រឿងអាស្រូវធំៗក្នុងប្រវត្តិសាស្ត្ររបស់ក្រុមហ៊ុន Apple

1547

Apple គឺជាក្រុមហ៊ុនដ៏ធំជាងគេក្នុងពិភពលោក ហើយកាលពីពេលថ្មីៗនេះបានក្លាយជាក្រុមហ៊ុនដំបូងគេដែលមានទ្រព្យសម្បត្តិ១ទ្រីលានដុល្លា។ នេះក៏ដោយសារ Apple ផលិតនូវឧបករណ៍អេឡិចត្រូនិចដែលមានរូបរាងស្អាតទាក់ទាញចិត្តមនុស្សសម័យថ្មី ហើយពូកែស្វែងរកគំនិតអភិវឌ្ឍនូវផលិតផលថ្មីៗដែលធ្វើអោយគេចង់បាន។ ប៉ុន្ដែទោះជាល្បីនិងមានគេគាំទ្រច្រើនយ៉ាងណាក៏គង់តែមានរឿងអាស្រូវមួយចំនួនដែលមិនអាចលាក់សាធារណៈជនជិតដែរ។ 

១. អង់តែនរបស់ iPhone 4៖ ការឌីស្សាញទូរស័ព្ទ iPhone 4 គឺខុសគ្នាពី iPhone ជំនាន់មុនៗស្ទើរតែទាំងអស់ រីឯអង់តែនរបស់វាក៏ត្រូវគេដូរកន្លែងដោយយកទៅដាក់បង្កប់នៅគែមរបស់ទូរស័ព្ទ។ បញ្ហានោះគឺអ្នកប្រើប្រាស់សង្កេតឃើញថានៅពេលដែលគេកាន់ទូរស័ព្ទហើយដាក់ដៃនៅកន្លែងគែមនោះ វានឹងធ្វើអោយធ្លាក់សេវាទូរស័ព្ទ។ នៅពេល Apple បានដឹងរឿងនេះខាងក្រុមហ៊ុនបានដំបូងបានត្រឹមតែនិយាយថាអ្នកប្រើប្រាស់មិនគួរដាក់ដៃបាំងអង់តែនឡើយ។ ការបកស្រាយបែបនេះធ្វើអោយមានការសើចចំអកនិងវាយប្រហារពីអ្នកគាំទ្ររបស់ក្រុមហ៊ុនធំៗដទៃទៀត។ ក្រោយមក Apple ក៏បានដោះស្រាយបញ្ហានេះដោយ iPhone 4s មានអង់តែនចំនួនពីរ។ 

២. ទូរស័ព្ទកោងដោយការសង្កត់៖ បញ្ហានេះកើតឡើងដំបូងចំពោះទូរស័ព្ទ iPhone 6 និង 6 plus ដោយអ្នកប្រើប្រាស់បាននិយាយថាទូរស័ព្ទបានកោងខុសធម្មតាដោយគ្រាន់តែដាក់ក្នុងហោប៉ៅរបស់ខ្លួនប៉ុណ្ណោះ។ បញ្ហានេះកើតឡើងដោយសារនៅពេលនោះ Apple បានផលិតទូរស័ព្ទរបស់ខ្លួនស្ដើងជាងធម្មតាដែលងាយស្រួលនឹងធ្វើអោយបត់បាន។ ក្រោយមក Apple បានចេញសារថាខ្លួននឹងធ្វើការផ្លាស់ប្ដូរទូរស័ព្ទថ្មីអោយអ្នកដែលមានទូរស័ព្ទកោងដោយសារតែការប្រើប្រាស់ធម្មតា ទោះបីជាយ៉ាងណាក៏ដោយបញ្ហានេះកើតឡើងចំពោះតែទូរស័ព្ទចំនួន៩គ្រឿងប៉ុណ្ណោះបើផ្អែកតាមក្រុមហ៊ុន។ 

៣. ការធ្វើអត្តឃាតក្នុងរោងចក្រផលិតទូរស័ព្ទiPhone៖ កាលពីឆ្នាំ២០១០ កម្មកររោងចក្រផលិតទូរស័ព្ទចំនួន១៣បានធ្វើអត្តឃាតដោយសារតែហេតុផលនៃសម្ពាធការងារមិនអាចទ្រាំទ្របាននិងធ្វើការងារយូរម៉ោង។ បើតាមក្រុមហ៊ុនFoxconn បាននិយាយថាការស្លាប់នេះមិនមែនមកពីបញ្ហាការងារទេតែអាចមកពីបញ្ហាគ្រួសារ។ ទោះជាយ៉ាងណាក៏ដោយក៏គេមិនជឿមួយរយភាគរយដែរ ហើយការដាក់កំហិតអោយធ្វើការយូរមកនេះក៏អាចបណ្ដាលមកពីការទាមទាររបស់ក្រុមហ៊ុនដូចជា Apple ដើម្បីផលិតអោយបានទាន់ពេលលក់។

៤. ធ្វើអោយទូរស័ព្ទជំនាន់មុនៗដើរយឺត៖ Apple មិនបានប្រាប់អោយអតិថិជនបានដឹងមុនថាពេលអាប់ដេត ios ថ្មីនឹងធ្វើអោយប៉ះពាល់ដល់ល្បឿននិងដំណើរការរបស់ទូរស័ព្ទ។ ការធ្វើបែបនេះគឺចង់អោយអតិថិជនឆាប់ដូរទូរស័ព្ទរបស់ខ្លួន តែនៅពេលដែលអ្នកប្រើប្រាស់បានរកឃើញពួកគេក៏បានប្ដឹងក្រុមហ៊ុន Apple អោយសងការខូចខាត។ ចំនុចគួរអោយចាប់អារម្មណ៍នោះគឺសម្រាប់ទូរស័ព្ទដែលមានថ្មចាស់ការអាប់ដេតនោះនឹងធ្វើអោយវាដើរយឺត ប៉ុន្ដែប្រសិនបើដូរថ្មថ្មីការដំណើរការនឹងត្រលប់មកធម្មតាវិញ។ Apple បានឆ្លើយថាខ្លួនធ្វើបែបនេះគឺដើម្បីអោយទូរស័ព្ទជំនាន់ចាស់ៗអាចដំណើរការបានស្រួលជាមួយនឹងថ្មដែលថមថយគុណភាព ប៉ុន្ដែទោះជាយ៉ាងណាក៏ដោយ ចុងក្រោយ Apple បានចេញមុខសូមទោសនិងយល់ព្រមដូរថ្មថ្មីមិនគិតថ្លៃក៏ដូចជាបញ្ចេញការអាប់ដេតថ្មីដែលមិនប៉ះពាល់ដល់ល្បឿនរបស់ទូរស័ព្ទ៕

ផ្ទាំងឃោសនាពាណិជ្ជកម្ម
ខ្ញុំគឺជាជំនួយការសរសរអត្ថបទរបស់ apamat.com។ ខ្ញុំចូលចិត្តការងារនេះព្រោះខ្ញុំអាចសរសេរអត្ថបទទាក់ទងនឹង ការធ្វើជំនួញដើម្បីអ្នកអានគ្រប់គ្នា។ ខ្ញុំសង្ឃឹមថាអ្នកទាំងអស់គ្នានឹងក្លាយទៅជាអ្នកជំនួញជោគជ័យ ព្រោះនាពេល អនាគតបញ្ហារបស់ពិភពលោកភាគច្រើននឹងត្រូវបានដោះស្រាយដោយអ្នកជំនួញ។