ក្រុមហ៊ុន Amazon បញ្ជាទិញឡានដឹកទំនិញ 20,000 គ្រឿងពីក្រុមហ៊ុន Mercedes ដើម្បីពង្រឹងសេវាដឹកជញ្ជូនរបស់ខ្លួន

2210

ក្រុមហ៊ុន Amazon បានបញ្ជាទិញរថយន្ដដឹកទំនិញខ្នាតតូច (Van) ចំនួន 20,000 គ្រឿងពីក្រុមហ៊ុន Mercedes-Benz តាមផែនការពង្រីកសេវាដឹកជញ្ជូនរបស់ខ្លួន។

 

រថយន្តដឹកទំនិញ Mercedes-Benz Sprinter នឹងត្រូវផលិតនៅរោងចក្រថ្មីនៅក្រុង Charleston ខាងជើងរដ្ឋ South Carolina ដែលក្រុមហ៊ុនផលិតរថយន្តប្រណីតរបស់អាល្លឺម៉ង់នេះ បានវិនិយោគប្រាក់ចំនួន 500 លានដុល្លារដើម្បីពង្រីកប្រតិបត្តិការរបស់ខ្លួននៅក្នុងតំបន់។ រោងចក្រនេះបានបើកកាលពីថ្ងៃពុធកន្លងទៅនេះ។

ស្របពេលដែលការទិញទំនិញអនឡាញបន្តរីកចម្រើន ក្រុមហ៊ុន Amazon បានព្យាយាមកាត់បន្ថយចំណាយលើការដឹកជញ្ជូននិងកាត់បន្ថយការពឹងផ្អែករបស់ខ្លួនលើក្រុមហ៊ុនដឹកជញ្ជូនដទៃដូចជា FedEx, UPS, US Postal Service និងក្រុមហ៊ុនផ្សេងទៀត ដោយងាកមកប្រើសេវាដឹកជញ្ជូនដោយខ្លួនឯងវិញ។ ក្រុមហ៊ុន Amazon បានជួលយន្តហោះដឹកទំនិញធុនធំមួយ ហើយចំណាយលុយជួលមនុស្ស ធ្វើការដឹកជញ្ជូនតាមយានយន្តផ្ទាល់ខ្លួនរបស់ពួកគេ តាមរយៈកម្មវិធីមួយដែលហៅថា Amazon Flex ។

កាលពីខែមិថុនា ក្រុមហ៊ុនយក្សនេះ បាននិយាយថាខ្លួននឹងជួយឱ្យសហគ្រិនឲ្យបើកក្រុមហ៊ុនដឹកជញ្ជូន ហើយពួកគេនឹងជួលយានយន្តម៉ាក Amazon ។

យោងតាមកាសែត The Wall Street Journal បានផ្សាយថា ក្រុមហ៊ុន Amazon នឹងទិញឡាន Mercedes ហើយបិតរូប “ញញឹម” របស់ខ្លួននៅលើឡានទាំងនោះ ហើយឡានទាំងនោះនឹងជួលឲ្យក្រុមហ៊ុនដឹកជញ្ជូនដែលទើបបង្កើតថ្មី។

រោងចក្រផលិតរថយន្ត Sprinter មានបុគ្គលិក 900 នាក់កំពុងធ្វើការ ហើយគ្រោងនឹងបន្ថែមកម្មករឲ្យដល់ចំនួន 1.300 នាក់នៅឆ្នាំ 2020 ។ ក្រុមហ៊ុន Mercedes-Benz ដែលជាក្រុមហ៊ុនបុត្រសម្ព័ន្ធរបស់ក្រុមហ៊ុន Daimler បានប៉ាន់ប្រមាណថា ខ្លួនអាចនឹងបង្កើតការងារថ្មីចំនួន 600 បន្ថែមទៀត៕

ប្រភព៖ Fox Business

ផ្ទាំងឃោសនាពាណិជ្ជកម្ម
ខ្ញុំគឺជាអ្នកសរសេរអត្ថបទ និងអ្នកទីផ្សារឲ្យគេហទំព័រ apamat.com ហើយខ្ញុំក៏កំពុងធ្វើការជាអ្នកទីផ្សារឲ្យក្រុមហ៊ុនផ្សេងទៀតផងដែរ។ ខ្ញុំចូលចិត្តចែករំលែក ហើយខ្ញុំមកទីនេះគឺដោយសារខ្ញុំចង់ចែករំលែកអ្វីដែលខ្ញុំដឹងអំពីការធ្វើជំនួញ ជាមួយអ្នក។