មន្ត្រីរាជការ កងកម្លាំងប្រដាប់អាវុធ និវត្តន៍ជន និងមន្ត្រីចាប់ពីថ្នាក់ភូមិឡើង នឹងទទួលបានការឧបត្ថម្ភពីរាជរដ្ឋាភិបាលម្នាក់ ៥ម៉ឺនរៀល នាឱកាសបុណ្យភ្ជុំបិណ្ឌនាពេលខាងមុខនេះ។ ការចំណាយនេះ គ្រោងនឹងចំណាយអស់ថវិកាសរុបប្រមាណ ៣០ពាន់លានរៀល ឬប្រហែល ៧លានដុល្លារអាមេរិច។
សម្ដេច តេជោ បានថ្លែងនៅវិមានសន្តិភាព ក្នុងកិច្ចប្រជុំពេញអង្គគណៈរដ្ឋមន្ត្រីដំបូង នាថ្ងៃទី៧ ខែកញ្ញា ម្សិលមិញថា ការឧបត្ថម្ភនេះគឺសម្រាប់មន្ត្រីរាជការគ្រប់ប្រភេទ និងកងកម្លាំង ប្រដាប់អាវុធ ក្នុងម្នាក់ចំនួន៥ម៉ឺនរៀល ដូច្នេះស្នើឱ្យក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ និងក្រសួងមុខងារ សាធារណៈរៀបចំជាអនុក្រឹត្យឡើង នេះជាចំណុចទីមួយ។
ឯចំណុចទីពីរ គឺត្រូវរៀបចំការបើកបៀវត្សរ៍ក្នុងខែកញ្ញានេះ គឺត្រូវបើកនៅសប្ដាហ៍ ទីបួនធម្មតា ប៉ុន្តែយើងត្រូវដឹងថានៅខែតុលានឹងមានបុណ្យភ្ជុំបិណ្ឌ ដូច្នេះត្រូវបើកបៀវត្សរ៍ និងប្រាក់ឧបត្ថម្ភនៅសប្ដាហ៍ទីមួយនៃខែតុលា។ ឯខែវិច្ឆិកាយើងអាចបើកបៀវត្សរ៍ នៅ សប្ដាហ៍ទីពីរ ដើម្បីកុំឱ្យមានគម្លាតនៃការបើកបៀវត្សរ៍កាលពីដើមខែតុលា ហើយម្យ៉ាង ទៀតយើងក៏មានបុណ្យអុំទូកផងដែរ។ ចំណែកខែធ្នូគឺត្រូវបើកនៅសប្ដាហ៍ទី៣ នេះជារបៀបមួយដើម្បីដោះស្រាយបញ្ហា ហើយចាប់ផ្ដើមពីខែមករា ឆ្នាំ២០១៩ទៅ គឺក្នុងរយៈពេល ១៥ថ្ងៃបើកបៀវត្សរ៍ម្ដង។ នេះគឺជាអ្វីដែលយើងបានរៀបចំទុកជាមុន៕
