អត្តចរិត ៤ ដែលរាំងខ្ទប់អ្នកមិនឱ្យស្គាល់រសជាតិជោគជ័យ

2798

រហូតមកដល់ពេលនេះមានមនុស្សមិនតិចទេដែលនៅតែមានការភ័ន្តច្រឡំរវាងអ្វីទៅដែលហៅថា “ឥរិយាបថ” និងអ្វីទៅដែលហៅថា “អត្តចរិត” នៅឡើយ។ និយាយឱ្យសាមញ្ញ  “អត្តចរិត” គឺជាអ្វីដែលកើតមាននៅខាងក្នុងខ្លួនរបស់មនុស្សដូចជាការគិត ឫអារម្មណ៍ជាដើម។ ចំណែកឯ “ឥរិយាបថ ឫអាកប្បកិរិយា” គឺសម្តៅទៅលើសកម្មភាពខាងក្រៅដូចជា ការដេក ដើរ ឈរ អង្គុយ ។ល។ ពាក្យទាំងពីរនេះមានលក្ខណៈប្រទីងប្រទង់គ្នាដោយសារតែសកម្មភាពខាងក្រៅ ឫឥរិយាបថគឺបណ្ដាលមកពីលទ្ធផលនៃការគិត និងអារម្មណ៍ខាងក្នុងដែលនាំឱ្យគេអាចវាយតម្លៃបានថាមនុស្សម្នាក់អត្តចរិតដូចម្ដេច។ ផ្ទុយទៅវិញ គេមិនអាចកំណត់បានថាមនុស្សម្នាក់មានអត្តចរិតបែបណាទាំងស្រុងដោយសម្អាងទៅលើលទង្វើខាងក្រៅរបស់គេនោះទេ។

យ៉ាងណាក្តី ខ្ញុំសូមបញ្ចប់ការបកស្រាយអត្ថន័យនៃពាក្យទាំងពីរតែត្រឹមនេះ ដើម្បីនាំអារម្មណ៍មិត្តអ្នកអានឱ្យចូលមកប្រធានបទដែលលើកយកពីលក្ខណៈនៃអត្តចរិតអវិជ្ជមាន ៤ ដែលធ្វើឱ្យដំណើរជីវិត និងរបររកស៊ីរបស់អ្នកចាក់ឫសចាក់គល់មួយកន្លែង មិនអាចបន្តទៅមុខបាន។

១. ភាពប្រងើយកន្តើយ

ខ្ញុំធ្លាប់ឭមនុស្សមួយចំនួនដែលទទួលបានជោគជ័យលើរឿងអ្វីមួយហើយចូលចិត្តនិយាយថា “អត់ខ្វល់ សំខាន់ខ្ញុំឈ្នះហើយ”។ ពាក្យនេះស្ដាប់ទៅហាក់បីដូចជាគេនឹងគ្មានអ្វីមករារាំងទៀតទេ ឫអ្វីៗដែលគេចង់បានគឺស្ថិតក្នុងកណ្ដាប់ដៃរបស់ពួកគេអស់ហើយអញ្ចឹង។ ប៉ុន្តែ ជីវិត គឺមិនអាចនិយាយថាមិនខ្វល់បានទេ ជាពិសេសបើអ្នកជាអ្នកជំនួញ ឫមានមុខរបររកស៊ីដែលមានគូរប្រជែងច្រើន បើអ្នកមិនចេះខ្វល់ខ្វាយ វាស្មើរនិងអ្នកមិនបានគិត ហើយរឹតតែបានត្រៀមទុកជាមុនសម្រាប់អ្វីដែលអាចននិងកើតឡើងនៅពេលបន្ទាប់ទៅទៀត។ ការដែលមិនចេះបារម្ភ គឺកត្តាដែលនាំមកនូវបរាជ័យដល់អ្នកយ៉ាងងាយស្រួល។ ដូច្នេះ ដើម្បីរក្សាភាពជោគជ័យឱ្យបានយូរ អ្នកគួរតែចេះខ្វល់ ចេះគិត និងរៀបចំត្រៀមទុកមុនជានិច្ច។

២. ចូលចិត្តអូសបន្លាយ

ការអូសបន្លាយពេលក៏ជាឥទ្ធិពលអវិជ្ជមានមួយដែលធ្វើឱ្យការរកស៊ីរបស់អ្នកមិនអាចអភិវឌ្ឍទៅមុខបាន។ ការពន្យាពេលកើតឡើងនៅពេលដែលអ្នកបានគិតនិងត្រៀមចិត្តរួចរាល់ហើយថា អ្នកនឹងបញ្ចេញឱ្យអស់ពីសមត្ថភាពរបស់អ្នកដើម្បីសម្រេចផែនការនៅថ្ងៃនេះ ប៉ុន្តែ មួយសន្ទុះក្រោយមកអ្នកបែរជាបង្អង់ពេលទៅធ្វើរឿងផ្សេងទៅវិញ។ ដូចជាស្ថាបនិក Apple ធ្លាប់បានលើកឡើងថា អ្នកអាចពន្យាពេលធ្វើអ្វីមួយ តែពេលវេលាមិនចាំអ្នកទេឫអ្នកត្រូវចាប់ផ្តើមវាភ្លាមៗបន្ទាប់ពីគិតរួចតាមសម្តីរបស់ Mark Twain ពោលថា រឿងសម្ងាត់ក្នុងការនាំមុខគេគឺត្រូវចាប់ពីឥឡូវ

៣. ខ្លាចបញ្ហា

បញ្ហា គឺជាផ្នែកមួយនៃជីវិតដែលគ្មានមនុស្សរស់ណាអាចគេផុតទេ។ ប្រសិនបើក្រឡេកមើលបុគ្គលជោគជ័យ និងសហគ្រិនកំពូលៗ នោះអ្នកនឹងឃើញថា ពួកគេជាមនុស្សដែលមិនខ្លាចប្រឈមមុខនិងឧបសគ្គធំៗដែលបានព្យាយាមរាំងស្ទះជំហ៊ានជោគជ័យរបស់ពួកគេឡើយ។ បញ្ហាកាន់តែធំ ពួកគេខំកាន់តែខ្លាំង ពីព្រោះពួកគេដឹងច្បាស់ថា រាល់ឧបសគ្គដែលពួកគេជួបទាំងឡាយនឹងនាំពួកគេទៅឆ្ពោះទៅរកជ័យជម្នះដ៏ត្រចះត្រចង់ដែលអ្នកដទៃពិបាកនិងធ្វើបាន។  អ្នកក៏ដូចគ្នា។ បើអ្នកចង់ជោគជ័យ កុំខ្លាចនិងតតាំងជាមួយបញ្ហា។

៤. លោភហួសសមត្ថភាព

ចំណុចនេះក៏ជាផ្នែកសំខាន់មួយដែលនាំឱ្យបរាជ័យផងដែរ ព្រោះបើសិនជាទទួលធ្វើរឿងច្រើនហួសពីសមត្ថភាព មិនអាចស្មានដឹងថាលទ្ធផលនឹងទៅជាយ៉ាងណា ឫគ្មានគោលដៅច្បាស់លាស់ក្នុងការធ្វើវា។ អ្នកប្រហែលជាធ្លាប់គិតឃើញរឿងជាច្រើនដែលត្រូវធ្វើក្នុងពេលតែមួយ ឫត្រូវចៅហ្វាយនាយប្រគល់កិច្ចការមួយគំនរឱ្យបំពេញ តែមិនដឹងថាត្រូវចាប់ផ្តើមកាងារណាមុន នោះស្មើនិងអ្នកទទួលរឿងច្រើនពេកទាំងមិនដឹងផងថាធ្វើទៅដើម្បីអ្វី ហើយចុងក្រោយអ្នកក៏បញ្ចប់វាដោយគ្មានលទ្ធផលអីបន្តិចសោះ។

សរុបមកវិញ ភាពសោះអង្គើយ ការអូសបន្លាយពេលវេលា សេចក្តីភ័យខ្លាចនិងជួបគ្រោះ ព្រមទាំងភាពលោភលន់ចង់បានហួសពីសមត្ថភាពពេក គឺជាអត្តចរិតដែលនាំធ្វើអ្នកនៅហ្នឹងថ្កល់មួយកន្លែង មិនអាចភ្លក់រសជាតិនៃភាពជោគជ័យក្នុថជីវិតឡើយ៕

ផ្ទាំងឃោសនាពាណិជ្ជកម្ម
សួស្តី! ខ្ញុំគឺជាអ្នកសរសេរអត្ថបទឱ្យ Apamat.com និងប្រែសម្រួលអត្ថបទណាទាក់ទងនិងអ្នកជំនួញល្បីៗ ជាពិសេសរបៀបក្នុងការសម្រេចជោគជ័យ ព្រមទាំងបទពិសោធន៍បរាជ័យរបស់ពួកគេ។ សម្រាប់ទស្សនៈខ្ញុំផ្ទាល់ ខ្ញុំយល់ថា ការធ្វើអាជីវកម្មគឺជាថ្នាំដ៏ស័ក្តិសិទ្ធិមួយដែលអាចកែប្រែទំនាស់ផលប្រយោជន៍រវាងមនុស្សនិងមនុស្ស។ សូមអរគុណចំពោះចំណាប់អារម្មណ៍ និងពេលវេលាដ៏មានតម្លៃរបស់អ្នកក្នុងការអានអត្ថបទរបស់ខ្ញុំ៕