ហាងកាហ្វេ Costa ដ៏ល្បីល្បាញនៅសឹង្ហបូរី នឹងត្រូវបញ្ឈប់ដំណើរការទាំងស្រុងនៅត្រឹមថ្ងៃទី ១៦ ខែកញ្ញាខាងមុខនេះ។ អស់រយ:ពេលត្រឹមតែ ៣ ខែ កន្លះ ហាងកាហ្វេ Costa បានបិទអស់ហាងកាហ្វេ ៦ ទៅហើយ ដែលហាងសរុបមានត្រឹមតែ ៨ ហាងតែប៉ុណ្ណោះ។ លើសពីនេះទៅទៀត ក្រុមហ៊ុនបានបញ្ជាក់ថាខ្លួននឹងបិទនូវហាងពីរចុងក្រោយនៅឯតំបន់ Holland និង តំបន់ Vivocity នៅថ្ងៃទី ៧ ខែកញ្ញា និងថ្ងៃទី ១៦ ខែកញ្ញាខាងមុខនេះ។
អ្នកនាំពាក្យក្រុមហ៊ុន កាហ្វេ Costa បានប្រាប់ដល់ សារពត៌មាន The Straits Times ថាការសម្រេចចិត្តបិទហាងគឺត្រូវបានធ្វើឡើងតាំងពីដើមឆ្នាំ ២០១៨ ដោយនាងមិនបានបរិយាយលម្អិតទៅលើមូលហេតុដែលក្រុមហ៊ុនបិទហាងនោះទេ។ បើទោះបីជាបានប្រកាសថាបិទហាងនៅក្នុងប្រទេសសឹង្ហបូរីក៏ពិតមែន តែក្រុមហ៊ុនមានការប្តេជ្ញាចិត្តយ៉ាងមោះមុត ក្នុងការរក្សានៅហាងរបស់ខ្លួនក្នុងតំបន់អាស៊ីអាគ្នេយ៍ឲ្យមានការរីកចម្រើន និងមានគម្រោងពង្រីកនូវម៉ាករបស់ខ្លួនតាមរយ:ការលក់សិទ្ធដំណើរការអាជីវកម្ម។ នៅថ្ងៃទី៣១ ខែសីហា ក្រុមហ៊ុន Whitbread បានលក់ ហាងកាហ្វេ Costa ឲ្យទៅ ក្រុមហ៊ុន Coca-Cola ក្នុងតម្លៃ 5.1 ពាន់លានដុល្លារអាមេរិច។ នៅល្ងាចថ្ងៃព្រហស្បតិ៍ក្រុមសារពត៌មាន The Straits Times បានទៅមើលហាងកាហ្វេ Costa នៅតំបន់ Holland ដោយពួកគេសង្កេតឃើញថា ទីតាំងទាំងពីរនោះវាហាក់បីដូចជាមានភាពស្ងប់ស្ងាត់ ដោយមានអតិថិជនមិនសូវជាច្រើននោះទេ។
នាយកគ្រប់គ្រងហាងលោក Shafie ដែលមានអាយុត្រឹមតែ 28 ឆ្នាំ បាននិយាយថា ជាទូទៅនៅពេលល្ងាចថ្ងៃព្រហស្បតិ៍ គឺមិនសូវមានអ្នកមកផឹកកាហ្វេនោះទេ ហើយលោកបានបន្ថែមទៀតថា ភាពស្ងប់ស្ងាត់នេះមិនមែនដោយសារការបិទទ្វាហាងនាពេលថ្មីៗនេះទេ។ ចំពោះការសម្រេចចិត្តបិទហាងកាហ្វេ Costa បានធ្វើឲ្យអ្នកដែលចូលចិត្តរស់ជាតិកាហ្វេ Costa មានការសោកស្តាយយ៉ាងខ្លាំង ដោយអ្នកខ្លះមិនចង់ឲ្យម៉ាកកាហ្វេនេះបាត់មុនពីប្រទេសរបស់ខ្លួនឡើយ។ គួរបញ្ជាក់ផងដែរថា Costa គ៏ជាហាងការហ្វេមួយដ៏ល្បីនៅលើពិភពលោក ហើយមានបុគ្គលិករស់រាយរាក់ទាក់ ប៉ុន្តែមិនសូវជោគជ័យនៅតំបន់អាស៊ីនោះទេ៕
