អាជ្ញាធរខេត្តបន្ទាយមានជ័យបាននិងកំពុងរៀបចំគម្រោងសាងសង់ពហុកីឡដ្ឋានមួយកន្លែងនៅក្នុងក្រុងសិរីសោភ័ណដើម្បីចូលរួមចំណែកជំរុញដល់ការអភិវឌ្ឍវិស័យកីឡាឱ្យឆ្លើយតបទៅនឹងភាពរីកចម្រើននៃប្រទេសជាតិនោះ។
ឯកឧត្តម សួន បវរ អភិបាលខេត្តបន្ទាយមានជ័យបាន អរគុណ និងកោតសរសើរដល់ប្រជាពលរដ្ឋដែលគាំទ្រនិងចូលរួមអនុវត្តន៍គម្រោងសាង សង់ពហុកីឡដ្ឋានខេត្តនេះ នៅក្នុងកិច្ចប្រជុំពិភាក្សាដោះស្រាយបញ្ហាប្រឈមនានាលើការអនុវត្តគម្រោងសាងសង់ពហុកីឡដ្ឋានខេត្ត កាលពីរសៀលថ្ងៃអង្គារ ទី០៤ ខែកញ្ញា ឆ្នាំ២០១៨។
ឯកឧត្តម សួន បវរ បានលើកឡើងថា គម្រោងអភិវឌ្ឃន៍នេះ ជារបស់រដ្ឋគឺចង់សាង សង់ពហុកីឡដ្ឋានមួយឱ្យមានក្នុងខេត្តទុកជាកេរមរតក ដើម្បីអាចជួយសម្រួលកម្មវិធីខ្លះនៃគម្រោងស៊ីហ្គេម(SEAGAME) នៅឆ្នាំ២០២៣ ខាងមុខនេះ។ នៅក្នុងគម្រោងនេះក៏នឹងមានការសាងសង់មជ្ឈមណ្ឌល និងក្រុងរណបរដ្ឋបាលជាដើម។
នៅក្នុងកិច្ចប្រជុំនេះលោក អ៊ុំ រាត្រី អភិបាលរងខេត្តបន្ទាយមានជ័យ បានឱ្យដឹងដែរថា គម្រោងសាងសង់ពហុកីឡដ្ឋាន ឬស្តាតខេត្តបន្ទាយមានជ័យ ស្ថិតនៅម្តុំភ្នំដូងព្រះ សង្កាត់អូរអំបិល និងភ្នំខ្លាកូនចាស់ សង្កាត់កំពង់ស្វាយកណ្តាល ក្រុងសិរីសោភ័ណ។ គម្រោងនេះអាចពង្រីកទំហំផ្ទៃដីពី ៥,៥ហិកតា នៅជំហានដំបូង ទៅដល់ ១៣ហិកតា ឬរហូតលើស ២០ហិកតា។ មកទល់ពេលនេះ មន្ត្រីក្រុមការងារគ្រប់ថ្នាក់ បានដោះស្រាយផលបះពាល់ រួមទាំងការបើកផ្លូវទទឹង ២០ម៉ែត្រ ចំនួន៣ខ្សែដំបូងៗ នៅក្នុងតំបន់ដែលត្រូវសាងសង់ពហុកីឡដ្ឋាននេះ។
លោក អ៊ុំ រាត្រី បានឱ្យដឹងទៀតថា រដ្ឋបាលខេត្ត មន្ទីររៀបចំដែនដី និងផ្នែកឯកជនអនុវត្តន៍គម្រោងនេះកំពុងរួមសហការគ្នាដើម្បីអនុវត្តន៍គម្រោងលើការសាងសង់ពហុកីឡដ្ឋានខេត្តដែលអាចត្រូវការថវិកាជំហានដំបូងប្រមាណ ៥លានដុល្លារអាមេរិក នេះឱ្យបានជោគជ័យ៕
ប្រភព៖ ទីភ្នាក់ងារសារព័ត៌មានកម្ពុជា
