ក្រុមហ៊ុន Suncity Group ដែលជាក្រុមហ៊ុនសេវាកម្មកម្សាន្ត និងកាស៉ីណូ ចុះបញ្ចីក្នុងផ្សារហ៊ុនហុងកុង បានព្រមព្រៀងជាដៃគូយុទ្ធសាស្ត្រជាមួយក្រុមហ៊ុនក្នុងស្រុកមួយឈ្មោះ Golden Sun Sky Entertainment ក្នុងគម្រោងសាងសង់រីសតមួយក្នុងខេត្តព្រះសីហនុ។ ក្រុមហ៊ុន Suncity បាននិយាយថា ទុនវិនិយោគសម្រាប់គម្រោងនេះមានចំនួន 360 លានដុល្លារអាមេរិច។
ឯកសារមួយនៅផ្សារហ៊ុនទីក្រុងហុងកុង (HKEK) បានបង្ហាញកាលពីថ្ងៃពុធកន្លងទៅថា ភាពជាដៃគូនេះរួមមានការផ្តល់សេវាប្រឹក្សាយោបល់ និងសេវាកម្មគ្រប់គ្រងលើរីសតដែលមានទំហំ 650,000 ម៉ែត្រក្រឡា ដែលគ្រោងនឹងបញ្ចប់ការសាងសង់នៅចុងឆ្នាំក្រោយ។
ប្រធានក្រុមហ៊ុន Suncity លោក Chau Cheok Wa បាននិយាយថា “ក្រុមហ៊ុនជឿជាក់ថាការចូលក្នុងកិច្ចព្រមព្រៀងភាពជាដៃគូយុទ្ធសាស្ដ្រ នឹងពង្រីកទីតាំងឈរជើងរបស់ខ្លួននៅក្នុងប្រទេសកម្ពុជា បន្ថែមលើគម្រោងរមណីយដ្ឋានពាណិជ្ជកម្មចម្រុះនៅក្នុងប្រទេសវៀតណាម”។
កាលពីខែមុន ក្រុមហ៊ុន Suncity បានប្រកាសថាខ្លួនបានទិញយកក្រុមហ៊ុនអភិវឌ្ឍរីសតមួយរបស់វៀតណាមឈ្មោះ Star Admiral Limited។
ក្រុមហ៊ុន Golden Sun Sky បានចុះបញ្ជីនៅក្រសួងពាណិជ្ជកម្មកម្ពុជា កាលពីខែមីនា ឆ្នាំ ២០១៧ ហើយរកស៉ីលើអាជីវកម្មសណ្ឋាគារ និងរមណីយដ្ឋាន។ តាមឯកសារចុះបញ្ជីរបស់ក្រុមហ៊ុននេះបានបង្ហាញថា វាមានទីតាំងនៅភូមិលេខ ៦ សង្កាត់លេខ ៤ នៅក្រុងព្រះសីហនុ។
អភិបាលខេត្តព្រះសីហនុ លោក យន្ត មីន បានឲ្យដឹងថាលោកបានដឹងពីគម្រោងវិនិយោគនេះ ប៉ុន្តែមិនអាចផ្តល់ពីទីតាំងជាក់លាក់ដែលគម្រោងនេះនឹងសាងសង់នោះទេ។
លោកអភិបាលខេត្តបានបន្ថែមថា នៅខេត្តព្រះសីហនុបច្ចុប្បន្ននេះមានរីសតចំនួន 30 និងកាស៉ីណូចំនួន 40 ហើយភាគច្រើនគឺជារបស់ចិន។ លោកបាននិយាយទៀតថា អ្វីដែលគួរឲ្យចាប់អារម្មណ៍ថ្មីៗនេះ នៅខេត្តព្រះសីហនុគឺកំពុងតែបង្កើតឱកាសការងារថ្មីៗ និងបង្កើនសកម្មភពធ្វើពាណិជ្ជកម្ម។
លោកបានបន្តទៀតថា “អ្នកទេសចរណ៍មកកាន់តែច្រើន អ្នកវិនិយោគនាំយកលុយមកកាន់តែច្រើន ប៉ុន្តែក៏មានបញ្ហាកាន់តែច្រើនដូចគ្នា”។ លោកបានទទួលស្គាល់ថា លំហូរចូលនៃភ្ញៀវទេសចរ និងវិនិយោគិនចិនបានជំរុញឱ្យតម្លៃដីធ្លី តម្លៃស្នាក់នៅកើនឡើង និងមានផលប៉ះពាល់ជាអវិជ្ជមានដល់ភ្ញៀវទេសចរក្នុងស្រុកដែរ។
លោកបាននិយាយទៀតថា «យើងសង្ឃឹមថានៅពេលអនាគតសណ្ឋាគារ និងផ្ទះសំណាក់ជាច្រើនត្រូវបានកសាងឡើងដើម្បីបំពេញតាមតម្រូវការ ហើយវានឹងជួយធ្វើឲ្យតម្លៃថយចុះ»។ នេះបើតាមការផ្សាយរបស់កាសែត PhnomPenh Post។
កាលពីឆ្នាំមុនខេត្តនេះបានស្វាគមន៍ភ្ញៀវទេសចរជិត 2 លាននាក់ ដែលមានភ្ញៀវទេសចរចំនួន 1,5 លាននាក់មកពីបរទេស៕
