Apple Inc. ដែលជាក្រុមហ៊ុនមានតម្លៃថ្លៃជាងគេលើលោក បាននិយាយថា ការគិតពន្ធរបស់រដ្ឋាភិបាលអាមេរិចដែលមានតម្លៃ 200 ពាន់លានដុល្លារអាមេរិច លើទំនិញដែលនាំចូលពីប្រទេសចិន នឹងធ្វើឲ្យផលិតផលពេញនិយមមួយចំនួនរបស់ខ្លួនកើនតម្លៃ ផលិតផលនោះរួមមាននាឡិការដៃ Apple Watch និងកាសស្តាប់តន្ត្រីសម្រាប់ Airpods។ នេះបើតាមការផ្សាយរបស់កាសែត Bloomberg។
កុំទ្យូទ័រលើតុ Mac, ប៊ិចសម្រាប់ប្រើលើ iPads, ខ្សែរ និងដុំសាកថ្មរ ហើយនិងឧបករណ៍ដទៃទៀតដែលត្រូវប្រើប្រាស់ដើម្បីតម្លើង និងឌីស្សាញនៅអាមេរិច នឹងរងឥទ្ធិពលនេះផងដែរ។ នេះបើតាមរយៈលិខិតមួយច្បាប់ដែលត្រូវបានគេផ្ញើទៅកាន់ការិយាល័យពាណិជ្ជកម្មអាមេរិចកាលពីថ្ងៃទី 5 ខែកញ្ញាកន្លងទៅនេះ។
សហរដ្ឋអាមេរិចបានដាក់កម្រិតយកពន្ធលើទំនិញដែលផលិតនៅប្រទេសចិន មានតម្លៃប្រមាណ 50ពាន់លានដុល្លាររួចមកហើយ ចំណែកវគ្គក្រោយនេះគឺជាមានតម្លៃដល់ទៅ 200 ពាន់លានដុល្លារឯណោះ។
លោកប្រធានាធិបតីអាមេរិច លោក Donald Trump បាននិយាយកាលពីថ្ងៃសុក្រកន្លងទៅថា គាត់កំពុងតែពិចារណាលើពន្ធគយដែលមានតម្លៃ 267ពាន់លានដុល្លារបន្ថែមទៀតលើប្រទេសចិន ដើម្បីឆ្លើយតបនឹងការជំទាស់លើអ្វីដែលគាត់បានហៅថាជាការធ្វើពាណិជ្ជកម្មមិនមានតម្លារភាព។ ចំណែកអ្នកវិភាគបាននិយាយថា វានឹងធ្វើឲ្យប៉ះពាល់ដល់ទំនិញសម្រាប់ប្រើប្រាស់ស្ទើរតែគ្រប់ប្រភេទ។
ក្រុមហ៊ុន Apple បាននិយាយនៅក្នុងលិខិតមួយថា “ការព្រួយបារម្ភរបស់យើងចំពោះពន្ធគយទាំងនេះ គឺថាសហរដ្ឋអាមេរិកនឹងទទួលរងការប៉ះពាល់យ៉ាងធ្ងន់ធ្ងរ ហើយវានឹងធ្វើឱ្យកំណើនសេដ្ឋកិច្ច និងការប្រកួតប្រជែងរបស់សហរដ្ឋអាមេរិកកាន់តែទាប និងតម្លៃទំនិញឡើងកាន់តែខ្ពស់សម្រាប់អ្នកប្រើប្រាស់នៅអាមេរិក”។
នៅក្នុងលិខិតដដែល Apple បានស្នើរសុំឲ្យរដ្ឋាភិបាលអាមេរិច ពិចារណាឡើងវិញអំពីវិធានការទាំងនេះ ហើយស្វែងរកដំណោះស្រាយដែលមានប្រសិទ្ធភាពថែមទៀតដើម្បីធ្វើឲ្យសេដ្ឋកិច្ចអាមេរិច និងអ្នកប្រើប្រាស់អាមេរិចឲ្យកាន់តែខ្លាំង និងរីកលូតលាស់បានល្អជាងពេលពីមុន។
Apple ក៏បាននិយាយថា ឧបករណ៍របស់ខ្លួនដូចជា ម៉ាស៉ីនចាក់ដន្ត្រី HomePod, ប៉ាស់ចាក់ចម្រៀងម៉ាក Beats, Airpods, Magic Mouse និង Magic Trackpad ហើយនិងសំបក Case ដែលផលិតពីស្បែកសត្វសម្រាប់ដាក់ iPhone, iPad, MacBook និងខ្មៅដៃ Apple Pencil ក៏នឹងរងការប៉ះពាល់ផងដែរ។
ក្រុមហ៊ុន Intel Corp ដែលជាក្រុមហ៊ុនផលិតបន្ទះឈីបធំបំផុតលំដាប់ទីពីររបស់ពិភពលោក ក៏បានគាំទ្រ Apple ចំពោះការជំទាស់នេះដែរ។
Apple បានសើររើថា ខ្លួនបានទិញគ្រឿងបន្លាស់ដែលមានតម្លៃជាង 50ពាន់លានដុល្លារពីរោងចក្រនៅអាមេរិចកាលពីឆ្នាំមុន ហើយបាននិយាយថាខ្លួនគឺជាអ្នកបង់ពន្ធសាជីវកម្មដ៏ធំបំផុតរបស់សហរដ្ឋអាមេរិច។
ក្រុមហ៊ុន Apple រកចំណូលពីទីផ្សារប្រទេសចិនបានចំនួន 9.6ពាន់លានដុល្លារក្នុងត្រីមាសទីបីឆ្នាំនេះ ដែលស្មើរនឹង 18% នៃចំណូលសរុបរបស់ក្រុមហ៊ុន៕
