Startup Series : វគ្គ 1: ការចូលរៀនសកលវិទ្យាល័យជំនួញដំបូង បន្ទាប់ពីជាប់បាក់ឌុប

2175

ថ្ងៃទី ១ ខែមករា ឆ្នាំ ២០១៩ គឺជាថ្ងៃបើកថ្នាក់ចូលរៀនថ្មីសម្រាប់សិស្សដែលទើបប្រលងបាក់ឌុបជាប់។ Phnom Penh Business University គឺជាសកលវិទ្យាល័យពាណិជ្ជកម្មធំ និងទំនើបមួយនៅទីក្រុងភ្នំពេញ។  PPBU ប្រមូលផ្តុំដោយយុវជនខ្មែរដែលមានក្តីស្រមៃចង់ក្លាយជាអ្នកជំនួញ ហើយវាក៏ជាទិសដៅដែលយុវជនជាច្រើនស្រមៃចង់ចូលរៀនក្នុងសាលានេះផងដែរ។ ក្នុងថ្ងៃចូលរៀនដំបូង ក៏មានវត្ថមានសិស្សឆ្នើមបួននាក់ដែរ ហើយពួកគេគឺ…

កំលោះ លី ស៉ីនត្រា អាយុ 18ឆ្នាំ មកពីខេត្តបាត់ដំបង ក្នុងគ្រួសារអ្នកស្រែចំការ មានក្តីស្រមៃធំចង់ក្លាយជាមនុស្សដ៏មានឥទ្ធិពលម្នាក់ក្នុងវិស័យជំនួញ។ ម្នាក់នេះចេះច្រើនមុខ ពូកែស្រមើលស្រមៃ និងស្មោះត្រង់។ មុខវិជ្ជានៅសកលវិទ្យាល័យដែលគេចូលចិត្តគឺ Marketing និង Finance។ 

កញ្ញា គិត លីនដា អាយុ 17ឆ្នាំ មកពីខេត្តព្រះសីហនុ ក្នុងត្រគោលស្តុកស្តម្ភ មានក្តីស្រមៃចង់បង្កើតក្រុមហ៊ុនខ្នាតធំមួយដោយពឹងលើសមត្ថភាពខ្លួនឯង។ លីនដា កាលនៅវិទ្យាល័យពូកែខាងលេខ ហើយនៅសកលវិទ្យាល័យគេចូលចិត្តថ្នាក់គណនី និងហិរញ្ញវត្ថុ។ លីនដាមានរូបសម្ភស្សស្អាត ចូលចិត្តជីវិតបែបស៉ីវិល័យ និងមានទេពកោលសល្យខ្ពស់កម្ររកបាន។

កញ្ញា ឡាន រចនា អាយុ 18 ឆ្នាំ មកពីខេត្តសៀមរាប ក្នុងត្រគោលអ្នកជំនួញ មានក្តីស្រមៃចង់ក្លាយជានាយិការក្រុមហ៊ុនធំបំផុតមួយនៅកម្ពុជា។ កញ្ញារូបស្រស់ម្នាក់នេះចូលចិត្តអាន និងស្រាវជ្រាវមុខវិជ្ជាទីផ្សារ។ ពេលទំនេរនាងចូលចិត្តនៅក្នុងបន្ទប់សៀវភៅ អាន និងស្រាវជ្រាវ ហើយនាងចូលចិត្តជីវិតបែបស្ងប់ស្ងាត់ និងសាមញ្ញ។ 

កំលោះ ស៊ា សុខា អាយុ 19 ឆ្នាំ មកពីខេត្តកំពង់ចាម ក្នុងគ្រួសារមន្ត្រីរាជការ មានក្តីស្រមៃចង់ធ្វើការនៅក្នុងក្រុមហ៊ុនយក្សមួយនៅកម្ពុជាក្នុងតំណែងជានាយកប្រតិបត្តិ។ កំលោះមិនសូវមាត់កម្នាក់នេះចូលចិត្តអានសៀវភៅគ្រប់គ្រង ហើយពេលទំនេរចូលចិត្តអង្គុយមើលខ្សែភាពយន្តដែលទាក់ទងនឹងការធ្វើជំនួញនៅលើ Netflix។ 

សិស្សឆ្នើមទាំងបួននាក់នេះរៀនថ្នាក់ជាមួយគ្នាក្នុងជំនាញគ្រប់គ្រងពាណិជ្ជកម្ម។ ចូលរៀនបានប៉ុន្មានខែពួកគេក៏បានក្លាយជាមិត្តស្និតស្នាល ដោយសារតែពួកគេសុទ្ធតែសិស្សខ្លាំងនៅក្នុងថ្នាក់។

បន្ទាប់ពីចូលឆ្នាំសិក្សារទីពីរ ថ្ងៃមួយ ស៉ីនត្រា បានផ្តួចផ្តើមគំនិតបង្កើតក្រុម Startup មួយដែលមានបួននាក់គ្នាពួកគេជាសមាជិក ហើយគ្រប់គ្នាក៏យល់ស្របតាម។ ពួកគេបានជួបជុំគ្នាជាច្រើនដង ដើម្បីពិភាក្សាលើគម្រោងអាជីវកម្មដំបូងបំផុតរបស់ពួកគេ។ អាជីវកម្មដំបូង នោះ គឺជា Online shop លក់ផលិតផលគ្រឿងសំអាងនាំចូលពីប្រទេសថៃនៅលើ Facebook និង Instagram ពួកគេបានសរសេរគម្រោង វិភាគទីផ្សារ វិភាគលទ្ធផល និងកម្រិតប្រថុយនៃអាជីវកម្មនោះយ៉ាងយកចិត្តទុកដាក់ ព្រោះថាវាគឺជាអាជីវកម្មដំបូងរបស់ពួកគេ។ បន្ទាប់មកពួកគេមានប្រមូលទុនពីសមាជិកទាំងក្នុងនាមជាម្ចាស់ភាគហ៊ុន។ ស៉ីនត្រាកាន់តួនាទីជាប្រធានក្រុម លីនដាជាអ្នកគណនី រចនាជាអ្នកទីផ្សារ និងសុខាជាអ្នកទទួលខុសត្រូវលើផ្នែកប្រតិបត្តិការ។ Online shop នេះចំណាយទុន 2,000 ដុល្លារដែលបានមកពីពួកគេម្នាក់ 500 ដុល្លារ ហើយវាមានឈ្មោះថា Students Online Shop ដោយសារតែពួកគេគឺជាសិស្ស។ គោលដៅរបស់ពួកគេគឺចង់ធ្វើឲ្យ Students Online Shop ក្លាយជាហាងលក់គ្រឿងសំអាងចម្រុះបែប Online មួយដែលជាទីពេញនិយមរបស់យុវវ័យជាពិសេសសិស្សវិទ្យាល័យ និងសកលវិទ្យាល័យ។ ពួកគេបានបញ្ជាទិញទំនិញចូលស្តុក និងចាប់ផ្តើមធ្វើទីផ្សារ។ 

នៅពេលដំណើរការដំបូងពួកគេបានអូសទាញមិត្តភ័ក្ត្ររបស់ពួកគេដែលមានរូបរាងស្អាតៗឲ្យជួយ Promote ឲ្យ។ ក្នុងរយៈពេលបីខែដំបូង Students Online Shop មានឈ្មោះល្បីគួរសម្យ វាអាចរាប់ថាជាជោគជ័យមួយសម្រាប់ startup មួយក្រុមនេះ និងមានម៉ូយកាត់ទំនិញទៅលក់បន្តនៅលើអនឡាញប្រមាណ 50នាក់។ ប៉ុន្តែមួយខែក្រោយមកទៀត Facebook បានបំបែក Newfeed ទៅជាពីរ និងដាក់ Pages ដោយ Pages ធ្វើឲ្យហាងលក់អនឡាញទាំងអស់ជួបបញ្ហាក្នុងការលក់នៅប្រទេសកម្ពុជា។ Students Online Shop បានបង្កើនទុនបន្ថែម $1,500 ទៀតដើម្បីចំណាយលើការធ្វើទីផ្សារ និងស្តុកទំនិញបន្ថែម។ ហើយពួកគេបានបង្វែរគោលដៅ ដោយចាប់ផ្តើមផ្តោតលើអតិថិជនដែលមានហាងលក់ផ្ទាល់ខ្លួនវិញ។

ការនាំចូលផលិតផលគ្រឿងសំអាងថៃក៏បានជួបបញ្ហា ដោយសារតែមានអ្នកបង្កើតម៉ាកគ្រឿងសំអាងផលិតផលថៃដោយខ្លួនឯងច្រើនពេក និងគ្មានគោលការណ៍ផលិតផលច្បាស់លាស់។ ម្ចាស់ផលិតផលទាំងនោះគ្រាន់តែមានលុយជួលឲ្យរោងចក្រផលិតគ្រឿងសំអាងផលិតឲ្យពួកគេ ហើយពួកគេលក់ចែកចាយឲ្យទៅអ្នកលក់អនឡាញនៅប្រទេសកម្ពុជា ឡាវ និងមីយ៉ានម៉ា។ ម្ចាស់ផលិតផលទាំងនោះមិនបានគិតពីភាពយូរអង្វែងនោះទេ នៅពេលដំបូងពួកគេផលិតឲ្យមានគុណភាពខ្ពស់ ហើយក្រោយមកពួកគេបន្ថយការចំណាយនានាសូម្បីតែគុណភាពផលិតផល បន្ទាប់ពីផលិតផលរបស់ពួកគេលក់លែងដាច់ ពួកគេក៏បានកើបលុយរួចបាត់ទៅហើយ។ ស្លាប់តែអ្នកកាត់ផលិតផលរបស់ពួកគេមកស្តុកប៉ុណ្នោះ។ ដោយសារការមិនបានដឹង និងគិតមិនដល់ចំណុចនេះ Students Online Shop បានជួបបញ្ហាទំនិញក្នុងស្តុកច្រើនលក់មិនចេញ។ 

ពួកគេបានព្យាយាមស្តារស្ថានភាពនោះឡើងស្ទើរតែអស់វិធី ប៉ុន្តែដោយសារទាំង Facebook និងសង្វាក់ផលិតផលរបស់ថៃមានបញ្ហាផង បានធ្វើឲ្យពួកគេសម្រេចបិទអាជីវកម្មនោះចោល  បន្ទាប់ពីដំណើរការបានរយៈពេល 6ខែ។ ពួកគេបានបញ្ចេញទំនិញចេញឲ្យអស់តាមរយៈការលក់បញ្ចុះតម្លៃ និងកម្មវិធីទិញថែមឲ្យអ្នកលក់បន្តរបស់ពួកគេ ហើយបានប្រមូលលុយសុទ្ធពីការបញ្ចេញទំនិញវិញ ចំនួន 2,890 ដុល្លារ ខាតអស់ចំនួន 610 ដុល្លារ និងខាតពេលអស់ ៦ ខែ។ ត្បិតតែពួកគេខាតបង់មែន ប៉ុន្តែពួកគេយល់ថាវាគឺជាការដកស្រង់បទពិសោធន៍ដ៏មានន័យមួយ ហើយពួកគេបានរៀនអ្វីថ្មីៗជាច្រើន ដើម្បីសាកល្បងលើអាជីវកម្មបន្ទាប់ទៀត ហើយពួកគេពិតជាបានព្យាយាមក្នុងការគេចចេញពីភាពបរាជ័យពិតមែន តែវានៅតែមិនអាចគេចផុត…។

សូមតាមអានបន្តវគ្គ 2

ផ្ទាំងឃោសនាពាណិជ្ជកម្ម
ខ្ញុំគឺជាអ្នកសរសេរអត្ថបទ និងអ្នកទីផ្សារឲ្យគេហទំព័រ apamat.com ហើយខ្ញុំក៏កំពុងធ្វើការជាអ្នកទីផ្សារឲ្យក្រុមហ៊ុនផ្សេងទៀតផងដែរ។ ខ្ញុំចូលចិត្តចែករំលែក ហើយខ្ញុំមកទីនេះគឺដោយសារខ្ញុំចង់ចែករំលែកអ្វីដែលខ្ញុំដឹងអំពីការធ្វើជំនួញ ជាមួយអ្នក។