តិចនិចចេញរកស៉ី សម្រាប់និស្សិតកំពុងសិក្សាជំនាញ IT

2675

រលកនៃការចេញប្រឡូកក្នុងពិភពរកស៉ីនៅកម្ពុជា កំពុងតែមានសញ្ញាហក់ឡើងជាកំហុកក្នុងរយៈពេលប៉ុន្មានឆ្នាំចុងក្រោយនេះ ហើយយុវវ័យគឺជាក្រុមមនុស្សដែលប្រឡូកក្នុងវិស័យបង្កើតថ្មីច្រើនជាងគេ។ ថ្ងៃនេះ apamat.com នឹងលើកយកតិចនិចល្អៗសម្រាប់សិស្ស និស្សិតដែលកំពុងសិក្សាជំនាញ IT ឬក៏អ្នកដែលបានបញ្ចប់ការសិក្សារក្នុងជំនាញនេះ និងជំនាញដែលស្រដៀងគ្នាជាច្រើនទៀត យកមកគិតគូពិចារណា ប្រសិនចង់ប្រឡូកក្នុងពិភពរកស៉ីដ៏ប្រកួតប្រជែងមួយនេះ។

 

ការប្រឡូកក្នុងការរកស៉ីទាំងកំពុងសិក្សានៅសកលវិទ្យាល័យ គឺជារឿងល្អមួយក្នុងការហ៊ានម្ចាស់ការលើខ្លួនឯង ហ៊ានប្រឈមមុខលើបញ្ហានានានៅក្នុងសង្គម និងរឿងមួយទៀតគឺការអនុវត្តន៍ជាក់ស្តែងពីលើអ្វីដែលបានរៀននៅសាលា។ ប៉ុន្តែវាពិបាកបន្តិចសម្រាប់សិស្ស និស្សិតដែលមិនមានគ្រួសារទំនុកបម្រុងខ្ពស់លើថ្លៃសិក្សា និងចំណាយផ្សេងៗ ដោយជ្រើសរើសវិធីធ្វើការផង រៀនផង ជាជាងជីវិតរៀនផង រកស៉ីផង។ ចំពោះខ្ញុំយល់ថា ជម្រើសទាំងពីរនេះ បានលទ្ធផលមិនលើសគ្នាប៉ុន្មានឡើយ តែវាអស្រ័យលើការតស៊ូ ព្យាយាមដើម្បីសម្រេចគោលដៅរបស់យើងឯណោះទេ។

ប្រសិនបើអ្នកមានសមត្ថភាព និងលទ្ធភាពក្នុងការសាកល្បងតិចនិចទាំងនេះ អ្នកអាចយកវាមកសាកគិតមើលបាន ប្រសិនបើអ្នកចង់…។ តាមពិតទៅនៅមានជំនាញផ្សេងទៀតក្រៅពីជំនាញ IT  ដែលអាចប្រើតិចនិចនេះបាន ប៉ុន្តែខ្ញុំសូមលើកយកតែមួយនេះជាគម្រូសម្រាប់ឲ្យអ្នកបានយល់ពីតិចនិចដែលខ្ញុំចង់និយាយ។

សម្រាប់សិស្សកំពុងរៀនជំនាញ IT សំដៅលើផ្នែករចនាគេហទំព័រ អ្នកអាចរកចំណូលបានទាំងនៅជាសិស្ស តាមរយៈវិធីធ្វើនំអត់ម្សៅ តែត្រូវលះបង់ពេលវេលា និងកម្លាំងដើម្បីធ្វើវា។ វាគឺជាការផ្តល់សេវាកម្មរចនាគេហទំព័រនានា តាមលទ្ធភាពដែលអ្នកចេះ។ ជាដំបូងអ្នកអាចចាប់ផ្តើមដោយប្រើជំនាញទំនាក់ទំនង ដើម្បីស្វែងរកអតិថិជនដំបូង ហើយដើម្បីបានលឿន អ្នកត្រូវប្រើវិធីផ្តល់លុយទឹកតែដល់អ្នកណាដែលជួយលក់សេវាកម្មឲ្យអ្នក។ ឧទាហរណ៍ថាអ្នក ឲ្យលុយទឹកតែ(commssion) ចំនួន 10-30%នៃតម្លៃសេវាកម្ម  ដល់មនុស្សដែលអ្នកស្គាល់ ប្រសិនបើពួកគេអាចរកអតិថិជនឲ្យអ្នកបាន។ Concept នេះគឺសំដៅលើការប្រើទំនាក់ទំនងជាយុទ្ធសាស្ត្រទីផ្សារ ហើយនៅពេលដែលមានអ្នកទិញសេវារបស់អ្នក អ្នកអាចគិតលុយពីអតិថិជននោះជាដំណាក់កាល ដូចជាដំបូងត្រូវបង់ 10% ពេលសម្រេចគម្រោងបានពាក់កណ្តាលត្រូវបង់ 50% ទៀត ហើយនៅពេលចប់ត្រូវបង់ 30%ទៀត ជាដើម។

បន្ទាប់ពីសម្រេចគម្រោងទីមួយជោគជ័យហើយ វាគឺជាស្នាដៃមួយសម្រាប់អ្នកយកទៅបង្ហាញអតិថិជនទីពីរ ថាទឹកដៃរបស់អ្នកអាចឲ្យពួកគេជឿជាក់បានឬអត់ នេះជាយុទ្ធសាស្ត្រមួយទៀតក្នុងការធ្វើទីផ្សារ ហើយដើម្បីឲ្យអតិថិជនជឿជាក់ខ្ពស់ អ្នកត្រូវមានគេហទំព័រផ្ទាល់ខ្លួន ហើយដាក់បង្ហាញស្នាដៃរបស់អ្នកឲ្យគេមើល។ នៅពេលសម្រេចគម្រោងទីពីរ អ្នកត្រូវធ្វើបែបនេះជាបន្តបន្ទាប់ទៀត។

បញ្ហានោះគឺត្រង់ថា តើត្រូវជំនះជំហានដំបូងដោយរបៀបណា ដើម្បីឲ្យមានគេស្គាល់អ្នក និងជឿជាក់ទិញសេវារបស់អ្នក។ សម្រាប់ដំណោះស្រាយនោះគឺត្រូវពឹងលើការធ្វើទីផ្សារ។ ប្រសិនបើអ្នកមិនចេះ អ្នកអាចធ្វើការស្រាវជ្រាវដោយខ្លួនឯងអំពីការធ្វើទីផ្សារ ឬសុំយោបល់ពីមនុស្សពូកែៗក្នុងជំនាញនេះ ឬសុំការណែនាំពីអ្នកដែលមានបទពិសោធន៍មុនអ្នក។ ប្រសិនបើអ្នកជំនះជំហានដំបូងនេះបាន ឱកាសក្នុងការរីកលូតលាស់ពីបាតដៃទទេរ ក្លាយទៅជាអាជីវកម្មស្តង់ដារមួយគឺមានច្រើន ឲ្យតែអ្នកបន្តការព្យាយាម។ តែបើអ្នកមិនអាចធ្វើវាបានទាំងស្រុង អ្នកអាចរៀនតាមការទទួលសេវាកម្មតពីអ្នកដែលពូកែជាងអ្នក ឧទាហរណ៍ថាក្រុមរចនាគហទំព័រជោគជ័យមួយដែលមានអ្នកទិញសេវារបស់ពួកគេច្រើន ដូច្នេះអ្នកអាចទទួលគម្រោងតពីពួកគេក្នុងតម្លៃចចារណាមួយ។

បន្ទាប់ពីជោគជ័យជាបន្តបន្ទាប់ហើយ អ្នកប្រាកដជាមិនមានពេលបញ្ចប់គម្រោងទាន់ពេលឲ្យអតិថិជនទេ ដូច្នេះវាក៏ដល់ពេលដែលអ្នកត្រូវស្វែងរកដៃគូបង្កើតជាក្រុមដ៏ខ្លាំងមួយ។ នៅពេលដែលអ្នកមានក្រុមហើយ ប្រតិបត្តិការរបស់អ្នកក៏ត្រូវតែធ្វើឲ្យកាន់តែធំដូចគ្នា តាមរយៈការបន្ថែមមុខងារធ្វើទីផ្សារ ការបង្កើនសេវាកម្ម ដើម្បីបង្កើនចំណូលឲ្យកាន់តែច្រើនថែមទៀត។ ប្រសិនបើអ្នកមានឆន្ទះក្នុងការធ្វើឲ្យវាក្លាយជាក្រុមហ៊ុនធំមួយ ហើយប្រសិនបើអ្នកមានលទ្ធភាព បន្ទាប់មកអ្នកត្រូវស្វែងរកដៃគូខ្លាំងមកចូលក្រុម ហើយពួកគេត្រូវចូលមកទទួលខុសត្រូវលើផ្នែកគ្រប់គ្រងហិរញ្ញវត្ថុ ផ្នែកទីផ្សារ ផ្នែកគ្រប់គ្រងទូទៅ និងផ្នែកអភិវឌ្ឍគម្រោងជាដើម។

ទោះបីជាអ្នកចាប់ផ្តើមដោយពិបាកយ៉ាងណាក៏ដោយ អ្នកគួរតែជឿជាក់លើគោលដៅ និងសមត្ថភាពខ្លួនឯង និងគិតវិជ្ជមានឲ្យបានច្រើនចំពោះអ្វីដែលអ្នកកំពុងធ្វើ។ ចំពោះតិចនិចដែលខ្ញុំលើកយកមកចែករំលែកអ្នកនេះ ទោះជាបរាជ័យ ក៏វាមិនបង្កការខាតបង់ធ្ងន់ធ្ងរនោះដែរ ហើយអ្នកគួរតែចាប់ផ្តើមរៀនសូត្រពីវាជាក់ស្តែង ជាជាងពូកែតែនៅក្នុងថ្នាក់រៀន។

ចំពោះតិចនិចល្អៗជាច្រើនទៀត ដូចជារបៀបបង្កើតក្រុម របៀបធ្វើទីផ្សារ របៀបសរសេរគម្រោងទីផ្សារ របៀបបែងចែកភាគលាភនៅពេលអ្នកបង្កើតក្រុម… អ្នកអាចរកមើលបាននៅលើគេហទំព័រ apamat.com៕

ផ្ទាំងឃោសនាពាណិជ្ជកម្ម
ខ្ញុំគឺជាអ្នកសរសេរអត្ថបទ និងអ្នកទីផ្សារឲ្យគេហទំព័រ apamat.com ហើយខ្ញុំក៏កំពុងធ្វើការជាអ្នកទីផ្សារឲ្យក្រុមហ៊ុនផ្សេងទៀតផងដែរ។ ខ្ញុំចូលចិត្តចែករំលែក ហើយខ្ញុំមកទីនេះគឺដោយសារខ្ញុំចង់ចែករំលែកអ្វីដែលខ្ញុំដឹងអំពីការធ្វើជំនួញ ជាមួយអ្នក។