានទ្រង់ទ្រាយតូចនូវឡើយ ហើយក៏មិនសូវមានប្រាក់ចំណូលខ្ពស់។ ជាការពិតណាស់ អ្នកដែលបើកអាជីវកម្មដំបូងៗ បន់អោយតែដំណើរការទៅមុខយ៉ាងរលូន និងចំណេញបានច្រើន ដោយអ្នកទាំងនោះមិនបានគិតដល់ថា “តើគួរមានវិធីសាស្រ្តអ្វីដើម្បីប្រែក្លាយពីទ្រុងទ្រាយតូចទៅទ្រុងទ្រាយធំនោះទេ?” មួយវិញទៀត វាក៏ពិបាកនឹងថាតើធ្វើយ៉ាងណាឲ្យអាជីវកម្មរបស់អ្នករីកធំឡើងៗព្រមទាំងទទួលបានជោគជ័យ? ប៉ុន្តែថ្ងៃនេះដែរខ្ញុំមាន ៤ ចំណុចដើម្បីចែករំលែកជាមួយអ្នកទាំងអស់គ្នា ដើម្បីធ្វើឲ្យអាជីវកម្មរបស់អ្នកទទួលជោគជ័យ៖

 

១. វិនិយោគឡើងវិញនៅក្នុងអាជីវកម្ម

ជាក់ស្តែងម្ចាស់អាជីវកម្មជាច្រើនបានចំណាយប្រាក់ផ្ទាល់ខ្លួនជាច្រើននៅក្នុងអាជីវកម្មដោយមិនដឹងខ្លួន ដូច្នេះម្ចាស់អាជីវកម្មគួរតែសិក្សាឲ្យជាក់លាក់ទៅលើអាជីវកម្មដែលអ្នកបើកដំណើរការបានជោគជ័យរួចមកហើយ ថាតើទំហំប្រាក់ទុនប៉ុន្មានដែលអ្នកគួរចំណាយក្នុងអាជីវកម្មនោះ ដើម្បីជាភាពងាយស្រួលមួយនៅពេលដែលអ្នកចង់បោះទុនវិនិយោគម្តងទៀត។ លើសពីនេះទៅទៀត អ្នកអាចគ្រប់គ្រងនូវលំហូរសាច់ប្រាក់របស់អ្នកបានយ៉ាងល្អ ដោយអ្នកដឹងថាតើបុគ្គលិកប៉ុន្មាននាក់ដែលអ្នកត្រូវជួលសម្រាប់អាជីវកម្មខ្នាតតូច ឬធំ។ ជាទូទៅនៅក្នុងក្រុមហ៊ុនគេយកប្រាក់ដែលរកបានមកធ្វើការវិនិយោគឡើងវិញ ហើយបែងចែកភាគលាភតិចនៅពេលដែលពួកគេចង់ពង្រីកផ្នែកណាមួយនៃអាជីវកម្ម។

២. ពង្រឹងសមត្ថភាពក្នុងក្រុម រឺបុគ្គលិក

ជាក់ស្តែងនៅពេលដែលអ្នកចាប់ផ្តើមជំនួញរបស់អ្នក គឺអាចជាអ្នកតែម្នាក់ដែលខិតខំដើម្បីអោយវាជោគជ័យ ហើយក៏អ្នកតែម្នាក់គត់ដែលមានគំនិតធ្វើអោយវាជោគជ័យ។ ដូច្នេះនៅពេលដែលចង់ពង្រីកនូវមុខជំនួញពីតូចទៅធំ អ្នកត្រូវពង្រឹកនូវសមត្ថភាពកូនក្រុម ឬ បុគ្គលិក ដើម្បីអោយពួកគេមានការប្រកួតប្រជែង និងគំនិតបង្កើតថ្មី ជាជាងចំណាយលុយជួលបុគ្គលិកថ្មីបន្ថែម។

៣. ធ្វើឲ្យលំហូរសាច់ប្រាក់មានស្ថិរភាព

ការរីកចម្រើនអាចធ្វើឱ្យប៉ះពាល់ដល់លំហូរសាច់ប្រាក់ ហើយនោះហើយជាមូលហេតុដែលអាជីវកម្មជាច្រើនបានបរាជ័យបន្ទាប់ពីទទួលបានជោគជ័យមួយភ្លេត។ វាជាការសំខាន់ណាស់ ដើម្បីធានាថាអ្នកមានលំហូរសាច់ប្រាក់គ្រប់គ្រាន់សម្រាប់ពង្រីកអាជីវកម្មអ្នកឲ្យកាន់តែធំ។ ក្នុងកំលុងពេលនៃដំណាក់កាលលូតលាស់របស់អ្នក ត្រូវតាមដាននូវលំហូរសាច់ប្រាក់ក្នុងអាជីវកម្មរបស់អ្នកឲ្យស្អិតថាតើអ្នកបានចំណាយទៅលើអ្វីខ្លះ និងមានប្រាក់ចំណូលពីប្រភពណាខ្លះ។ ហើយពិចារណាថា តើអាចមានមានការប្រែប្រួលខ្លាំងដែលរឺទេ? តើអ្នកធ្លាប់ឃើញអាជីវកម្មដែលមើលពីខាងក្រៅទៅរកចំណូលបានច្រើនណាស់ ប៉ុន្តែសុខៗស្រាប់តែបិទទ្វារទៅវិញដែរទេ? នោះគឺដោយសារម្ចាស់អាជីវកម្មមិនបានគ្រប់គ្រងលំហូរសាច់ប្រាក់ឲ្យបានល្អហ្នឹងឯង ដូចជាចងការប្រាក់ពីវិស័យឯកជនដែលមានអត្រាការប្រាក់ខ្ពស់ ការចំណាយខ្ជះខ្ជាយនៅក្នុងអាជីវកម្ម និងចំណាយផ្ទាល់ខ្លួនជាដើម។

៤. ពង្រឹកផ្នែកផ្សព្វផ្សាយ

វិធីពង្រីកអាជីវកម្មសំខាន់ជាងគេគឺការធ្វើទីផ្សារ។ ទោះជាអ្នកមានលុយច្រើនប៉ុណ្ណាដើម្បីសាងសង់ហាង ឬរោងចក្រ ឬការិយាល័យឲ្យធំក៏ដោយ បើអ្នកខ្សោយខាងធ្វើទីផ្សារ អ្នកនឹងដួល។ ជំនួញកាន់តែធំ កាន់ត្រូវឲ្យគេស្គាល់ឲ្យបានច្រើន ពីព្រោះយើងត្រូវពង្រីកនូវកេរ្តិ៍ឈ្មោះ និងបង្កើនចំណូលបន្ថែម តែក៏ត្រូវចំណាយលើការធ្វើទីផ្សារផងដែរ។

វីធីងាយស្រួលមួយទៀត គឺអ្នកគួរប្រឹក្សាយោបល់ជាមួយអ្នកជំនាញពិតប្រាកដអំពីរបៀបពង្រីកអាជីវកម្មរបស់អ្នកឲ្យទៅជាអាជីវកម្មខ្នាតកណ្តាល ឬខ្នាតធំ និងធ្វើឲ្យវាកាន់តែរឹងមាំ។ ការស្វែងរកអ្នកប្រឹក្សាដែលជាម្ចាស់អាជីវកម្មធំៗអាចនឹងពិបាកសម្រាប់អ្នក ប៉ុន្តែអ្នកការព្យាយាមភ្ជាប់ទំនាក់ទំនងជាមួយម្ចាស់អាជីវកម្មធំៗក៏ជាវិធីមួយអាចជួយឲ្យអាជីវកម្មរបស់អ្នករីកធំបានផងដែរ៕

អត្ថបទដោយ ៖ Frey

ផ្ទាំងឃោសនាពាណិជ្ជកម្ម
ខ្ញុំគីជាអ្នកសរសេរអត្ថបទក្នុងគេហទំព័រ apamat.com ។ ចំពោះខ្ញុំការសរសេរអត្ថបទគឺជារឿងរីករាយ ប៉ុន្តែអ្វីដែលកាន់តែធ្វើឲ្យខ្ញុំរីករាយនោះគឺ ការចែករំលែកនូវចំណេះដឹង បទពិសោធន៍ ជំនាញ និង គតិបណ្ឌិតល្អៗដល់មិត្តអ្នកអានទុកជាចំណេះដឹងសម្រាប់ធ្វើការសិក្សាស្វែងយល់។