Facebook នឹងបើកមជ្ឈមណ្ឌលទិន្នន័យដំបូងរបស់ខ្លួននៅអាស៊ី ហើយវាស្ថិតនៅសឹង្ហបុរី

1804

ក្រុមហ៊ុន Facebook បានប្រកាសនៅថ្ងៃនេះថា ខ្លួនគ្រោងនឹងសាងសង់អគារកម្ពស់ 11 ជាន់នៅប្រទេសសិង្ហបុរីដែលនឹងជួយឱ្យសេវាកម្មរបស់ខ្លួនដំណើរការលឿន និងមានប្រសិទ្ធិភាពជាងមុន។ ក្រុមហ៊ុននេះបានបញ្ជាក់ថាការអភិវឌ្ឍនេះនឹងមានតម្លៃ 1,4 ពាន់លានដុល្លារសឹង្ហបុរី ឬប្រហែល 1 ពាន់លានដុល្លារអាមេរិច។

 

ក្រុមហ៊ុនបណ្តាញសង្គមយក្សមួយនេះ បាននិយាយថាខ្លួនរំពឹងថាអគារនេះនឹងត្រូវប្រើប្រាស់ថាមពល 100 ភាគរយដោយថាមពលកកើតឡើងវិញ។ ក្រុមហ៊ុននេះក៏បាននិយាយផងដែរថាខ្លួននឹងប្រើប្រាស់បច្ចេកវិទ្យាថ្មីមួយឈ្មោះ StatePoint Liquid Cooling ដែលត្រូវបានគេអះអាងថាវាអាចកាត់បន្ថយការប្រើប្រាស់ទឹក និងថាមពលបាន។

Facebook បាននិយាយថាគម្រោងនេះនឹងបង្កើតការងាររាប់រយ ហើយវាតំណាងឲ្យការរីកលូតលាស់របស់ Facebook នៅក្នុងប្រទេសសឹង្ហបុរី និងអាស៉ីទាំងមូល។

គម្រោងអាគារមជ្ឈមណ្ឌលទិន្នន័យរបស់ Facebook ដែលនឹងត្រូវសាងសង់ដូចរូបនេះ

នៅអាស៊ីប៉ាស៊ីហ្វិកមានចំនួនអ្នកប្រើ Facebook ប្រចាំខែចំនួន 894 លាននាក់ ស្មើរនឹងចំនួន 40 ភាគរយនៃអ្នកប្រើប្រាស់សរុប ហើយវាបានក្លាយជាតំបន់ដែលមានអ្នកប្រើប្រាស់ច្រើនបំផុត។ ទោះជាយ៉ាងណាក៏ដោយ បើនិយាយពីប្រាក់ចំណូលដែល Facebook រកបានពីតំបន់អាស៉ីប៉ាស៉ីហ្វិចវិញគឺវាមានចំនួនតែ $2.3 ពាន់លានប៉ុណ្ណោះក្នុងរយៈពេលមួយត្រីមាសចុងក្រោយនេះ វាស្មើរ 18 ភាគរយនៃប្រាក់ចំណូលសរុប ហើយវាតិចជាងពាក់កណ្តាលនៃប្រាក់ចំណូលដែលរកបានពីសហរដ្ឋអាមេរិកក្នុងអំឡុងពេលដូចគ្នានេះ។ ការផ្តល់សេវាកម្មឲ្យកាន់តែមានប្រសិទ្ធភាពខ្ពស់ គឺជាជំហានទីមួយដើម្បីជួយឲ្យគម្លាតនៃប្រាក់ចំណូលរបស់ Facebook កាន់តែចុះថយជាងនេះ។

Facebook មិនមែនជាក្រុមហ៊ុនបច្ចេកវិទ្យាតែមួយគត់ដែលវិនិយោគលើមជ្ឈមណ្ឌលទិន្នន័យនៅអាស៊ីនេះទេ។ ថ្មីៗនេះ Google ក៏បានបង្ហាញថាខ្លួនគ្រោងនឹងបង្កើតមជ្ឈមណ្ឌលទិន្នន័យទីបីនៅក្នុងប្រទេសសិង្ហបុរីដែរ ហើយក្រុមហ៊ុននេះក៏មានមជ្ឈមណ្ឌលទិន្នន័យសម្រាប់អាស៊ីដែលមានទីតាំងនៅតៃវ៉ាន់ផងដែរ៕

ប្រភព៖ TechCrunch

ផ្ទាំងឃោសនាពាណិជ្ជកម្ម
ខ្ញុំគឺជាអ្នកសរសេរអត្ថបទ និងអ្នកទីផ្សារឲ្យគេហទំព័រ apamat.com ហើយខ្ញុំក៏កំពុងធ្វើការជាអ្នកទីផ្សារឲ្យក្រុមហ៊ុនផ្សេងទៀតផងដែរ។ ខ្ញុំចូលចិត្តចែករំលែក ហើយខ្ញុំមកទីនេះគឺដោយសារខ្ញុំចង់ចែករំលែកអ្វីដែលខ្ញុំដឹងអំពីការធ្វើជំនួញ ជាមួយអ្នក។