មេរៀនជីវិត៖ “ជីវិតខ្លួនវាផ្ទាល់មិនអាក្រក់ពេកនោះទេ ប៉ុន្តែយើងខ្លួនឯងជ្រើសរស់នៅតាមវិធីរញ៉េរញៃ”

10244

ខ្ញុំតែងតែឃើញយុវវ័យខ្មែរជាច្រើនបានបង្ហោះសារនៅលើគណនី Facebook រអ៊ូរទាំថា “ជីវិតរបស់ខ្ញុំ ហេតុអ្វីពិបាកម្លេះ?” “ហេតុអ្វីជីវិតរបស់ខ្ញុំជួបតែរឿងស្មុកស្មាញ?” “ផ្លូវជីវិតខ្ញុំ ពិបាកជាងផ្លូវជីវិតគេ” “ធុញនឹងជីវិតរាល់ថ្ងៃ” និងឃ្លាជាច្រើនទៀតដែលសំដៅលើអត្ថន័យនៃការធុញទ្រាន់ក្នុងការរស់នៅ ហើយមានយុវវ័យខ្លះទៀតបានសម្រេចចិត្តបញ្ចប់ជីវិតទាំងវ័យក្មេង ដោយសារតែយល់ថាជីវិតរបស់ខ្លួនឥតន័យ ឬពិបាកពេក។

តាមការយល់ឃើញរបស់ខ្លួនខ្ញុំផ្ទាល់ ខ្ញុំគិតថាជីវិតរបស់មនុស្សយើងគឺកើតមកទទេរស្អាត និងស្រស់បំព្រង ប៉ុន្តែយើងខ្លួនឯងទេដែលមិនចេះរៀបចំជីវិតឲ្យមានរបៀបរៀបរយ និងបណ្តោយពេលវេលាទៅធ្វើរឿងគ្មានប្រយោជន៍ច្រើន រហូតដល់ធ្លាក់ក្នុងកន្លែងមួយដែលមានទៅដោយរឿងសៅហ្មងនៅជុំវិញ។ 

មនុស្សយើង ពេលខ្លះគួរតែរៀនគិតរឿងវិជ្ជមានឲ្យបានច្រើន និងទម្លាក់ចោលរឿងដែលជះឥទ្ធិពលមិនល្អក្នុងជីវិតរបស់យើង ព្រោះថាជីវិតរបស់យើងអាចមានសេចក្តីរីករាយទៅបាន ដរាបណាវាហុំព័ទ្ធទៅដោយរឿងរីករាយដូចគ្នា។ 

មិត្តអ្នកអានខ្លះប្រហែលជាកំពុងតែជួបរឿងបែបនេះក្នុងជីវិត ប៉ុន្តែវាមិនទាន់ហួសពេលនោះទេក្នុងការរៀបចំជីវិតឡើងវិញ។ ប្រសិនបើអ្នកមានរឿងសោកសៅច្រើន អ្នកគួរទម្លាក់វាចោលខ្លះទៅ កុំព្យាយាមរើសរឿងមិនល្អមកដាក់ក្នុងជីវិតច្រើនពេក។ រឿងណាដែលមិនពាក់ព័ន្ធនឹងជីវិតរបស់យើង គួរតែដកវាចេញខ្លះទៅ កុំចំណាយជីវិតរស់នៅក្នុងជីវិតរបស់អ្នកដទៃច្រើនពេក។ 

មានរឿងខ្លះយើងមិនអាចផ្លាស់ប្តូរវាបានទេ ដោយសារវាជាច្បាប់ធម្មជាតិ ឬដោយសារវាយឺតពេល ឬដោយសារយើងពិតជាមិនមានសមត្ថភាពធ្វើវាបានមែន ប៉ុន្តែអ្វីដែលយើងអាចធ្វើបាននោះគឺការគ្រប់គ្រងចិត្តខ្លួនឯង។ បើសិនជាយើងមិនអាចផ្លាស់ប្តូរលទ្ធផលដែលកំពុងតែកើតឡើងបាន យើងអាចផ្លាស់ប្តូរចិត្តរបស់យើងបាន ហើយទៅធ្វើរឿងផ្សេងទៀតដែលធ្វើឲ្យយើងរីករាយ។ 

មនុស្សម្នាក់ៗតែងតែចង់រស់នៅក្នុងបែបផែនជីវិតមួយដែលខ្លួនប្រាថ្នា ប៉ុន្តែយើងមិនអាចសម្រេចក្តីប្រាថ្នានោះបានទេ បើយើងមិនមានគោលដៅច្បាស់លាស់ថាយើងនឹងចាប់ផ្តើមធ្វើវានៅពេលណា និងរបៀបណាផងនោះ។ រស់ជាមនុស្សត្រូវមានគោលដៅក្នុងជីវិត មិនថាវាជាគោលដៅធំ ឬតូចក៏ដោយ ក៏វាជាជីវិតដែលយើងចង់បានដោយខ្លួនឯង និងមិនមែនរស់នៅដើម្បីឲ្យអ្នកដទៃគិតថាជីវិតរបស់យើងល្អឡើយ។ 

អ្នកខ្លះមានគោលដៅជីវិតហើយ ប៉ុន្តែមិនអាចឈានដល់គោលដៅបាន ដោយសារតែជួបរឿងរាំងស្ទះ និងឧបសគ្គច្រើននៅតាមផ្លូវឆ្ពោះទៅគោលដៅនោះ។ គោលដៅដ៏ស្រស់បំព្រងប្រាកដជាមានឧបសគ្គគឺជាច្បាប់ធម្មជាតិ ប៉ុន្តែឧបសគ្គខ្លះគឺយើងខ្លួនឯងជាអ្នកបង្កើត និងនាំដាក់ខ្លួនដោយមិនដឹងខ្លួន ដូចជាសេពគប់មនុស្សមិនល្អ ចែករំលែកបញ្ហាជាមួយមនុស្សចូលចិត្តបង្កើតបញ្ហា និងមិនផ្តោតលើគោលដៅដែលខ្លួនចង់ទៅ។ 

ដើម្បីរស់នៅក្នុងជីវិតដ៏រីករាយបាន មិនមែនទាល់តែមានទ្រព្យសម្បត្តិហូរហៀរនោះទេ។ ជីវិតយើងអាចរីករាយ ដោយសារយើងអាចធ្វើរឿងដែលយើងចង់ធ្វើ រស់នៅក្បែរមនុស្សដែលយើងស្រលាញ់ មានពេលធ្វើកិច្ចការក្នុងក្តីស្រមៃ មានសុខភាពល្អ និងមានទ្រព្យ។ ទោះបីជាយើងមិនអាចរស់ខ្វះលុយបានក៏ដោយ ប៉ុន្តែវាមិនមែនជារបស់តែមួយដែលយើងមិនអាចខ្វះបាននោះទេ នៅមានរបស់ច្រើនទៀតដែលយើងមិនអាចរស់ខ្វះបាន ហើយលុយគ្រាន់តែជារបស់ម្យ៉ាងដែលអាចធ្វើឲ្យយើងធ្វើអ្វីដែលយើងចង់ធ្វើ និងទិញរបស់ខ្លះដែលយើងចង់បានប៉ុណ្ណោះ។ ដូច្នេះ យើងមិនគួរចំណាយពេលភាគច្រើនរបស់យើងគិតតែពីលុយ ភ្លេចគិតសុខភាពខ្លួនឯង មិនមានពេលសម្រាប់មនុស្សដែលយើងស្រលាញ់ និងស្រលាញ់យើងនោះទេ។ 

មនុស្សជាច្រើនយល់ថា “លុយគឺជាឧបសគ្គ” ហើយខ្ញុំក៏យល់បែបនេះដែរ ប៉ុន្តែខ្ញុំមិនគិតថាលុយសំខាន់ពេកទេ ព្រោះថាបើយើងគិតថាវាសំខាន់ខ្លាំង យើងនិងរស់នៅក្នុងនាមជាទាសករនៃលុយ។ លុយគឺមនុស្សជាអ្នកបង្កើត និងឲ្យតម្លៃលើវា ដូច្នេះវាគួរតែមានតម្លៃតិចជាងជីវិតរបស់យើង។ តែដោយសារតែមនុស្សមានសមត្ថភាពខុសៗគ្នា គឺអ្នកខ្លះមានសមត្ថភាពប្រើលុយបង្កើតលុយ តែអ្នកខ្លះទៀតប្រើពេលវេលា និងកម្លាំងទៅប្តូរយកលុយ ហើយខ្លះទៀតយកជីវិតទៅធ្វើការងារដើម្បីប្តូរយកលុយក៏មាន។ បែបនេះហើយ ទាន់មានពេលច្រើន ទាន់នៅក្មេង យើងគួរតែប្រើពេលវេលាឲ្យបានល្អ ខិតខំពង្រឹងសមត្ថភាព និងរៀនឲ្យបានច្រើន ដើម្បីអាចក្លាយជាមនុស្សប្រើលុយបង្កើតលុយ និងមិនកំណត់យកលុយជាឧបសគ្គ៕

ផ្ទាំងឃោសនាពាណិជ្ជកម្ម
Hi dear readers! I have a chance to work with Apamat.com that I could share my dream and my passion with Cambodian who are in business field. I'm a financial advisor in Apamat Team and also in skill of operating and managing for startups and SMEs. I hope my articles can benefit you...