សហគមន៍ផលិតផលមៀនប៉ៃលិន ទទួលទិន្នផលផ្លែមៀនបានជាង ៥.០០០តោនក្នុងមួយឆ្នាំ និងកើនឡើងជាង៣០ភាគរយ ជារៀងរាល់ឆ្នាំ

1864

បច្ចុប្បន្នសហគមន៍កសិកម្មផលិតផលមៀនប៉ៃលិន ទទួលបានទិន្នផលផ្លែមៀនចំនួន ៥.៥៩០តោន ក្នុងឆ្នាំ២០១៧ ហើយកើនឡើងជាង ៣០ភាគរយ ជារៀងរាល់ឆ្នាំ ដើម្បីផ្គត់ផ្គង់ទីផ្សារទាំងក្នុងស្រុក និងក្រៅប្រទេស។ នេះបើតាមការអះអាងរបស់ ប្រធានសហគមន៍មៀនប៉ៃលិន។

 

លោក ស្រេង ស្រៀង ប្រធានសហគមន៍មៀនប៉ៃលិន  បានថ្លែងក្នុងមហាសន្និបាតបូកសរុបការងារលើកទី៣ ឆ្នាំ២០១៨ របស់សហគមន៍កសិកម្មផលិតផលមៀនប៉ៃលិន បាត់ដំបង បន្ទាយមានជ័យ និងពោធិ៍សាត់ កាលពីថ្ងៃទី០៤ ខែកញ្ញា ឆ្នាំ២០១៨ ថា បច្ចុប្បន្ននេះ ប្រជាកសិករនៅខេត្តប៉ៃលិនបានងាកមកដាំដំណាំយុទ្ធសាស្ត្រឈើហូបផ្លែដូចជាដំណាំមៀនប៉ៃលិន ជំនួសដំណាំដំឡូង ពោត សណ្តែក ស្របពេលដែលប្រភេទដំណាំទាំងនេះ មិនសូវអំណោយផល និងទទួលបាន​ទន្និផលទាប។ លោកបានបញ្ជាក់ថា ក្រៅពីការទទួលបាននូវទិន្នផលច្រើននេះ កសិករក៏កំពុងជួបនូវបញ្ហាជាច្រើនផងដែរទាក់ទងនឹងការធ្វើច្បាប់ ស្តង់ដារភូតគាមអនាម័យ ដែលកំពុងធ្វើឱ្យរាំងស្ទះដល់ការនាំចេញកសិផលរបស់ខ្មែរដោយត្រង់​ទៅក្រៅប្រទេសជាពិសេស គឺផ្លែមៀនប៉ៃលិន និងផ្លែស្វាយកែវល្មៀត។

លោក សុខ សាធីម ប្រធានមន្ទីរពាណិជ្ជកម្មខេត្ដប៉ៃលិន បានឱ្យដឹងថា សព្វថ្ងៃនេះ ផ្លែមៀននៅខេត្តប៉ៃលិន មានបរិមាណកើនឡើងជារៀងរាល់ឆ្នាំ ដែលរាជរដ្ឋាភិបាលកម្ពុជា ក៏ដូចជាក្រសួងពាណិជ្ជកម្មផ្ទាល់ គឺកំពុងជួយសម្របសម្រួល និងបើក​ផ្លូវឱ្យការនាំចេញផ្លែមៀនប៉ៃលិន ទៅលក់នៅប្រទេសចិនដោយត្រង់តែម្តង ដោយមិនបាច់ឆ្លងកាត់​ប្រទេសថៃ ដូចជាការចុះអនុស្សរណៈវាងប្រទេសទាំងពីរ និងការធ្វើច្បាប់បញ្ជាក់ស្តង់ដារភូតគាមអនាម័យជាដើម។

មន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទខេត្តប៉ៃលិន
មន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទខេត្តប៉ៃលិន

ឯកឧត្តម ផាន់ ចាន់ធុល អភិបាលខេត្តប៉ៃលិន បានបញ្ជាក់ដែរថា សហគមន៍កសិកម្មមានតួនាទីយ៉ាងសំខាន់ក្នុងការជួយដល់ជីវភាពរបស់ប្រជាកសិករនៅតាមមូលដ្ឋានដោយផ្ទាល់។ ឯកឧត្តមបានលើកឡើងថា ដើម្បីឱ្យសហគមន៍ផលិតផលមៀនប៉ៃលិននេះមាននិរន្តរភាព និងមានការរីកចម្រើនទៅបាន គឺថ្នាក់ដឹកនាំ និងសមាជិកសហគមន៍ទាំងមូលត្រូវបង្កើននូវជំនឿចិត្ត មានភាពស្មោះត្រង់ និងតម្លាភាព ហើយខិតខំស្វែងដៃគូសហការវិនិយោគ ព្រមទាំងមានទីផ្សារច្បាស់លាស់។ ឯកឧត្តមអភិបាលខេត្ត បានបន្តទៀតថា ការរៀបចំមហាសន្និបាតរបស់សហគមន៍នាពេលនេះ គឺជាឱកាសមួយយ៉ាងសំខាន់សម្រាប់ថ្នាក់ដឹកនាំសហគមន៍ និងសមាជិកសហគមន៍ទាំងអស់បានបញ្ចេញនូវមតិយោបល់នានា ព្រមទាំងបានបង្ហាញនូវលទ្ធផលការងារដែលសហគមន៍បានអនុវត្តន៍នាពេលកន្លងមក និងផែនការទិសដៅផ្សេងៗដែលសហគមន៍ត្រូវធ្វើបន្ត។

ឯកឧត្តម ម៉ៅ ថូរ៉ា រដ្ឋលេខាធិការក្រសួងពាណិជ្ជកម្ម បានមានប្រសាសន៍ថា ក្រសួងពាណិជ្ជកម្ម បានខិតខំធ្វើការសម្របសម្រួលជាមួយស្ថាប័នពាក់ព័ន្ធ សំដៅស្វែងរកដំណោះស្រាយបញ្ហានានាជូនដល់វិស័យឯកជនទាំងជាតិ អន្តរជាតិក៏ដូចជារាជរដ្ឋាភិបាលបានគាំទ្រការរៀបចំជំនួបធុរកិច្ច ក៏ដូចជាព្រឹត្តិការណ៍ពិព័រណ៍ពាណិជ្ជកម្មផ្សេងៗ។ ឯកឧត្តមរដ្ឋលេខាធិការ បានកោតសរសើរដល់សហគមន៍មៀនប៉ៃលិនដែលបានខិតខំរួមគ្នាចងក្រងជាសហគមន៍ និងចូលរួមលើកស្ទួយគុណភាពកសិផលខ្មែរសម្គាល់ភូមិសាស្ត្រ។ ឯកឧត្តមបានជំរុញដល់ សហគមន៍ត្រូវរួមគ្នាផលិតផ្លែមៀនឱ្យបានបរិមាណច្រើន ព្រមទាំងមានគុណភាព និងអនាម័យ ស្រមតាមស្តង់ដារ និងតម្រូវការទីផ្សារអន្តរជាតិ។

សូមបញ្ជាក់ថា បច្ចុប្បន្ននេះ សហ​គ​ម​ន៍ផលិតផល​មៀនប៉ៃលិន មានសមាជិកចំនួន  ២២៨នាក់ ស្រី​៤២នាក់ មកពីខេត្តបាត់ដំបង បន្ទាយមានជ័យ ពោធិ៍សាត់ និងខេត្ដប៉ៃលិនផ្ទាល់ ហើយសហគមន៍បានចុះកុងត្រាលក់ផ្លែមៀនទៅឱ្យក្រុមហ៊ុនចិន នៅ​ក្នុង​ប្រទេសថៃ  ដោយមានផ្ទៃដីដាំដុះចំនួន៧៤៦ហិកតា ស្មើនឹង១១១.៩០០ដើម មានប្រាក់ភាគហ៊ុនសរុប ចំនួន ២៣៣.៩០០.០០០រៀល ស្មើនឹង ២.៣៣៩ហ៊ុន ព្រមទាំងទុនសរុបចំនួន ៣៧៥.៤២៩.​៩០០រៀល។ នេះបើតាមការឲ្យដឹងពីទីភ្នាក់ងារសារព័ត៌មានកម្ពុជា៕

ផ្ទាំងឃោសនាពាណិជ្ជកម្ម
ខ្ញុំគឺជាអ្នកសរសេរអត្ថបទ និងអ្នកទីផ្សារឲ្យគេហទំព័រ apamat.com ហើយខ្ញុំក៏កំពុងធ្វើការជាអ្នកទីផ្សារឲ្យក្រុមហ៊ុនផ្សេងទៀតផងដែរ។ ខ្ញុំចូលចិត្តចែករំលែក ហើយខ្ញុំមកទីនេះគឺដោយសារខ្ញុំចង់ចែករំលែកអ្វីដែលខ្ញុំដឹងអំពីការធ្វើជំនួញ ជាមួយអ្នក។