បន្ទាប់ពីលាលែងពីដំណែងជាប្រធានក្រុមហ៊ុនដោយខ្លួនឯង លោក Jack Ma នឹងផ្ទេរដំណែងទៅឲ្យនាយកប្រតិបត្តិក្រុមហ៊ុន Alibaba គ្រប់គ្រងវិញម្តងគឺលោក Daniel Zhang។
Jack Ma នឹងនៅតែជាប់ឈ្មោះជាប្រធានក្រុមប្រឹក្សាភិបាលរបស់ Alibaba រហូតដល់ថ្ងៃប្រជុំម្ចាស់ភាគហ៊ុនប្រចាំឆ្នាំ នៅឆ្នាំ 2020។ នេះបើតាមការឲ្យដឹងពីក្រុមហ៊ុនដែលមានមូលដ្ឋាននៅទីក្រុង Hangzhou ប្រទេសចិនមួយនេះ។ ថ្ងៃនៃការចាកចេញនេះទៀតសោធ គឺចំនឹងថ្ងៃខួបកំណើតក្នុងអាយុ 55ឆ្នាំរបស់លោក។
លោក Ma បានក្លាយជាតួអង្គសំខាន់ ដឹកនាំក្រុមហ៊ុន Alibaba អស់រយះពេល 20ឆ្នាំមកហើយ តាំងពីមានទុនតែ 60,000ដុល្លារ រហូតមកទល់ពេលនេះវាមានតម្លៃជាង 420ពាន់លានដុល្លារ។ Jack Ma បានលាលែងតំណែងជា CEO នៅឆ្នាំ 2013 ហើយបានប្រើតំណែងជាប្រធានក្រុមហ៊ុនគ្រប់គ្រង Alibaba រហូតដល់ខែកញ្ញា ឆ្នាំ 2019 ទើបលោក Daniel Zhang ឡើងមកកាន់តំណែងនេះម្តង។ មានន័យថាលោក Ma នៅដឹកនាំ Alibaba មួយឆ្នាំទៀត។
Jack Ma នឹងប្តូរទិសដៅរបស់ Alibaba ក្នុងការដណ្តើមទីផ្សារក្រៅពីទីផ្សារអាស៉ី ហើយហក់ចូលទៅក្នុងទីផ្សាររុស្សីបន្ថែមទៀត។ ការដឹកនាំបេសកកម្មនេះ នឹងធ្លាក់លើលោក Daniel Zhang និងមេដឹកនាំជាន់ខ្ពស់ 35នាក់ផ្សេងទៀតរបស់ Alibaba Group។

លោក Ma បាននិយាយនៅក្នុងថ្ងៃប្រកាសគ្រោងការលាលែងពីដំណែងរបស់គាត់នៅថ្ងៃនេះថា “ការចាប់ផ្តើមផ្ទេរអំណាចរបស់ Alibaba ទៅឲ្យលោក Daniel និងក្រុមការងាររបស់គាត់ គឺជាការសម្រេចចិត្តមួយដ៏ត្រឹមត្រូវ និងចំពេលវេលាល្អ ពីព្រោះខ្ញុំស្គាល់ពួកគេពីការធ្វើការងារជាមួយពួកគេ ថាពួកគេបានត្រៀមខ្លួនរួចហើយ”។
លោក Ma បានបន្តទៀតថា ចាប់តាំងពីលោក Daniel Zhang កាន់តំណែងជា CEO មក គាត់បានបង្ហាញនូវទេពកោសល្យដ៏ពិសេសរបស់គាត់ ភាពឆ្លាតវៃ និងការសម្រេចចិត្តក្នុងការដឹកនាំ៕
