ប្រធានផ្នែកយុទ្ធសាស្ត្ររបស់ Snapchat លោក Imran Khan នឹងលាលែងពីតំណែង

1530

ក្រុមហ៊ុន Snapchat ដែលជាអាជីវកម្មមួយនៅក្រុមសម្ព័ន្ធក្រុមហ៊ុន Snap ទើបតែបានប្រកាសប្រាប់គណៈកម្មការមូលបត្រជាលាយលក្ខអក្សរថា លោក Imran Khan នឹងលាឈប់ពីតំណែងប្រធានផ្នែកយុទ្ធសាស្ត្ររបស់ក្រុមហ៊ុន Snap បន្ទាប់ពីលោកទទួលបានកាន់តំណែងនេះចាប់តាំងពីឆ្នាំ 2014 មក។ ព័ត៌មានដែលយើងទទួលបានចុងក្រោយនេះបានបង្ហាញថា តម្លៃភាគហ៊ុនរបស់ Snap បានធ្លាក់ចុះក្រោម $9.75 ក្នុងមួយភាគហ៊ុន។ 

 

លោក Imran Khan  បានជូនដំណឹងទៅឲ្យ Snap អំពីការលាលែងនេះកាលពីថ្ងៃទី 6 ខែកញ្ញាកន្លងទៅថ្មីៗនេះ ប៉ុន្តែក្រុមហ៊ុន Snap ទើបតែបញ្ចញព័ត៌មាននៅថ្ងៃនេះ។ Snap បានឲ្យដឹងទៀតថា លោក Khan មិនបានផ្តល់ហេតុផលជាក់លាក់អំពីការសម្រេចចិត្តលាលែងនោះទេ ហើយលោកក៏បានបញ្ជាក់ថាពុំមានទំនាស់ណាមួយនៅក្នុងក្រុមហ៊ុនទេ ចំពោះការចាកចេញនេះ។ លោក Khan នឹងស្ថិតក្នុងតំណែងប្រធានផ្នែកយុទ្ធសាស្ត្ររបស់ Snap ជាបណ្ណោះអាសន្ន ហើយថ្ងៃប្រកាសលាលែងជាផ្លូវការ មិនទាន់ត្រូវបានសម្រេចនៅឡើយទេ។

តាមរបាយការណ៍ហិរញ្ញវត្ថុប្រចាំខែសីហាកន្លងទៅរបស់  Snap បង្ហាញថា Snap បានរកចំណូលបានយ៉ាងច្រើនពីសេវាផ្សាយពាណិជ្ជកម្ម ហើយចំណូលនោះលើសពីការរំពឹងទុករបស់ក្រុមហ៊ុនទៅទៀត ប៉ុន្តែកម្មវិធីផ្ញើសារ Snapchat ក៏បានបាត់បង់អ្នកប្រើអស់ចំនួន 3លាននាក់ផងដែរ ហើយកំពុងតែប្រឈមមុខជាមួយគូប្រជែងដ៏ធំ គឺ Facebook ថែមទៀត។

សហស្ថាបនិក និងជានាយកប្រតិបត្តិរបស់ Snap លោក Evan Spiegel បាននិយាយថា “លោក Imran Khan គឺជាដៃគូដ៏អស្ចារ្យ ដែលបានកសាងក្រុមហ៊ុនរបស់យើងមកដល់ចំណុចនេះ។ យើងកើតសរសើរចំពោះការខំប្រឹងរបស់គាត់ ហើយយើងជូនពរគាត់ឲ្យសំណាងល្អ”។ 

Snapchat ដែលជាអាជីវកម្មបង្កើតថ្មីដ៏មានការរីកចម្រើនបំផុតមួយ ធ្លាប់ត្រូវបាន Facebook សុំទិញយកក្នុងតម្លៃ 3ពាន់លានដុល្លារ ហើយថ្មីៗនេះ Google ក៏បានសុំទិញ Snap ក្នុងតម្លៃ 30ពាន់លានដុល្លារផងដែរ។ ភាពជោគជ័យទាំងនេះ បានកើតឡើងបន្ទាប់ពី លោក Imran Khan ចាកចេញពីធនាគារ Credit Suisse ហើយបានចូលបម្រើការងារនៅ Snap ក្នុងឆ្នាំ 2014៕

អានបន្ថែម៖ រឿងរ៉ាវនៃការបង្កើត Snapchat

ផ្ទាំងឃោសនាពាណិជ្ជកម្ម
ខ្ញុំគឺជាអ្នកសរសេរអត្ថបទ និងអ្នកទីផ្សារឲ្យគេហទំព័រ apamat.com ហើយខ្ញុំក៏កំពុងធ្វើការជាអ្នកទីផ្សារឲ្យក្រុមហ៊ុនផ្សេងទៀតផងដែរ។ ខ្ញុំចូលចិត្តចែករំលែក ហើយខ្ញុំមកទីនេះគឺដោយសារខ្ញុំចង់ចែករំលែកអ្វីដែលខ្ញុំដឹងអំពីការធ្វើជំនួញ ជាមួយអ្នក។