ក្រុមហ៊ុន Alibaba វាយលុកទីផ្សាររុស្សីទ្វេដង ដោយវិនិយោគរួមគ្នាជាមួយក្រុមហ៊ុនឈានមុខគេរបស់រុស្សី

1700

Alibaba កំពុងតែចូលវាយលុកទីផ្សារប្រទេសរុស្សីទ្វេរដង បន្ទាប់ពីក្រុមហ៊ុនពាណិជ្ជកម្មអនឡាញរបស់ចិនដ៏ធំមួយនេះ បានចាប់ផ្តើមការវិនិយោគរួមគ្នាដែលមានតម្លៃប្រហែល 2 ពាន់លានដុល្លារ ជាមួយក្រុមហ៊ុនអ៊ិនធឺណិតឈានមុខគេមួយរបស់ប្រទេសរុស្សី។

 

ប្រទេសរុស្សីមានអ្នកប្រើប្រាស់អ៉ីនធើណិតច្រើនជាង 70លាននាក់ ស្មើរនឹងពាក់កណ្តាលនៃចំនួនប្រជាជនសរុប ដោយមិនទាន់រាប់បញ្ចូលប្រទេសដែលនិយាយភាសារុស្សីនៅជិតៗនោះនៅឡើយ។ ដើម្បីធ្វើឲ្យគម្រោងនេះជោគជ័យ Alibaba នឹងប្រើយុទ្ធសាស្ត្រធ្វើយ៉ាងណាឲ្យប្រជាជនរុស្សីមានទូរស័ព្ទដៃទំនើបប្រើកាន់តែច្រើន ដូច្នេះពួកគេនឹងអាចប្រើអ៉ីនធើណិតកាន់តែច្រើន ហើយបន្ទាប់មក Alibaba នឹងទាញប្រយោជន៍ពីវា។

ក្រុមហ៊ុនរុស្សី Mail.ru ដែលជាក្រុមហ៊ុនផ្តល់សេវាអ៉ីនធើណិតរាប់បញ្ចូលទាំង បណ្តាញសង្គម កម្មវិធីផ្ញើសារ និងសេវាដឹកជញ្ជូន។ Mail.ru មានអ្នកប្រើប្រាស់សេវារបស់ខ្លួនចំនួន 100លាននាក់ ហើយបានវិនិយោគរួមគ្នាជាមួយ Alibaba លើការនាំយក AliExpress ចូលក្នុងប្រទេសរុស្សី។ ការវិនិយោគរួមគ្នានេះក៏មានការចូលរួមពីក្រុមហ៊ុនរបស់រុស្សី MegaFon ជាក្រុមហ៊ុនទូរគមនាគមន៍ និងមូនិធិវិនិយោគដោយផ្ទាល់របស់រុស្សី (RDIF) ផងដែរ។

Alibaba បានបើកសេវា AliExpress របស់ខ្លួនក្នុងប្រទេសរុស្សីអស់រយៈពេលប៉ុន្មានឆ្នាំមកហើយ ហើយ Alibaba កាន់កាប់ភាគហ៊ុន 48% ក្នុងជំនួញនេះ ក្រុមហ៊ុន MegaFon កាន់កាប់ 24% ក្រុមហ៊ុន Mail.ru កាន់កាប់ 15% និង 13% ទៀតកាន់កាប់ដោយមូនិធិវិនិយោគដោយផ្ទាល់របស់រុស្សី (RDIF)។ 

សូមរំលឹកដែលថា ក្រុមហ៊ុន MegaFon បានទិញយកភាគហ៊ុន 15.2% របស់ក្រុមហ៊ុន Mail.ru ក្នុងតម្លៃ 740លានដុល្លារកាលពីខែកុម្ភៈ ឆ្នាំ 2017។ 

យុទ្ធសាស្ត្រនេះ នឹងច្របាច់បញ្ជូលគ្នារវាងអតិថិជនរបស់ Mail.ru ជាមួយ AliExpress នៅទីផ្សាររុស្សី។ មានន័យថា អតិថិជនជាជនជាតិរុស្សី អាចបញ្ជាទិញទំនិញពីរោងចក្រប្រទេសចិនតាម AliExpress ហើយក៏អាចទិញពីទីផ្សារបរទេសផ្សេងទៀតដែលមានវត្តមានការវិនិយោគរបស់ Alibaba ដូចជាអាស៉ីអាគ្នេយ៍ ឥណ្ឌា តួរគី និងទីផ្សារមួយផ្នែកនៅអឺរ៉ុបដែល Alibaba ទើបតែចូលបោះទីតាំងផងដែរ។ 

កិច្ចព្រមព្រៀងជាមួយរុស្ស៊ីនេះ បានកើតឡើងមួយថ្ងៃបន្ទាប់ពីសហស្ថាបនិក និងជាប្រធានក្រុមហ៊ុន Alibaba គឺលោក Jack Ma បានប្រកាសពីផែនការចុះចេញពីតំណែងនៅឆ្នាំក្រោយ។ នាយកប្រតិបត្តិបច្ចុប្បន្នលោក Daniel Zhang នឹងជំនួសលោក Ma ក្នុងតំណែងជាប្រធានក្រុមហ៊ុន នេះមានន័យថាក្រុមហ៊ុន Alibaba នឹងត្រូវតែងតាំងនាយកប្រតិបត្តិថ្មី៕

ផ្ទាំងឃោសនាពាណិជ្ជកម្ម
ខ្ញុំគឺជាអ្នកសរសេរអត្ថបទ និងអ្នកទីផ្សារឲ្យគេហទំព័រ apamat.com ហើយខ្ញុំក៏កំពុងធ្វើការជាអ្នកទីផ្សារឲ្យក្រុមហ៊ុនផ្សេងទៀតផងដែរ។ ខ្ញុំចូលចិត្តចែករំលែក ហើយខ្ញុំមកទីនេះគឺដោយសារខ្ញុំចង់ចែករំលែកអ្វីដែលខ្ញុំដឹងអំពីការធ្វើជំនួញ ជាមួយអ្នក។