តើការរៀនជំនាញពីរក្នុងពេលតែមួយជាជម្រើសល្អឬយ៉ាងណា? តោះមកស្តាប់យោបល់ពីរៀមច្បងទាំងអស់គ្នា

2600
ប្រភពពី៖ Language Exchange Phnom Penh

បន្ទាប់ពីឆ្លងកាត់ការប្រលងសញ្ញាប័ត្រទុតិយភូមិហើយ ជំហានបន្ទាប់ទៀតសម្រាប់សិស្សានុសិស្សទី ១២ គឺការជ្រើសរើសជំនាញសិក្សា។ ក្នុងនោះផងដែរក៏មានយុវជនមួយចំនួនលើកជាសំណួរថា “តើការរៀនជំនាញពីរក្នុងពេលតែមួយជាជម្រើសល្អដែរឬទេ?” បច្ចុប្បន្ននេះយើងសង្កេតឃើញថាចំនួននៃនិស្សិតដែលជ្រើសរើសយកជំនាញសិក្សាពីរក្នុងពេលតែមួយមានចំនួនច្រើនគួរសម រហូតដល់វាក្លាយជារឿងធម្មតាសម្រាប់យុវជនកម្ពុជា ខណៈពេលដែលវាជារឿងមិនប្រក្រតីសម្រាប់និស្សិតមួយចំនួនក្នុងបណ្តាប្រទេសអាស៊ាន។ ទាក់ទិននឹងបញ្ហានេះ យុវជនក្រោយៗមួយចំនួនប្រាកដជាចង់ដឹងចង់លឺហើយថាតើការរៀនពីរសាលាបែបនេះមានគុណសម្បត្តិនិងគុណវិបត្តិយ៉ាងដូចម្តេចខ្លះ? តោះយើងមកស្តាប់ការយល់ឃើញពីរៀនច្បងដែលមកពីបណ្តាសកលវិទ្យាល័យនានានៅក្នុងរាជធានីភ្នំពេញទាំងអស់គ្នា។

លោក អ៊ុល វិភីស័ក្កណៈលីឃុន បច្ចុប្បន្នជានិស្សិតឆ្នាំទី ៤ ផ្នែកទំនាក់ទំនងអន្តរជាតិ ហើយក៏ជានិស្សិតផ្នែកអក្សរសាស្រ្តអង់គ្លេសផងដែរ។ តាមរយៈបទពិសោធន៍ដែលធ្លាប់ឆ្លងកាត់ រៀមច្បងរូបនេះបានលើកឡើងថាការរៀនជំនាញពីរក្នុងពេលតែមួយមានចំណុចវិជ្ជមាននិងអវិជ្ជមានដើរទន្ទឹមគ្នា។ ការរៀនជំនាញទាំងពិរក្នុងពេលតែមួយជាក់ស្តែងមានផលចំណេញក្នុងករណីដែលជំនាញទាំងពីរមានទំនាក់ទំនងគ្នា ។ ឧទាហរហ៍ជាក់ស្តែង គាត់រៀនជំនាញផ្នែកទំនាក់ទំនងអន្តរជាតិនិងអក្សរសាស្រ្តអង់គ្លេស ប៉ុន្តែនៅក្នុងជំនាញអក្សរសាស្រ្តអង់គ្លេសក៏មានមុខវិជ្ជាមួយដែលទាក់ទងនឹងផ្នែកទំនាក់ទំនងអន្តរជាតិ ដូច្នេះគាត់អាចផ្សាភ្ជាប់ជំនាញទាំងពីរនិងពង្រីកចំណេះដឹងបន្ថែមទៀត។ ​មួយវិញទៀត វាក៏ជួយផ្តល់ឱកាសអោយនិស្សិតក្នុងការមានអាទិភាពកាន់តែច្រើនពេលដែលចេញធ្វើការពីព្រោះយើងមានជំនាញពីរនៅក្នុងដៃស្រាប់។ ទោះបីជាយ៉ាងណាក៏ដោយ វាក៏មានផលអវិជ្ជមានក្នុងនោះផងដែរ។ កត្តាចំបងគឺការរៀនពីរជំនាញក្នុងពេលតែមួយអាចកាត់បន្ថយការចូលរួមសកម្មសង្គមដែលជាផ្នែកមួយក្នុងការអភិវឌ្ឍន៍និងអនុវត្តន៍ជំនាញដែលខ្លួនបានរៀន។ ជាលទ្ធផលនៅពេលដែលយើងមិនធ្លាប់ប្រឡូកក្នុងបទពិសោធន៍ការងារណាមួយទាល់តែសោះក៏ជាហេតុធ្វើអោយយើងពិបាកនឹងរកការងារធ្វើដែរនៅថ្ងៃអនាគត។ ម្យ៉ាងវិញទៀត នៅពេលដែលយើងត្រូវលៃលកពេលសម្រាប់រៀនផ្នែកនេះផងផ្នែកនោះផង នោះយើងនឹងមិនមានពេលគ្រប់គ្រាន់សម្រាប់ពង្រឹងជំនាញរបស់ខ្លួនអោយពិតប្រាកដណាមួយនោះទេ។

ក្នុងនោះផងដែរ និស្សិតឆ្នាំទី៤ម្នាក់ទៀតឈ្មោះ លីម គីហួរ ដែលបច្ចុប្បន្នគាត់កំពុងសិក្សានៅសាលា CamEdផង និងសាលា IFLផង ។ សម្រាប់ខ្លួនឯងផ្ទាល់ គាត់យល់ថាការជ្រើសរើសរៀនពីរសាលាក្នុងពេលតែមួយបែបនេះមិនមែនជាជម្រើសដ៏ល្អសម្រាប់និស្សិតនោះទេ។ ការរៀនបែបនេះធ្វើអោយប៉ះពាល់ដល់ការយកចិត្តទុកដាក់ចំពោះការសិក្សាទាំងពីរមុខវិជ្ជាជាហេតុធ្វើអោយលទ្ធផលទទួលបាន (GPA) មិនសូវល្អ។ ម្យ៉ាងវិញទៀតអ្វីដែលកាន់តែពិបាកជាងនេះទៅទៀតគឺការបែងចែកពេលវេលា។ ឧទាហរហ៍៖ ការធ្វើ Assignment។ សាលានិមួយៗប្រាកដជាតម្រូវអោយធ្វើassignment ហើយវាទាមទាអោយយើងស្រាវជ្រាវ មានពេលវេលាគ្រប់គ្រាន់ជួបជុំក្រុម និងពិភាក្សាគ្នា។ ប៉ុន្តែក្នុងករណីដែលយើងរៀនពីរសាលាហើយ យើងនឹងមិនមានពេលគ្រប់គ្រាន់ក្នុងការធ្វើវានោះទេ។ លើសពីនេះទៅទៀត ក្នុងករណីដែលយើងមិនមានចំណេះដឹងជាគ្រឹះពីថ្នាក់ក្រោមមក នោះយើងនឹងពិបាកចាប់យកជំនាញទាំងពីរណាស់ ពីព្រោះវានឹងធ្វើអោយខ្លួនឯងកាន់តែពិបាក។ ទោះបីជាយ៉ាងណាក៏ដោយ រៀមច្បងមួយរូបនេះក៏បានលើកឡើងផងដែរថា ការជ្រើសរើសបែបនេះក៏វាអាចផ្តល់ផលល្អសម្រាប់យើងនៅពេលចេញធ្វើការផងដែរព្រោះយើងមានសញ្ញាប័ត្រពីរក្នុងពេលតែមួយ ប៉ុ​ន្តែវាល្អក្នុងករណីដែលយើងមានពេលវេលាគ្រប់គ្រាន់ក្នុងការផ្តោតលើការរៀនសូត្រ តួយ៉ាងគឺយើងមិនចាំបាច់ត្រូវគិតគូលើរឿងផ្សេងទៀត។

ស្រដៀងគ្នានឹងការយល់ឃើញរបស់និស្សិតទាំងពីររូបខាងលើដែរ និស្សិតឆ្នាំទី ៤ មួយរូបទៀតឈ្មោះថា ណង ច័ន្ទសោភា ដែលបច្ចុប្បន្នកំពុងសិក្សានៅសកលវិទ្យាបញ្ញាសាស្រ្តផង និងវិទ្យាស្ថានភាសាបរទេសផងបានលើកឡើងពីគុណសម្បត្តិនិងគុណវិបត្តិដែលកញ្ញាជួបប្រទះ។ សោភាយល់ថាការរៀនពីរសាលាបែបនេះបានផ្តល់អោយកញ្ញានូវចំណេះបន្ថែមទៀតទាក់ទងនឹងការស្រាវជ្រាវដែលគ្រូបានដាក់អោយ ពោលគឺវាជាស្ពានមួយក្នុងការត្រួសត្រាយកញ្ញាដើម្បីប្រឡូកក្នុងវិស័យការងារ។ ជាពិសេសវាជួយអោយកញ្ញាមានសមត្ថភាពក្នុងការដោះស្រាយបញ្ហានៅពេលដែលសាលាទាំងពីរមានការងារច្រើនដូចគ្នា។ ទោះបីជាយ៉ាងណាក៏ដោយ កញ្ញាសង្កត់ធ្ងន់ផងដែរថាបញ្ហាប្រឈមធំបំផុតគឺការបែងចែកពេលវេលាអោយបានត្រឹមត្រូវ ព្រោះបើយើងមិនចេះគ្រប់គ្រងកាលវិភាគអោយបានល្អនោះវានឹងអាចទម្លាក់លទ្ធផលនៃការសិក្សាទាំងពីររបស់យើងបាន។

សរុបជារួម គ្មានអ្នកណាអាចឆ្លើយចម្លើយពិតប្រាកដមួយថាការរៀនជំនាញពីរក្នុងពេលតែមួយគឺល្អឬមិនល្អសម្រាប់អ្នកណាស់ ពីព្រោះស្ថានភាពបុគ្គលម្នាក់ៗគឺខុសគ្នា។ ប្រសិនបើអ្នកមានពេលវេលាគ្រប់គ្រាន់ គ្រួសារមានលទ្ធភាពអោយរៀន មានសមត្ថភាពក្នុងការចាប់យក និងការតាំងចិត្តក្នុងការរៀនសូត្រ ការរៀនពីរសាលាមិនមែនជាផលពិបាកនោះទេ។ ប៉ុន្តែមុនពេលដែលសម្រេចចិត្តអ្នកត្រូវថ្លឹងថ្លែងអោយច្បាស់លាស់ពីចំណុចវិជ្ជមាននិងអវិជ្ជមានរបស់វា ពីព្រោះសមត្ថភាពនិងទំហំនៃការតាំងចិត្តរបស់អ្នកគ្មានអ្នកណាអាចវាស់បានក្រៅពីខ្លួនអ្នកផ្ទាល់នោះទេ។ ចូរកុំធ្វើអោយការសម្រេចចិត្តមួយនេះក្លាយជាវិប្បដិសារីនៅថ្ងៃក្រោយអោយសោះ៕

ផ្ទាំងឃោសនាពាណិជ្ជកម្ម
Hi readers, my name's Jing Chhing and I'm currently a junior student studying at IFL. Personally, my daily hobby is reading and reading business news provide me a massive understanding so I would love to share it to all of you too.