មហាសេដ្ឋីចិន Jack Ma បានដកខ្លួនចេញពី Alibaba ដើម្បីមានពេលធ្វើអ្វីដែលជីវិតចង់បាន

2021

សហស្ថាបនិកក្រុមហ៊ុន Alibaba លោក Jack Ma បានប្រកាសថាខ្លួននឹងដកខ្លួនចេញពីអាជីវកម្មអនឡាញខ្នាតយក្សរបស់ចិន ចាប់ពីថ្ងៃច័ន្ទ ទី១០ កញ្ញា សប្តាហ៍ក្រោយទៅ ដើម្បីយកពេលទៅធ្វើការសប្បុរសធម៌ និងផ្តោតលើការលើកកំពស់វិស័យអប់រំ។ 

 

លោក Jack Ma ធ្លាប់ធ្វើជាគ្រូបង្រៀនភាសាអង់គ្លេស មុនពេលបង្កើតក្រុមហ៊ុន Alibaba ឡើងនៅឆ្នាំ 1999 ជាមួយមិត្តរបស់គាត់ 17នាក់ផ្សេងទៀត ហើយបានធ្វើឲ្យក្រុមហ៊ុននេះក្លាយជាក្រុមហ៊ុនអ៉ីនធើណិតដែលបច្ចុប្បន្នមានតម្លៃ 420.8 ពាន់លានដុល្លារអាមេរិច នេះបើគិតតាមតម្លៃភាគហ៊ុនដែលបានជួញដូរត្រឹមថ្ងៃបិទផ្សារហ៊ុនកាលពីថ្ងៃសុក្រកន្លងទៅនេះ។ 

លោក Ma កើតនៅថ្ងៃទី 10 ខែកញ្ញា ឆ្នាំ 1964 ក្នុងក្រុមគ្រួសារក្រីក្រមួយនៅទីក្រុង Hangzhou ខេត្ត Zhejiang ភាគខាងកើតប្រទេសចិន។ កាលណោះ គ្រួសាររបស់លោក Ma ពឹងផ្អែកលើតែប្រាក់ចូលនិវត្តន៍របស់ឪពុករបស់លោក មួយខែទទួលបានតែ 40ដុល្លារអាមេរិចប៉ុណ្ណោះ។ ប៉ុន្តែបច្ចុប្បន្ននេះ លោក Ma គឺជាមនុស្សដែលមានជាងគេបំផុតរបស់ប្រទេសចិន ដោយមានទ្រព្យសម្បត្តិច្រើនជាង 40ពាន់លានដុល្លារអាមរិច។

គិតត្រឹមថ្ងៃច័ន្ទដែលលោក Jack Ma ត្រៀមចូលនិវត្តន៍ពីក្រុមហ៊ុនដែលលោកបានបង្កើតនេះ គឺជាថ្ងៃខួបគម្រប់អាយុ 54ឆ្នាំរបស់លោក ហើយវាក៏ជាថ្ងៃឈប់សម្រាកក្នុងទិវាគ្រូបង្រៀននៅប្រទេសចិនផងដែរ។ 

ថ្លែងក្នុងបទសម្ភាស៍ជាមួយ Bloomberg TV លោក Ma បាននិយាយថា “មានរឿងជាច្រើនដែលខ្ញុំបានរៀនពីលោក Bill Gates។ ខ្ញុំមិនអាចក្លាយជាមនុស្សដែលមានទ្រព្យសម្បត្តិច្រើនជាងគាត់នោះទេ ប៉ុន្តែរឿងមួយដែលខ្ញុំអាចធ្វើបានគឺ ចូលនិវត្តន៍ឲ្យបានឆាប់។ ខ្ញុំគិតថាថ្ងៃណាមួយ ហើយវាឆាប់ៗនេះទេ ខ្ញុំនឹងទៅបង្រៀនវិញ។ នេះគឺជារឿងម្យ៉ាងដែលខ្ញុំគិតថាខ្ញុំអាចធ្វើបាន ប្រសើរជាងធ្វើជានាយកប្រតិបត្តិរបស់ Alibaba។”

Jack Ma នឹងនៅតែធ្វើជាប្រធានក្រុមប្រឹក្សាភិបាលរបស់ Alibaba ដដែល និងនៅតែបន្តធ្វើជាប្រមុខក្រុមហ៊ុន និងជាអ្នកគូសវាសយុទ្ធសាស្ត្ររយៈពេលវែងឲ្យក្រុមហ៊ុន។ 

កាលពីឆ្នាំ 2014 លោក Ma បានបង្កើតមូនិធិសប្បុរសមួយឈ្មោះ Jack Ma Foundation ដើម្បីជួយពង្រឹងវិស័យអប់រំនៅទីជនបទក្នុងប្រទេសចិន។ ក្រៅពីល្បីឈ្មោះក្នុងនាមជាអ្នកជំនួញដ៏ល្បីម្នាក់ Jack Ma ក៏ត្រូវបានគេហៅដែរថា “លោកគ្រូ Ma”។ 

Alibaba បានចាប់កំណើតឡើងក្នុងនាមជាទីផ្សារអនឡាញមួយសម្រាប់ឲ្យអាជីវកម្មនានាលក់ផលិតរបស់ពួកគេទៅឲ្យម្ចាស់អាជីវកម្មផ្សេងទៀត។ ប៉ុន្តែវាមិនបានដំណើរការល្អឡើយ រហូតទាល់តែ Jack Ma បង្កើតទីផ្សារ Taobao មួយទៀតនៅឆ្នាំ 2003 សម្រាប់ឲ្យម្ចាស់រោងចក្រផ្គត់ផ្គង់ទំនិញទៅដល់អតិថិជនដោយផ្ទាល់ ទើប Alibaba ចាប់ផ្តើមរីកចម្រើនខ្លាំង។ ក្រោយមក Alibaba បានបង្កើតកម្មវិធីបង់ប្រាក់តាមអនឡាញមួយគឺ Alipay ដើម្បីឲ្យអតិថិជនទូរទាត់ថ្លៃទំនិញ។ ក្រោយមកទៀត Alipay បានក្លាយខ្លួនទៅជាគ្រឹះស្ថានហិរញ្ញវត្ថុដ៏ធំ និងមានឈ្មោះថា Ant Financial ដលមកទល់ពេលនេះ វាក៏ជាក្រុមហ៊ុនបុត្រសម្ព័ន្ធដែលគ្រប់គ្រងដោយលោក Jack Ma ផងដែរ។ 

បច្ចុប្បន្ន សាជីវកម្មលក់ទំនិញនៅលើអ៉ីនធើណិត Alibaba គ្រប់គ្រងអាជីវកម្មតូចៗជាច្រើនទៀតក្នុងវិស័យដូចជា ធនាគារអនឡាញ Cloud computing ប្រព័ន្ធផ្សព្វផ្សាយ និងកំសាន្ត សេវាដឹកជញ្ជូន កម្មវិធីផ្ញើសារតាមទូរស័ព្ទដៃ…។ 

ក្នុងនាមជាប្រធានក្រុមហ៊ុន Alibaba លោក Jack Ma បានជួយជ្រុំជ្រែងអាជីវកម្មក្នុងស្រុកចិន និងនៅបរទេសជាច្រើនឲ្យរីកចម្រើន ហើយលោកក៏ជាពាណិជ្ជករបរទេសដំបូងគេដែលចូលជួបលោក Donald Trump បន្ទាប់ពីលោកជាប់ឆ្នោតជាប្រធានាធិបតីអាមេរិក៕

ផ្ទាំងឃោសនាពាណិជ្ជកម្ម
ខ្ញុំគឺជាអ្នកសរសេរអត្ថបទ និងអ្នកទីផ្សារឲ្យគេហទំព័រ apamat.com ហើយខ្ញុំក៏កំពុងធ្វើការជាអ្នកទីផ្សារឲ្យក្រុមហ៊ុនផ្សេងទៀតផងដែរ។ ខ្ញុំចូលចិត្តចែករំលែក ហើយខ្ញុំមកទីនេះគឺដោយសារខ្ញុំចង់ចែករំលែកអ្វីដែលខ្ញុំដឹងអំពីការធ្វើជំនួញ ជាមួយអ្នក។